ម្ចាស់ក្រុមហ៊ុនបរទេសពីររូប​ថា មករកស៊ីនៅស្រុកខ្មែរពោរពេញដោយឱកាស ស្រួលជាងនៅថៃវៀតណាមឆ្ងាយ

ម្ចាស់ក្រុមហ៊ុនបរទេសដែលមករកស៊ីនៅស្រុកខ្មែរភាគច្រើនលើកឡើងស្រដៀងគ្នាថា ថ្វីត្បិតតែទីផ្សារស្រុកខ្មែរតូចមែន ប៉ុន្តែពោរពេញដោយឱកាស ជាពិសេសលក្ខខណ្ឌអំណោយផលជាងនៅវៀតណាមថៃឆ្ងាយណាស់ ។

លោក Martin Lansard ស្ថាបនិកក្រុមហ៊ុន Aniwaa បានលើកឡើងថា បន្ទាប់ពីលោកបានមកកម្ពុជាតាំងពី ៤ ឆ្នាំមុន​ ឃើញថា ប្រព័ន្ធច្បាប់សាមញ្ញ ។ រកស៊ីនៅស្រុកខ្មែរគឺងាយស្រួលចុះបញ្ចីក្រុមហ៊ុន ហើយលោកបានបញ្ជាក់អត្ថប្រយោជន៍ធំពីរសម្រាប់ជនបរទេស​ ទីមួយគឺប្រព័ន្ធសាមញ្ញៗ ងាយស្រួល និងមានលទ្ធភាពអាចទទួលបានសិទ្ធជាម្ចាស់អាជីវកម្ម ១០០% ដែលប្រទេសខ្លះក្នុងអាស៊ានមិនមានលក្ខខណ្ឌនេះទេ ។

ស្ថាបនិក Aniwaa ក៏ឲ្យដឹងទៀតថា ទាក់ទងនឹងផ្នែកច្បាប់គឺងាយស្រួលនិងលឿន លោកថាគ្រាន់តែជួបជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មម្តងលោកក៏អាចរត់ការបើកក្រុមហ៊ុនបានយ៉ាងរលូន ។ លោកថារដ្ឋាភិបាលកម្ពុជាព្យាយាមធ្វើយ៉ាងណាឲ្យងាយស្រួលសម្រាប់ជនបរទេសដែលចង់មករកស៊ីនៅស្រុកខ្មែរ ។

ជាមួយគ្នានេះលោក លោក Maxime Rosburger ស្ថាបនិកនិងនាយកប្រតិបត្តិ App កុម្ម៉ង់ម្ហូប Meal Temple បានប្រាប់ Business Cambodia ថា ដែលលោកសម្រេចចិត្តមកស្រុកខ្មែរ មិនទៅរកស៊ីនៅថៃឬវៀតណាម នេះក៏ដោយសារទីផ្សារស្រុកខ្មែរនៅខ្វះខាតច្រើន និងពោរពេញដោយឱកាស ហើយរកស៊ីនៅស្រុកខ្មែរលោកមានសិទ្ធជាម្ចាស់ ១០០% ខុសពីថៃឬវៀតណាមដែលតម្រូវឲ្យជនបរទេសត្រូវតែសហការជាមួយដៃគូក្នុងស្រុកមុននឹងរកស៊ី ។ លោក Maxime បន្ថែមថា ចូលមកស្រុកខ្មែរដំបូងហាក់ដូចជាគួរឲ្យខ្លាចបន្តិច ប៉ុន្តែបើនៅឲ្យយូរទៅ ស្រុកខ្មែរពោរពេញទៅដោយធនធានដែលរៀនសូត្រលឿន ហើយឱកាសទីផ្សារក៏ទូលាយ ។

ក្រុងភ្នំពេញយើងសម្បូរដោយ Co-Working Space ឬកន្លែងធ្វើការរួមគ្នា ដែលវាបានក្លាយជាសហគមន៍ដ៏ធំសម្រាប់អ្នកចាប់ផ្តើមអាជីវកម្មថ្មីថ្មោង នេះមានន័យថា ចង់ចាប់ផ្តើមរកស៊ីថ្មីថ្មោងនៅស្រុកខ្មែរមិនពិបាករកការិយាល័យទេ ។

ស្ថានភាពស្រុកខ្មែរបច្ចុប្បន្ននេះបានផ្លាស់ប្តូរឲ្យមានទុនវិនិយោគនៅក្នុងស្រុក ដែលមិនមែនវិនិយោគសម្រាប់តែក្រុមហ៊ុន Startup ល្បីៗប៉ុណ្ណោះទេ ប៉ុន្តែអាជីវកម្មតូចៗក្នុងស្រុកក៏មានឱកាសទទួលបានទុននេះដូចគ្នា ។

នៅកម្ពុជាមាន SmallWorld Ventures និង SADIF ដែលជាមូលនិធិទុនវិនិយោគក្នុងស្រុកសម្រាប់អាជីវកម្មតូចៗ ហើយមានប្រភពទុនផ្សេងៗទៀតបានចាប់ផ្តើមបង្កើតឡើងដើម្បីជួយជ្រោងជ្រែងអាជីវកម្មថ្មីៗផងដែរ ។

ស្ថាបនិកបរទេសទាំងនេះក៏បានលើកឡើងថា កម្ពុជាជាប្រទេសដែលស្វាគមន៍ មានប្រជាជនចេះនិយាយភាសាអង់គ្លេសច្រើនគួរសម ទោះជាពួកគេនិយាយមិនបានល្អក៏ដោយ ដូចនេះវាក៏ងាយស្រួលដល់ជនបរទេសដែលរស់នៅទីនេះផងដែរ បើនិយាយពីសេវាកម្មអ៊ីនធឺណេតវិញក៏មិនចាញ់បរទេសដែរ ជាមួយសេវាកម្ម 4G លឿន និងតម្លៃថោក ល្មមអាចធ្វើការបាន ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

RELATED ARTICLES