ខណៈយុវជនជាច្រើនវក់លេងហ្គេម យុវជនវៀតណាម២រូបនេះ អាចច្នៃស្បែកជើងចេញពីកាហ្វេ

បើយើងក្រឡេកមកមើលក្នុសង្គមបច្ចុប្បន្នឃើញថាយុវជនហាក់ដូចជាចូលចិត្តយកពេលវេលាទៅចំណាយនឹងហ្គេម ព្រោះការលេងហ្គេមអាចជាល្បែងកំសាន្តអារម្មណ៍ កាត់បន្ថយស្រ្តេសជាដើម។ប៉ុន្តែដោយឡែកយុវជនវៀតណាមពីររូបនេះវិញបែរជាយកពេលមកច្នៃស្បែកជើងចេញពីការសំណល់កាហ្វេនិងប្លាស្ទិកទៅវិញ។

យោងតាមការចុះផ្សាយរបស់Vn Expressបានឲ្យដឹងថាមានយុវជនវ័យក្មេងរបស់វៀតណាមពីររូបបានរកឃើញនូវរូបមន្តថ្មីមួយ ដោយកែច្នៃកាកសំណល់កាហ្វេនិងប្លាស្ទិកដើម្បីបង្កើតជាស្បែកជើងកីឡាថ្មីមួយដែលមានគុណភាពខ្ពស់ និងមិនធ្លាប់មានពីមុនមក។TranនិងSon Chuគឺជាស្ថាបនិកនៃក្រុមហ៊ុនស្បែកជើង Rensជាផលិតផលថ្មីច្នៃចេញពីកាកសំណល់ប្លាស្ទិកនិងកាកសំណល់កាហ្វេដែលប្រមូលចេញពីតាមបណ្តាហាងកាហ្វេជាច្រើន។ បច្ចុប្បន្នយុវជនទាំងពីររូបបានចាប់ផ្តើមដំណើរការអាជីវកម្មរបស់ពួកគេនៅក្នុងប្រទេស Finlandហើយពួកគេមានគម្រោងផ្លាស់ប្តូរមកស្រុកកំណើតរបស់ខ្លួននៅវៀតណាមក្នុងពេលឆាប់ៗខាងមុខនេះ។

សហគ្រិនទាំងពីរនាក់បានជួបគ្នាដោយចៃដន្យនៅក្នុងហាងកាហ្វេមួយនៅប្រទេសហ្រ្វាំងលែន ពួកគេបានក្លាយជាមិត្តជិតស្និត ហើយពួកគេក៏បានពិភាក្សាគ្នាដើម្បីផលិតស្បែកជើងលក់ ប៉ុន្តែការចាប់ផ្តើមដំបូងមិនបានជោគជ័យនោះឡើយ ដោយសារពួកគេខ្វះបទពិសោធន៍និងការស្រាវជ្រាវបានតិចតួចនៅឡើយ។ តែក្រោយមកពួកគេក៏គិតឃើញថា បច្ចុប្បន្នពិភពលោកកំពុងមានបញ្ហាប្រឈមខ្លាំងជាមួយកាកសំណល់ ហេតុនេះពួកគេបានព្យាយាមសិក្សាស្រាវជ្រាវរកគំនិតថ្មីដើម្បីកែច្នៃរបស់ទាំងនោះក្លាយជាផលិតផលថ្មីមួយដែលមិនធ្លាប់មានពីមុនមកលើពិភពលោក។

រហូតដល់ខែ​កុម្ភៈ ឆ្នាំ២០១៩ ពួកគេចាប់ផ្តើមអនុវត្តន៍គម្រោងរបស់ខ្លួនដោយបានបង្កើតរោងចក្រមួយឈ្មោះថា​ Factory Finder ជាក្រុមការងារដែលមានជំនាញផ្សេងៗគ្នាចំនួន៦នាក់ ដោយចំណាយទុនចាប់ផ្តើមប្រមាណជា ៥៥០,៣០០ដុល្លារ ដែលទទួលបានពីក្រុមហ៊ុន Kickstarter និងទឹកប្រាក់ចំនួន​ ៥៧២,៣០០ដុល្លារពីមូលនិធី Indiegogo ។

បច្ចុប្បន្នក្រុមហ៊ុនរបស់ Tran និង Son Chu មានដៃគូសហការចំនួន៩នាក់ និងវិនិយោគិនរាប់ពាន់នាក់ផ្សេងទៀតមកពី ៦៩ប្រទេស។ ក្នុងនោះ Tran បានបញ្ជាក់ថា ផលិតផលស្បែកជើងម៉ាក Rens នេះនឹងផ្តល់ទៅកាន់អតិថិជនក្នុងខែវិច្ឆិកានេះ ដោយរំពឹងថានិងអាចចែកចាយដំបូងទៅក្នុងប្រទេសវៀតណាមដែលជាប្រទេសកំណើតរបស់ខ្លួន ក្រោយសិក្សាឃើញថាប្រទេសនេះមានការនាំចេញស្បែកជើងច្រើនជាងគេលំដាប់លេខ២ លើពិភពលោក ហេតុនេះទើបពួកគេយកប្រទេសវៀតណាមធ្វើជាគោលដៅទីមួយ ចំពោះគោលដៅបន្ទាប់គឺឆ្ពោះទៅកាន់សហរដ្ឋអាមេរិច។

គួររំលឹកផងដែរថា គោលបំណងនៃការផលិតស្បែកជើងដែលច្នៃចេញពីកាកសំណល់ប្លាស្ទិកនេះ គឺដោយសារពួកគេចង់ចូលរួមចំណែកកាត់បន្ថយកាកសំណល់កាហ្វេនិងប្លាស្ទិកជាច្រើនដែលកំពុងតែកើនឡើងជារៀងរាល់ថ្ងៃឥតឈប់ឈរ ម្យ៉ាងវិញទៀតចង់បង្កើតសមិទ្ធផលថ្មីប្លែកដែលមិនធ្លាប់មានពីមុនមកផងដែរ។ រាល់ស្បែកជើងមួយគូត្រូវបានផលិតចេញពីកាកកាហ្វេចំនួន៣០០ក្រាម និងដបប្លាស្ទិកចំនួន៦ដប ដែលត្រូវបានគេយកទៅរំលាយជាមួយគ្នាយកសមាធាតុប្រេងរបស់វា ក្រោយមកទើបយកមកបញ្ចូលជាមួយសមាសធាតុផ្សេងៗទៀត។ ស្បែកជើងម៉ាក​ Rens នេះគឺមិនមានជ្រាបទឹកថែមនោះទេថែមទាំងមិនបង្ករឲ្យមានក្លិនអាក្រក់នៅពេលពាក់ឡើយ ៕

អត្ថបទដោយ៖ សម្បត្តិ សុខឡាង

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES