
ជាការពិតណាស់ ឱកាសវិនិយោគខុនដូនៅកម្ពុជា ហាក់មានច្រើន ព្រោះមានគម្រោងអភិវឌ្ឍន៍ថ្មីៗជាច្រើន សម្រុកសាងសង់ជាបន្តបន្ទាប់ មានទាំងការវិនិយោគបរទេស និងខ្មែរយើង។ ស្របពេលជាមួយនឹងឱកាសចំណេញនេះ ហានិភ័យក៏អាចកើតមានគ្រប់ពេលដែរ បើអ្នកវិនិយោគមិនមានការប្រុងប្រយ័ត្នខ្ពស់នោះ។
វិនិយោគខុនដូ យើងទទួលស្គាល់ថា ឱកាសចំណេញមានច្រើន តែហានិភ័យក៏មានច្រើនដូចគ្នា។ ជាក់ស្តែងគម្រោងអភិវឌ្ឍន៍មួយចំនួនត្រូវបានបរាជ័យ ពោលមិនបានបញ្ចប់ការសាងសង់តាមការកំណត់ ដោយសារមានបញ្ហាផ្សេងៗ ដូចជាក្រុមហ៊ុនក្ស័យធន ម្ចាស់គម្រោងមានបញ្ហា ក្រុមហ៊ុនមិនស្របច្បាប់ត្រឹមត្រូវ ធ្វើឱ្យផ្អាកដំណើរការសាងសង់ ប៉ះពាល់ដល់អ្នកទិញ និងវិនិយោគ។
ជាក់ស្តែងយើងបានឃើញទាំងអស់គ្នាហើយ គម្រោងធំៗមួយចំនួនត្រូវបានផ្អាកជាច្រើនខែ ឬរាប់ឆ្នាំ មិនថានៅខ្មែរ ឬបរទេស ដោយសារក្រុមហ៊ុនអភិវឌ្ឍន៍មានបញ្ហានានា ធ្វើឱ្យគម្រោងជាប់គាំងមិនអាចដំណើរការបាន។
បញ្ហាធំបំផុត ដែលអ្នកទិញ ឬវិនិយោគប៉ះចំគម្រោងស្អុយ ដោយសារតែការវិនិយោគមិនត្រូវបានវិភាគល្អិតល្អន់ ឬធ្វើតាមដំណាក់កាលនៃការវិនិយោគវៃឆ្លាត តែបែរជាវិនិយោគតាមទឹកលុយ តាមការនឹកឃើញ ដោយគ្មានទស្សនៈវិស័យក្នុងការវិនិយោគ។
ហើយរឺតតែបញ្ហាធំទៀតនោះ ពួកគេមិនបានវិនិយោគលើចំណេះដឹងច្រើននោះទេ ដោយសារតែមានដើមទុនច្រើន ចង់ទិញគម្រោងណា ទិញគម្រោងនឹង ដោយមិនសូវវិភាគច្រើន។ មួយវិញទៀត មិនបានប្រឹក្សាយោបល់ជាមួយអ្នកជំនាញច្បាស់លាស់ ជជែកតែជាមួយអ្នកលក់គម្រោងតែម្តង ច្បាស់ជាមិនគ្រប់គ្រាន់ទេ។
ជាការពិតណាស់ បើយើងមានដើមទុនច្រើន ហើយវិនិយោគមិនបញ្ហាជាប់គាំងអាចមិនសូវមានបញ្ហាចោទលើហិរញ្ញវត្ថុ តែអ្នកមានដើមទុនតិចតួច ហ៊ានតែប្រហេសច្បាស់ជាទឹកភ្នែកមិនខានឡើយ។ មិនត្រឹមតែខាតដើមនោះទេ អាចឈានដល់ជំពាក់ធនាគារ និងមានរឿងរ៉ាវឡើងតុលាការទៀតផង បើមិនវិភាគ ឬប្រើវិធីសាស្ត្រត្រឹមត្រូវមុនពេលវិនិយោគ។
សូមបញ្ជាក់ថា ចំណុចគន្លឹះសំខាន់ៗនៃការវិនិយោគខុនដូ ដើម្បីទទួលបានប្រាក់ចំណេញខ្ពស់ ហានិភ័យទាប Busienss Cambodia បានចុះផ្សាយជាអត្ថបទច្រើនមកហើយ។ ដូច្នេះអ្នកអាន អាចយកជាមូលដ្ឋានគ្រឹះខ្លះ ដើម្បីយកទៅវិភាគគម្រោងណាមួយ មុននឹងសម្រេចចិត្តទិញចៀសវាមានហានិភ័យណាមួយកើតឡើង៕
ចង់វិនិយោគអចលនទ្រព្យ ចង់ប្រឹក្សាយោបល់។
លោកអ្នកអាចទាក់ទងអ្នកនិពន្ធ ឬក្រុមការងារBusiness Cambodia
អត្ថបទដោយ៖ ម៉ន វុទ្ធាEmail: [email protected],Facebook:Morn Vuthea
អ្នកនិពន្ធសៀវភៅ«សហគ្រិនអចលនទ្រព្យជំនាន់ថ្មី»
ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖
សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app
សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958
ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥
តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?សូមចូលរួមផ្តល់មតិកែតម្រូវ!