ផលិតស្មាតហ្វូនផងឡានផង ហេតុអ្វីយីហោវៀត​ណាម​ហក់លោតចូលបច្ចេកវិទ្យា​ដើរ​លឿនម្លេះ?

កាលពីឆ្នាំ២០១៨​ កន្លងទៅប្រទេស​វៀត​ណា​ បានបញ្ចេញ​នូវ​ស្មាតហ្វូន រថយន្តនិង​បច្ចេកវិទ្យា​ផ្សេងៗជាច្រើនដែល​ជាទូទៅយើង​ឃើញមាន​តែនៅក្នុង​បណ្ដាប្រទេស​ដូចជា អាមេរិក ឬក៏អឺរ៉ុបប៉ុណ្ណោះ ប៉ុន្តែ​ប្រទេសមានទីតាំង​ស្ថិត​នៅអាស៊ីអាគ្នេយ៍មួយ​នេះអាចធ្វើបាន ដោយផលិត​មិនត្រឹមតែបំពេញតម្រូវ​ការ​ក្នុង​ស្រុក​នោះទេ ថែមទំាងចង់​នាំចេញទៅក្រៅស្រុក​ទៀត​ផង។

តើមានកត្តាអ្វីខ្លះ​ដែលធ្វើ​ឱ្យ​វិស័យ​បច្ចេកវិទ្យានៅវៀត​ណាមស្ទុះលឿនរហ័ស ត្រឹម​រយៈពេលខ្លីដូចនេះ?

ដំបូង​ឡើយកត្តាទីមួយនោះគឺជាការជម្រុញពីសំណាក់រដ្ឋាភិបាលវៀតណាមផ្ទាល់តែម្ដង ដែលបាន​បង្ករលក្ខណៈ​ងាយស្រួលជាច្រើនដល់សហគ្រិនវ័យ​ក្មេង​ក្នុង​ការចេញរកស៊ីបង្កើត​ផលិត​ផល សេវាកម្ម ឬអាជីវកម្មចាប់ផ្ដើម​ថ្មី។ រដ្ឋាភិបាល​មានគោលនយោបាយ​ជាតិ​មួយ​ផ្តោតសំខាន់ទៅលើ​ វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​តាមរយៈ​ការ​ធ្វើកំណែទម្រង់​ដោះស្រាយបញ្ហា​លំបាក​ផ្សេងៗនៅក្នុង​ការ​ងារ​រដ្ឋបាល និងបន្ថែមថវិកានៅក្នុង​ការ​ស្រាវជ្រាវ​និង​អភិវឌ្ឍ​របស់​ជាតិ ព្រមទាំង​កែតម្រូ​វគោលនយោបាយខ្លះក្នុង​គោលបំណង​ជម្រុញវិស័យ​ឯកជន​ឱ្យចូលរួម ដោយធ្វើការ​បើកទូលាយ​នូវ​ពត៌មាន និង​ផ្ដល់ជាទុន។

វៀតណាមព្យាយាមធ្វើយ៉ាង​ណាឱ្យមាន​ការស្រាវជ្រាវ​ខាងផ្នែកវិទ្យាសាស្ត្រ​កើត​ឡើង​នៅក្នុង​ប្រទេស​ខ្លួន​ និងការស្នើរសុំប័ណ្ណប៉ាតង់​ពីវិស័យ​ឯកជននិងវិទ្យាសា្ថនរដ្ឋឱ្យបានកាន់តែច្រើន​។ នៅក្នុង​ស្រុក គេសង្កេត​ឃើញ​មាន​កម្មវិធី​និងព្រឹត្តិការណ៍ជា​ច្រើនត្រូវ​បាន​បង្កើតឡើង​។ វិស័យអប់​រំត្រូវ​បាន​ផ្តោត​សំខាន់ទៅលើ​វិស័យ​STEM (វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ វិស្វកម្ម និង​ គណិត​វិទ្យា) ធ្វើ​ឱ្យ​ប្រទេស​ដែលមាន​ប្រជាជន​ជិត​១០០លាន​នាក់មួយនេះ សម្បូរទៅដោយអ្នកសរសេរកូដ​វ័យ​ក្មេង​ វិស្វករ សហគ្រិន។

កាលពីខ្ទង់​ ២០ឆ្នាំមុនប្រទេស​មួយនេះខ្សត់​ក្រុមហ៊ុន​ IT ប៉ុន្តែ​សព្វ​ថ្ងៃ​នេះគេសង្កេត​ឃើញមានក្រុមហ៊ុន​ដែលធ្វើការ​រកស៊ីទៅលើ​វិស័យ​បច្ចេកវិទ្យា​នេះមានរហូតដល់ទៅខ្ទង់១ម៉ឺន៤ពាន់ក្រុមហ៊ុន​ រាប់តាំង​ពីក្រុមហ៊ុន​ផលិត​គ្រឿង​អេឡិចត្រូនិក​ ក្រុមហ៊ុន​ផលិត ​Software រហូត​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយសម្បូរ​បែប​ឌីជីថល។ បន្ថែមពីនេះទៅទៀត រដ្ឋាភិបាល​វៀតណាម​បានធ្វើការ​វិនិយោគយ៉ាង​សម្បើមទៅលើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​វិស័យ​បច្ចេកវិទ្យាមានដូចជា​ខាង​ទូរគមនាគមន៍ បង្កើនល្បឿនអីនធឺណេត​ និងការ​បង្កើត​ជាឧទ្យានបច្ចេកវិទ្យា​ដែលផ្ដុំទៅដោយក្រុមហ៊ុនបច្ចេកវិទ្យា ជាដើម។

គុណភាពសាកលវិទ្យាល័យ​ក្នុង​ស្រុក​ត្រូវ​បាន​ពង្រឹង ដោយគេសង្កេត​ឃើញ​ថា​​និស្សិត​ដែល​រៀនចប់ ឬកំពុង​រៀន ត្រូវ​បាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ក្នុង​ស្រុក​និង​ក្រៅស្រុក​ដូចជា Cisco, Fujitsu, HP, IBM, Intel, LGជាដើម​ទាក់ទង​ហៅចូលធ្វើការ​ជាមួយគេ។ ក្រៅពីនេះ ពួកនិស្សិត​ទាំង​នោះក៏មានបង្កើត​ជាគំនិត​អាជីវកម្មបង្កើតថ្មី ដើរ​រកលុយ​វិនិយោគពីក្រុមហ៊ុន​វិនិយោគ​ ដែលកំពុង​ត្រៀមលុយ​ចាំវិនិយោគស្រាប់។

ក្រៅពីនេះ ការចូលរួមពីវិស័យឯកជន​ក៏បានដើរតួនាទី​យ៉ាង​សំខាន់ដែរ ដោយក្រុមហ៊ុន​មួយចំនួន​ចាប់ផ្ដើម​បែរ​ទស្សនៈវិស័យរកស៊ី​របស់​ខ្លួន​ងាក​មក​មើលបច្ចេកវិទ្យា។ តួ​យ៉ាង​ក្រុមហ៊ុន​យក្សរបស់វៀតណាម Vingroup ដែលត្រូវបានគេស្គាល់ថាមានជំនាញរកស៊ី​ខាង​អចលនទ្រព្យនោះ បាន​ជះលុយវិនិយោគទៅលើវិស័យ​ផលិត​រថយន្ត ស្របពេលជាមួយគ្នា​នេះក្រុមហ៊ុន​ក៏បាន​ស្រាវជ្រាវ អភិវឌ្ឍ​ និង​ផលិត​ដោយជោគជ័យ​នូវ​ស្មាតហ្វូន​តម្លៃ​ធូរ​ថ្លៃ គ្រោងនឹង​វាយ​លុកទីផ្សារ​អាស៊ីនិង​អឺរ៉ុបបន្តទៀត។

ក្រុមហ៊ុនដែលធ្វើឲ្យទីផ្សារបច្ចេកវិទ្យាវៀតណាមចាប់ផ្តើមផ្ទុះនោះគឺ Vingroup ជាក្រុមហ៊ុនមានលុយ អាចទិញហ៊ុន ៥១% ពីក្រុមហ៊ុនបច្ចេកវិទ្យាស្មាតហ្វូនអេស្ប៉ាញ BQ ដល់ទៅ ៥១% និងទទួលបានសិទ្ធក្នុងការប្រើប្រាស់បច្ចេកវិទ្យាពីក្រុមហ៊ុនឡាន BMW ទៀតផង ដូចនេះ ក្រុមហ៊ុនវៀតណាមមិនចាំបាច់ចាយលុយបង្កើតបច្ចេកវិទ្យាថ្មីនាំតែខាតពេលទេ គ្រាន់តែយករបស់ស្រាប់ៗមកច្នៃជាការស្រេច ។

ចុងក្រោយនោះ ការងាករ៉េវេច​បង្វេច​ចេញពីចិនទៅវៀត​ណាម​ពីសំណាក់​ក្រុមហ៊ុនធំៗ និង​រោង​ចក្រផលិត​មួយចំនួនក៏បាន​ធ្វើឱ្យ​វៀត​ណាម​ចំណេញមិនតិចដែរ ដោយវៀតណាមមានលក្ខខណ្ឌល្អ​ៗមួយចំនួន​ដូចជាតម្លៃ​ពលកម្មមានតម្លៃ​ថោក និង​ងាយស្រួលក្នុង​ការ​ដឹកជញ្ចូន​ជាដើម ខណៈ​ពេ​លដែលចិន​កំពុង​មានបញ្ហាជាមួយនឹង​អាមេរិក​។ ក្រៅពីនេះក្រុមហ៊ុន​បច្ចេកវិទ្យាយក្ស​របស់​អាមេរិកដូចជា Google, Facebook ជាដើម​បានដាក់​ទីតាំង​ផ្ទុកទិន្នន័យ​របស់​ខ្លួន​នៅវៀតណាម៕

អត្ថបទដោយ៖ ខុន សក្ក័ដា

USNews Logo

RELATED ARTICLES