ជាទូទៅពន្ធអាករនៅលើតម្លៃបន្ថែម គឺជាប្រភេទពន្ឋប្រយោលដែលរាជរដ្ឋាភិបាលកំណត់លើទំនិញ ឬសេវាដែលយើងប្រើប្រាស់រាល់ថ្ងៃ ហើយពន្ធអាករលើតម្លៃបន្ថែមនេះទៀតសោតត្រូវបានកំណត់ ១០ភាគរយលើតម្លៃជាប់អាករនៃការផ្គត់ផ្គង់ជាប់អាករនីមួយៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែ ក្នុងនោះក៏មានការផ្គង់ផ្គង់ និងសេវាកម្មមួយចំនួនមិនបានជាប់ពន្ធអាករដែរ រួមមាន ៖
១. សេវាសិក្សាអប់រំ
២. សេវាប្រៃសណីយ៍សាធារណៈ
៣. សេវារបស់មន្ទីរពេទ្យនិងគ្លីនិក សេវាខាងវេជ្ជសាស្ត្រ និងការលក់ទំនិញបន្ទាប់បន្សំខាងវេជ្ជសាស្ត្រនិងទន្តសាស្ត្រដែលទាក់ទិននឹងការ បំពេញសេវាទាំងនេះ
៤. សេវាដឹកជញ្ជូនអ្នកដំណើរដោយប្រព័ន្ធដឹកជញ្ជូនសាធារណៈ ដែលជាកម្មសិទ្ធិទាំងស្រុងរបស់រដ្ឋ
៥. សេវាធានារ៉ាប់រង
៦. ការផ្គត់ផ្គង់ថាមពលអគ្គិសនីនិងការផ្គត់ផ្គង់ទឹកស្អាត
៧. ផលិតផលកសិកម្មមិនទាន់កែច្នៃផលិតក្នុងស្រុក
៨. សេវាប្រមូលសំរាមនិងកាកសំណល់រឹងឬរាវ
៩. សេវាជាមូលដ្ឋានខាងហិរញ្ញវត្ថុដែលត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
១០. ការនាំចូលសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនដែលរួចពន្ធគយក្នុងកម្រិតតម្លៃដែលត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងហិរញ្ញវត្ថុ។
១១. សកម្មភាពមិនស្វែងរកប្រាក់ចំណេញដើម្បីបម្រើផលប្រយោជន៍សាធារណៈ ដែលបានទទួលស្គាល់ដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច
គួរជម្រាបថា បន្ថែមពីនេះ ដើម្បីលើកកម្ពស់សកម្មភាពកសិកម្ម និងសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត អាករលើតម្លៃបន្ថែមចំពោះផលិតផលមួយចំនួនដែលធ្វើការផ្គត់ផ្គង់ក្នុងស្រុកត្រូវបានចាត់ទុកជាបន្ទុករដ្ឋ ដែលជាអាទិ៍មាន សាច់និងស៊ុត សត្វចិញ្ចឹមគ្រប់ប្រភេទ ត្រីទឹកសាបនិងទឹកប្រៃគ្រប់ប្រភេទ ស្ករ អំបិល ទឹកត្រីនិងទឹកស៊ីអីវគ្រប់ប្រភេទ ព្រមទាំងអនុគ្រោះអាករលើតម្លៃបន្ថែម ជាបន្ទុករដ្ឋលើការនាំចូលនិងផ្គត់ផ្គង់ទំនិញមួយចំនួន រួមមាន ជីគ្រប់ប្រភេទ ពូជដំណាំគ្រប់ប្រភេទ បសុឱសថ ចំណីសត្វ ពូជសត្វ គ្រឿងយន្ត និងឧបករណ៍កសិកម្មគ្រប់ប្រភេទ៕