មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថាមានក្រុមហ៊ុនមកពីក្រៅប្រទេសជាច្រើនបានសម្លឹងមកបោះទុនបង្កើតរោងចក្រនៅកម្ពុជាជាច្រើនទីតាំង ហើយនេះពិតជាដំណឹងល្អខ្លាំងមែនទែនសម្រាប់ប្រជាជនយើងនៅពេលដែលមានរោងចក្រកាន់តែច្រើនឱកាសការងារសម្រាប់ពលរដ្ឋយើងក៏កាន់តែសម្បូរដែរ។ ជាក់ស្តែងកាលនៅឆាប់ៗខាងមុខនេះ រោងចក្រចំនួន២ នឹងលេចរូបរាងឡើងជាផ្លូវការនៅក្នុងខេត្តព្រះសីហនុហើយ។
ជាក់ស្តែងកាលពី ព្រឹកថ្ងៃទី១៩ ខែឧសភា ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានអនុគណៈកម្មាធិការវិនិយោគខេត្ត បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគខេត្ត ដើម្បីពិនិត្យ និងសម្រេចអនុម័តលើសំណើសុំបង្កើតរោងចក្រចំនួន ០២គម្រោង៖
១.រោងចក្រផលិតសម្ភារឧបករណ៍ប្រើប្រាស់គ្រឿងសំណង់ (ប៉ែល ចបជីក ចបកាប់ ផ្លែរនាស់ ដង្កៀប ធ្វើអំពីដែក) របស់ក្រុមហ៊ុន BEST CHOICE TOOLS CO., LTD. មានទីតាំងស្ថិតនៅអគារលេខ២ និងអគារលេខ៣ ភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
២.រោងចក្រផលិតសម្ភារប្រើប្រាស់ធ្វើពីផ្លាស្ទិក (ដងប៉ែល ដងចបកាប់ និងដងរនាស់) របស់ក្រុមហ៊ុន SOARING COMFORT TOOLS CO.,LTD. មានទីតាំងស្ថិតនៅអគារលេខ១ ភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

គួរជម្រាបថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគសរុបដែលត្រូវបានចុះបញ្ជីនៅកម្ពុជា ទាំងការចុះបញ្ជី ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ទាំងការចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត (អ.គ.វ.រ.ខ.) មានចំនួន ១៤៦គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ២,៥ប៊ីលានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៨២ពាន់កន្លែង៕



