អបអរសាទរទៅដល់ប្រជាជនដែលបានរស់នៅក្នុងខេត្តកោះកុងនិងខេត្តស្វាយរៀង ខណៈខេត្ដទាំង២ នេះទទួលបានគម្រោងវិនិយោគថ្មីៗ ដែលមានទុនវិនិយោគសរុបជាង ៦លានដុល្លារ និងអាចបង្កើតឱកាសការងារជាច្រើនកន្លែងជូនពលរដ្ឋនៅក្នុងតំបន់ផងដែរ។ ដោយក្នុងនោះរួមមាន៖
១.ខេត្តកោះកុង
គម្រោងវិនិយោគបង្កើតរោងចក្រផលិតក្តារបន្ទះស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង ក្នុងទំហំទុនវិនិយោគ ៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៩៦កន្លែង។

២.ខេត្តស្វាយរៀង
គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃសំណប៉ាហាំង (បន្ទះ ឬខ្សែសំណប៉ាហាំង ទឹកថ្នាំសម្អាត ក្រមួនផ្សារ និងផ្លាំងកូត...) ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ហ័្វរសុន ហ្គីហ្គា ក្នុងទំហំទុនវិនិយោគ ២,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២៨២កន្លែង។

គូសបញ្ជាក់ថា កាលពីកន្លងទៅបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា ក្នុងខែមករា ឆ្នាំ២០២៦ នេះ ការចុះបញ្ជីគម្រោងវិនិយោគមានការថយចុះចំនួន ២៥គម្រោង ស្មើនឹងប្រមាណ ៣៧% ខណៈទំហំទុន វិនិយោគមានការកើនឡើងប្រមាណ ៣,៤លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ០,៤៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ យ៉ាងណាមិញ ជាការកត់សម្គាល់ក្នុងខែមករា ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគ កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគធំៗមួយចំនួនដូចជា គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន ៣តំបន់ ក្នុងទំហំទុនវិនិយោគដល់ទៅ ២៦០លានដុល្លារអាម៉េរិក និងគម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិត អគ្គិសនីដើរដោយថាមពលខ្យល់ អានុភាព ១៥០មេហ្គាវ៉ាត់ ក្នុងទំហំទុនវិនិយោគប្រមាណ ២០០លានដុល្លារ អាមេរិក៕


