កាលពីកន្លងទៅ នៅពេលក្រុមហ៊ុនយក្សបច្ចេកវិទ្យា Apple បានបញ្ចេញ iPhone 17 Pro Max ពណ៌ទឹកក្រូច គឺពិតជាផ្ទុះខ្លាំងនឹងមានការពេញនិយមខ្លាំងមែនទែនទូទាំងពិភពលោក។ ហើយនៅក្នុងឆ្នាំថ្មីនេះក៏បែកធ្លាកដំណឹងថាក្រុមហ៊ុន Apple អាចនឹងចេញ iPhone 18 Pro រហូតដល់ទៅ ៤ពណ៌ តែម្តងដូច្នេះបងប្អូនដែលជាហ្វេនរបស់ iPhone អាចត្រៀមលុយទិញបណ្តើរៗឱ្យហើយទៅ។ នេះបើយោងតាមការចុះផ្សាយដោយ MacRumors ។
ប្រភពខាងលើបានឱ្យដឹងថា ពាក្យចចាមអារ៉ាមអំពីពណ៌របស់ iPhone 18 Pro កាន់តែមានការចាប់អារម្មណ៍ខ្លាំងឡើងៗ ប៉ុន្តែបើយោងទៅតាមព័ត៌មានលេចធ្លាយថ្មីមួយ យើងប្រហែលជាអាចមើលឃើញរូបរាងដំបូងនៃជម្រើសពណ៌ថ្មីទាំងនោះរហូតដល់ទៅ ៤ពណ៌ផ្សេងៗគ្នាដោយមានដូចជា៖
· ពណ៌ប្រាក់ (Silver)
· ពណ៌ខៀវខ្ចី (Light Blue)
· ពណ៌ឈើរីក្រម៉ៅ (Dark Cherry)
· ពណ៌ប្រផេះចាស់ (Dark Gray)

អ្នកបច្ចេកវិទ្យារំពឹងថា iPhone 18 Pro នឹងក្លាយជាទូរសព្ទដំបូងគេដែលប្រើប្រាស់បន្ទះឈីប A20 ដែលផលិតតាមបច្ចេកវិទ្យា 2nm របស់ក្រុមហ៊ុន TSMC។ បន្ទះឈីបនេះមិនត្រឹមតែផ្តល់ល្បឿនលឿនជាងមុនខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយសន្សំសំចៃថ្មបានកាន់តែប្រសើរ និងគាំទ្រមុខងារ AI ទំនើបៗដែល Apple កំពុងអភិវឌ្ឍ។ គួរជម្រាបថា នេះគ្រាន់តែជាព័ត៌មានបឋមដែលទទួលបានពីប្រភពបែកធ្លាយ និងអ្នកវិភាគប៉ុណ្ណោះក្រុមហ៊ុន Apple មិនទាន់មានការបញ្ជាក់ជាផ្លូវការណាមួយនៅឡើយទេ។

សម្រាប់បងប្អូនដែលជាហ្វេនរបស់ Apple នៅពេលដែលអានអត្ថបទនេះចប់តើ iPhone 18 Pro ពណ៌មួយណាដែរ ដែលបងប្អូនស្រលាញ់បើរើសពណ៌ត្រូវចិត្តហើយអាចត្រៀមលុយទិញឱ្យហើយ ខណៈ iPhone 18 នេះអាចនឹងចេញលក់ជាផ្លូវការក្នុងខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះហើយ៕


