នៅមុននេះបន្ដិចអគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្ដីប្រកាសពីការបង់ប្រាក់ពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំ២០២៦ នឹងផុតកំណត់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះហើយ ដូច្នេះនៅក្នុងកឬណីខាកខានមិនបានអនុវត្តកាតព្វកិច្ចពន្ធលើអចលនទ្រព្យតាមកាលបរិច្ឆេទកំណត់ ម្ចាស់អចលនទ្រព្យនឹងទទួលរងនូវទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែមនិងការប្រាក់) ស្របតាមច្បាប់ជាធរមាន។
ជាមួយគ្នានោះដែរ ដើម្បីធានាបាននូវភាពត្រឹមត្រូវ និងជំរុញការប្រមូលពន្ធលើអចលនទ្រព្យប្រកបដោយប្រសិទ្ធភាពសម្រាប់ឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានពន្ធដារសូមក្រើនរំលឹកដល់ម្ចាស់អចលនទ្រព្យទាំងអស់ មេត្តាមកបំពេញកាតព្វកិច្ចចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យឱ្យបានត្រឹមត្រូវ នៅសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យនោះស្ថិតនៅ ឬនៅអគ្គនាយកដ្ឋានពន្ធដារសម្រាប់អចលនទ្រព្យទូទាំងប្រទេសនិងរួសរាន់បង់ប្រាក់ពន្ធឱ្យបានទាន់ពេលវេលាកំណត់ នៅគ្រប់សាខាធនាគារពាណិជ្ជដែលបានចុះអនុស្សរណៈ នៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឬបង់ពន្ធតាមអនឡាញតាមរយៈកម្មវិធីទូរសព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer App) ដែលអាចទាញយកមកប្រើប្រាស់ពី App Store ឬ Play Store សម្រាប់អចលនទ្រព្យដែល ធ្លាប់បានប្រកាសបង់ពន្ធលើអចលនទ្រព្យកន្លងមក។
គួរជម្រាបថា ពន្ធលើអចលនទ្រព្យជាប្រភេទពន្ធប្រចាំឆ្នាំ ដែលប្រមូលលើអចលទ្រព្យរួមមាន ដី ផ្ទះ អគារ និងសំណង់ផ្សេងៗដែលស្ថិតនៅក្នុងរដ្ឋបាលរាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា។ ពន្ធលើអចលទ្រព្យត្រូវប្រមូលពីអចលទ្រព្យមានតម្លៃលើសពី ១០០ ០០០ ០០០ (មួយរយលាន) រៀល តាមអត្រា 0,១% ដោយត្រូវគណនាតាមរូបមន្តខាងក្រោម៖
១. មូលដ្ឋានគិតពន្ធ= (តម្លៃអចលទ្រព្យ* ៨០%) - ១០០ ០០០ ០០០
២. ពន្ធលើអចលនទ្រព្យ = មូលដ្ឋានគិតពន្ធ * 0,១%




