អាថ៌កំបាំងដែលអ្នកត្រូវដឹងអំពីជីវិតមុនពេលឈានចូលដល់វ័យ៣០ឆ្នាំ

ពេលវេលានៃជីវិតចេះតែរំកិលទៅមុនពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរដោយមិនរង់ចាំបុគ្គលណាម្នាក់ឡើយ។​ ពេលខ្លះវាដើរលឿនពេលស្ទើរតែធ្វើឲ្យមនុស្សមួយចំនួនភ្លេចខ្លួនក្នុងការបំពេញអត្ថន័យនៃជីវិតរបស់ខ្លួនឯង។ ជាពិសេសគឺមនុស្សដែលស្ថិតនៅក្នុងវ័យមិនទាន់ឈានចូលដល់វ័យសាមសិបឆ្នាំភាគច្រើនពួកគេមិនបានដឹងពីអាថ៌កំបាំងនៃជីវិត ហើយចូលចិត្តបណ្តោយខ្លួនទៅតាមពេលវេលា។

ទាក់ទឹននឹងរឿងនេះ Business Cambodia សូមលើកបង្ហាញពីអាថ៌កំបាំងដែលអ្នកត្រូវដឹងអំពីជីវិតមុនពេលឈានចូលដល់វ័យ៣០ឆ្នាំ ដែលរួមមានដូចខាងក្រោម៖

១. ចង់បានអ្វីមួយត្រូវហានលះបង់អ្វីមួយត្រឡប់ទៅវិញ

ជាការពិតច្បាប់នៃជីវិត​ ប្រសិនបើអ្នកចង់បានអ្វីមួយអ្នកត្រូវតែហានលះបង់អ្វីមួយត្រលប់ទៅវិញ វាជាការតបស្នងមួយដែលមិនអាចប្រកែចបាន។ នៅពេលដែលអ្នកចង់ក្រោកពីគេងនៅពេលព្រឹកព្រលឹម អ្នកត្រូវតែបោះចោលទម្លាប់ចូលគេងនៅពេលយប់ជ្រៅដោយជំនួសមកវិញនូវការឆាប់ចូលគេងពីប្រលប់។ ហើយប្រសិនបើអ្នកចង់ជោគជ័យ អ្នកត្រូវហានបោះចោលការភ័យខ្លាចនិងភាពស្រណុកសុខស្រួលរបស់ខ្លួន ដោយជំនួសមកវិញនូវភាពក្លាហាន​និងការឧស្សាហ៏ព្យាយាម។ ចំណុចទាំងនេះសបញ្ជាក់ឲ្យឃើញថា ការចង់សម្រេចបានអ្វីមួយជាផ្លែផ្កា អ្នកត្រូវហានលះបង់និងទទួលយកនូវភាពឈឺចាប់។ 

២. តម្លៃនៃពេលវេលា

ពេលវាលាពិតជាមានតម្លៃណាស់ ព្រោះប្រសិនណាវាបាត់បង់ទៅហើយអ្នកនឹងមិនអាចទាញ​ ឬទិញវាឲ្យត្រឡប់មកវិញនោះឡើយទោះក្នុងរូបភាពណាក៏ដោយ។ ជាមួយគ្នានេះផងដែរ មានបុគ្គលមួយចំនួនប្រើប្រាស់ពេលវេលារបស់ពួកគេយ៉ាងមានភាពល្អប្រសើរប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល ប៉ុន្តែសម្រាប់បុគ្គលមួយចំនួនទៀតពួកគមិនបានប្រើប្រាស់ពេលវេលាដែលខ្លួនមានឲ្យបានត្រឹមត្រូវនោះទេ។ ជាពិសេសចំពោះយុវជន ឬមនុស្សដែលមិនទាន់ឈានចូលដល់វ័យសាមសិបឆ្នាំមួយចំនួន ពួកគេភាគច្រើនមិនបានឲ្យតម្លៃទៅលើពេលវេលាឲ្យសមស្របទៅនឹងតម្លៃពិតរបស់វានោះឡើយ។ ពួកគេបានប្រើប្រាស់វាដោយភាពខ្ជះខ្ជាយទៅលើរឿងដែលមិនកើតជាប្រយោជន៍ជាច្រើនដោយសម្លាប់ពេលវេលារបស់ពួកគេពីមួយថ្ងៃទៅមួយថ្ងៃដោយមិនដឹងខ្លួន។​

ដូច្នេះហើយពេលវេលាពិតជាមានតម្លៃណាស់ ចូលប្រើប្រាស់វាប្រកបដោយភាពវៃឆ្លាត និងមានប្រសិទ្ធភាពបំផុត។ អ្នកអាចសំយោគពេលវេលាដែលអ្នកមានទៅធ្វើរឿងដែលត្រឹមត្រូវនិងមានប្រយោជន៍ដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិ តាមរយៈការដុះខាតសមត្ថភាព ចំណេះជំនាញ ក្រមសីលធម៌ និងសកម្មភាពជាវិជ្ជមានពីមួយថ្ងៃទៅមួយថ្ងៃឲ្យកាន់តែមានភាពប្រសើរឡើង។​ 

៣. មានចំណេះដឹងហិរញ្ញវត្ថុ

ចំណេះដឹងហិរញ្ញវត្ថុគឺជាផ្នែកមួយដ៏សំខាន់នៃដំណើរជីវិតក្នុងការរស់នៅប្រចាំថ្ងៃ។ ប្រសិនបើអ្នកមិនមានចំណេះហិរញ្ញវត្ថុទេនោះអ្នកនឹងពិបាកក្នុងការទទួលបានភាពជោគជ័យ និងជីវិតរស់នៅប្រកបដោយភាពសុខសាន្តនិងសុភមង្គលណាស់។​ យ៉ាងណាមិញ ចំណេះដឹងហិរញ្ញវត្ថុមិនត្រូវបានបង្រៀនសាលាអប់រំជាប្រព័ន្ធនោះទេ ដោយហេតុនេះហើយអ្នកត្រូវបណ្តុះចំណេះដឹងនេះតាមការសិក្សាស្រាវជ្រាវពីមជ្ឈដ្ឋាននិងសង្គមខាងក្រៅឲ្យបានកាន់តែឆាប់កាន់តែល្អ។ ព្រោះអ្នកនឹងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការកសាងភាពមានបានទាំងវ័យក្មេង។

៤. រស់នៅក្នុងភាពជាខ្លួនឯង

យុវជន និងមនុស្សដែលមិនទាន់ឈានចូលដល់វ័យសាមសិបឆ្នាំភាគច្រើនពួកគេរស់នៅក្នុងភាពវិលវល់ និងមិនស្គាល់ច្បាស់ពីខ្លួនឯង រួមទាំងឆាប់ទោទន់ទៅតាមអ្នកដទៃ។​ កត្តានេះហើយធ្វើឲ្យពួកគេមិនមានគោលដៅច្បាស់លាស់ និងមិនដឹងថាអ្វីដែលខ្លួនឯងចង់បានពិតប្រាកដនៅក្នុងជីវិតរស់នៅទាំងមិនមានទិសដៅ។ វាជាហេតុធ្វើឲ្យពួកគេមិនអាចសម្រេចអ្វីចេញជាលទ្ធផលដុំគំភួននោះទេ ហើយជីវិតក៏មិនមានអ្វីរីកចម្រើននោះឡើយ។

ដូច្នេះហើយប្រសិនបើអ្នកកំពុងស្ថិតនៅក្នុងវ័យនេះ វាជាពេលវេលាដ៏ល្អបំផុតដែលអ្នកត្រូវស្គាល់ពីខ្លួនឯងឲ្យច្បាស់ ហើយតែជីវិតបែបណាដែលអ្នកចង់បាននិងចង់រស់នៅ។ វាជារឿងដ៏សំខាន់បំផុតដែលអ្នកធ្វើ ប្រសិនបើអ្នករកវាឃើញហើយអ្នកនឹងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការកសាងសុភមង្គលពិតប្រាកដនៅក្នុជីវិតជាក់ជាមិនខាន៕

អត្ថបទដោយ៖ កាន់ ដារ៉ា (Financial Writer)

Facebook: Kan Dara

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES