ដំណឹង! រដ្ឋ សម្រេចទទួលបន្ទុកបង់ជំនួសចំពោះអាករលើតម្លៃបន្ថែម (VAT) លើការផ្គត់ផ្គង់ម៉ាស៊ូតនិងឧស្ម័ន
ធី ស្រីល័ក្ខAPRIL 6 202619 views

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឱ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងនិន្នាការនៃការកើនឡើងថ្លៃ ប្រេងម៉ាស៊ូត និងឧស្ម័ន LPG លើទីផ្សារអន្តរជាតិ និងក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល បានបន្តដាក់ចេញនូវវិធានការបន្ថែមទៀតដោយចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែម (រដ្ឋទទួលបន្ទុក ជំនួសចំនួន១០% ទាំងស្រុង) ចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG។ក្នុងន័យនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមធ្វើការណែនាំដូចខាងក្រោម៖

 

. សហគ្រាសនាំចូល និងចែកចាយបន្ត ដែលធ្វើការផ្គត់ផ្គង់ក្នុងស្រុកនូវផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG ត្រូវអនុវត្តដូចតទៅ៖

 

. ត្រូវចេញវិក្កយបត្រអាករចំពោះការផ្គត់ផ្គង់ទៅឱ្យអតិថិជន ដែលជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ប៉ុន្តែមិនត្រូវគិតអាករទេដោយលើវិក្កយបត្រអាករត្រូវប្តូរ “អាករលើតម្លៃបន្ថែមអត្រា១០%” ទៅជា “អាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ”។

 

.ត្រូវចេញវិក្កយបត្រធម្មតាចំពោះការផ្គត់ផ្គង់ទៅឱ្យអតិថិជនដែលជាអ្នកប្រើប្រាស់ចុងក្រោយ(មិនស្ថិតនៅក្រោមរបបស្វ័យប្រកាស) ដោយថ្លៃលក់មិនត្រូវគិតអាករលើតម្លៃបន្ថែមទេ។

 

. នៅក្នុងប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មប្រចាំខែតាមអនឡាញ (e-Filing) ដោយមុខងារ “បញ្ជីទិនានុប្បវត្តិទិញ-លក់” ត្រូវជ្រើសរើសប្រភេទផ្គត់ផ្គង់ទំនិញ ឬសេវា “អតប ជាបន្ទុករបស់រដ្ឋ”។

 

. អាករលើតម្លៃបន្ថែមអត្រា៤% និង/ឬអត្រា១០% ដែលសហគ្រាសបានបង់លើការនាំចូល ឬទិញក្នុង ស្រុកនូវប្រេងម៉ាស៊ូត និងឧស្ម័ន LPG ត្រូវបានអនុញ្ញាតជាឥណទានអាករលើធាតុចូលទៅតាមទឹកប្រាក់អាករបង់ជាក់ស្តែង ដោយត្រូវមានប្រតិវេទន៍គយនិងបង្កាន់ដៃបង់ពន្ធអាករ និង/ឬមានវិក្កយបត្រអាករ និងឯកសារទូទាត់ប្រាក់ត្រឹមត្រូវសម្រាប់ការទិញក្នុងស្រុក។ ដោយឡែក ឥណទានអាករលើធាតុចូល ដែលបានបង់លើការនាំចូលឬទិញក្នុងស្រុក (ក្រៅពីប្រេងម៉ាស៊ូត និងឧស្ម័ន LPG) ត្រូវអនុវត្តស្របតាម បទប្បញ្ញត្តិស្តីពីអាករលើតម្លៃបន្ថែម។

 

. សេចក្តីណែនាំនេះមានសុពលភាពអនុវត្តគិតចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ រហូតដល់មានការសម្រេច ជាថ្មីរបស់រាជរដ្ឋាភិបាល។

 

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសហគ្រាសនាំចូល និងចែកចាយបន្តនូវផលិតផល ប្រេងម៉ាស៊ូត និងឧស្ម័ន LPG ដែលជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ត្រូវអនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំនេះឱ្យ មានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

១៧១៨

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia