ជាទូទៅពេលរៀបការហើយ ភាគច្រើនគឺតែងសល់លុយបន្តិចបន្តួច ដែលជាចំណងដៃពីភ្ញៀវក្រោយគិតគូផាត់លើការចំណាយរៀបចំកម្មវិធី។ ចុះបើសល់លុយខ្ទង់១០,០០០ដុល្លារ គូស្វាមីភរិយាថ្មីថ្មោង គួរបង់រំលោះផ្ទះ ឬយកធ្វើអ្វីទើបជាការប្រសើរ? នេះគឺជាសំណួរដ៏រសើបមួយ។
យោងតាមសម្តីរបស់មហាសេដ្ឋី Warren Buffett ថ្លែងក្នុងកិច្ចសម្ភាសន៍មួយគាត់បាននិយាយអំពីការសម្រេចចិត្តមួយក្រោយពេលគាត់រៀបការ ជូនទៅយុវជនជំនាន់ក្រោយបន្ទាប់ពីអំឡុងពេលរៀបការរួច បើសល់លុយគួរសម្រេចចិត្តយកលុយនោះទៅរកស៊ីឬវិនិយោគសិន កុំទាន់ទិញផ្ទះឲ្យសោះ។
តាមការបញ្ជាក់សាច់រឿងពិតរបស់ស្តេចវិនិយោគិនចាស់វស្សារូបនេះបានប្រាប់ក្នុងកិច្ចសម្ភាសន៍នោះថា ក្រោយពេលរៀបការរួចគឺបានសល់លុយចំនួន១ម៉ឺនដុល្លារ បន្ទាប់មកលោកក៏បានពិភាក្សាជាមួយភរិយាថា៖ «បើសិនជាអូនយកលុយនេះទៅទិញផ្ទះ នោះយើងពុំសល់លុយដើម្បីបង្កើតលុយទេ តែបើទុកលុយ១ម៉ឺនដុល្លារនេះ បងគិតថាអាចនឹងកើតកូនកើតចៅបាន ហើយរយៈពេល ៣ទៅ៥ឆ្នាំទៀតបងអាចនឹងទិញបានផ្ទះធំជាងបច្ចុប្បន្នជូនអូនណ៎ា»។
ភ្លាមនោះប្រពន្ធក៏បានយល់ព្រមទុកលុយនោះនៅនឹងប្តី លោក Warren buffet ក៏បានយកលុយនោះទៅរកស៊ីផង វិនិយោគផង មិនយូរប៉ុន្មានលុយគាត់ក៏អាចកើតកូនកើតចៅបានតាមអ្វីដែលបានប្រាប់ទៅប្រពន្ធពិតមែន។ ក្រោយរៀបការនៅឆ្នាំ១៩៥២ ត្រឹមរយៈពេល៤ឆ្នាំ ពោលគឺឆ្នាំ១៩៥៦ លោកក៏បានទិញផ្ទះធំមួយជូនប្រពន្ធគាត់ហើយអាចសល់លុយរកស៊ីខ្លះទៀត។ ប៉ុន្តែលោកក៏បានបន្ថែមទៀតថា៖ «បើសិនជាចង់បានផ្ទះមែនគួរណាស់តែពិចារណាក្នុងការបង់រំលស់សិន ពីព្រោះយើងអាចនៅសល់លុយខ្លះដើម្បីគ្រាន់បង្កើតលុយបន្តបាន»។
ទាំងនេះគឺជាចំណេះដឹងមួយដ៏ល្អមួយពីបិតាវិនិយោគរូបនេះបានចែកជូន ពេលរៀបការរួចគួរតែយកលុយដែលសល់នោះចាប់ផ្តើមអាជីវកម្មឬក៏វិនិយោគទៅលើអ្វីមួយច្បាស់លាស់ ចៀសវាងខាតបង់ពេលវេលាក្រោយសម្រេចចិត្តយកលុយទៅទិញផ្ទះអស់។ នេះក៏មិនមែនបានន័យថារៀបការរួចទិញផ្ទះទៅខុសនោះទេ ប៉ុន្តែត្រូវច្បាស់ខ្លួនឯងថាក្រោយទិញផ្ទះរួចហើយអាចសល់លុយសម្រាប់រកស៊ីឬអត់ ដូច្នេះបើចង់បានផ្ទះអាចបង់រំលស់សិនបានដោយបង់ត្រឹម១០%នៃទ្រព្យសរុបបានហើយ។
ដោយឡែកចំពោះ លោក សំ កុសល ស្ថាបនិកក្រុមហ៊ុន BAKSEY MEDIA បានផ្ដល់មតិយោបល់យ៉ាងដូច្នេះថា៖ «បើមានលុយខ្ទង់ ១០,០០០ ឬ ៥,០០០ដុល្លារក្នុងដៃ ហើយប្រាក់ខែត្រឹមតែ៣០០ដុល្លារ មិនទាន់គួរបង់រំលស់ផ្ទះទេ បើអាចគួរទៅបង្កើតអាជីវកម្មសិន ដែលមានដើមទុនតិច ហើយបើមានលុយដល់ ៥,០០០ដុល្លារ គឺអាចពិចារណាលើមុខរបរជាច្រើន ឬក៏អាចពិចារណាទិញហ្វ្រេនឆាយពីយីហោនានា ដែលអាចចាប់ផ្ដើមទាញចំណូលជាប្រចាំបាន»។ ត្រលប់មកវិញ បើបងប្អូនយកលុយ៥,០០០ដុល្លារទៅទិញផ្ទះ ហើយមានចំណូលទាបបែបនេះ គឺមិនគួរនោះទេ ដោយសារអត្រាទាញចំណូលមកវិញគឺទាបបំផុត ហើយត្រូវជាប់បំណុលបង់រំលស់ផ្ទះ ទាំងការទាំងដើម។
ស្ថាបនិកចាបក្រហម ក៏បានបញ្ជាក់ទៀតថា ធ្វើអ្វីក៏ដោយ ត្រូវគិតពីចំណូលគឹការបង្កើតលុយ ពោលគឺ បើហ៊ានបង់រំលស់ ត្រូវសួរខ្លួនឯងថា តើបានចំណូលទេ? បើមិនអាចបង្កើតចំណូលទេ គឺកុំរំលស់ឱ្យសោះ គួរទៅធ្វើអាជីវកម្មវិញ ពីព្រោះអាជីវកម្មគឺជាម៉ាស៊ីនបង្កើតចំណូលដ៏ល្អបំផុតនៅក្នុងលោក ដូច្នេះមានលុយ៥,០០០ដុល្លារហើយ គួរចាប់ផ្ដើមអាជីវកម្ម ហើយត្រូវចាយលុយឱ្យតិច ហើយអាចរក បានទាំងចំណូល បានទាំងចំណេះ ដែលអាចបង្កើតរក្សាបានយូរអង្វែង អាចកសាងយីហោរកស៊ី តជំនាន់ ពោលគឺលុយមិនងាប់មួយកន្លែងនោះទេ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦