មានលុយមិនដឹងរកស៊ីអ្វី ដើម្បីបង្កើនចំណូលបន្ថែម ឈប់បារម្ភទៅ បើអ្នកយកលុយធ្វើរឿងទាំងនេះ!

បច្ចុប្បន្នមានមនុស្សជាច្រើននៅកម្ពុជា មានលុយសល់ចង់រកស៊ី ប៉ុន្តែមិនដឹងគួររកស៊ីអ្វីទៅ ទើបពួកគេអាចបង្កើនប្រាក់ចំណូលបន្ថែមជាជាងទុកលុយនៅផ្ទះអត់បានកើនឡើង។ 

ថ្ងៃនេះ លោក ទឿយ ហុង ប្រធាននិពន្ធផ្នែកហិរញ្ញវត្ថុ នឹងផ្តល់នូវគំនិតលើមុខរបរ ដែលអ្នកមានលុយមិនដឹងរកស៊ីអ្វី ដើម្បីបង្កើនចំណូលបន្ថែម គួរធ្វើរឿងទាំងនេះមានដូចជា៖

រឿងទី១៖ យកលុយទៅចូលហ៊ុន

ការយកលុយទៅចូលហ៊ុនវិនិយោគជាមួយអ្នកដទៃ គឺវាអាចជួយឲ្យយើងទទួលបាននូវចំណូលអសកម្ម មួយផ្នែកទៀតទៅលើមុខរបរអាជីវកម្ម ឬប្រាក់ខែរបស់យើង។ ឧទាហរណ៍៖ នៅពេលខ្ញុំមានអាជីវកម្មថ្មីមួយ ខ្ញុំមានការខ្វះខាតដើមទុនដើម្បីចាប់ផ្តើមដំណើរអាជីវកម្ម ដូចនេះខ្ញុំត្រូវតែស្វែងរកអ្នកណាដែលចង់ចូលហ៊ុនវិនិយោគជាមួយខ្ញុំ ដោយខ្ញុំបង្ហាញអ្នកនូវផែនការ យុទ្ធសាស្រ្ត លទ្ធភាពរកប្រាក់ចំណេញបានច្រើនក្នុងរយៈយូរឆ្នាំ។ ដូចនេះអ្នកទាំងអស់គ្នាអាចយកលុយទៅចូលហ៊ុនវិនិយោគជាមួយអាជីវកម្មថ្មីនេះបាន ហើយនៅពេលដែលអាជីវកម្មនេះរីកចំរើនមានអតិថិជនគាំទ្រច្រើនទទួលបានចំណូលខ្ពស់ បន្ទាប់មកចំណូលទាំងនេះត្រូវបានបែងចែកភាគលាភទៅឲ្យម្ចាស់ភាគហ៊ុនតាមចំនួនហ៊ុនដែលអ្នកបានវិនិយោគ។

រឿងទី២៖ យកលុយទៅវិនិយោគលើផ្សារភាគហ៊ុន

បច្ចុប្បន្នទីផ្សារភាគហ៊ុននៅកម្ពុជាមានប្រហែលបួន ឬប្រាំក្រុមហ៊ុនដែលបានចុះបញ្ជីលក់ភាគហ៊ុនរបស់ខ្លួនលើទីផ្សារ ដើម្បីឲ្យប្រជាពលរដ្ឋដែលចាប់អារម្មណ៍អាចទិញភាគហ៊ុននោះបានទៅតាមលទ្ធភាពរបស់ពួកគេ។ ឧទាហរណ៍៖ អ្នកអាចទិញហ៊ុនភាគដែលអ្នកពេញចិត្តទៅតាមលទ្ធភាពមានដូចជា៖កំពង់ផែស្វយ័តក្រុងភ្នំពេញ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញជាដើម។ ហើយនៅពេលដែលអ្នកទាំងអស់គ្នាវិនិយោគលើផ្សារភាគហ៊ុន នោះអ្នកទាំងអស់គ្នាហ្នឹងទទួលបាននូវភាគលាភទៅទឹកប្រាក់ដែលអ្នកបានទិញ ដែលប្រភពចំណូលមួយគេហៅថាចំណូលអកម្ម។

រឿងទី៣៖ យកលុយទៅវិនិយោគលើអចលនទ្រព្យ (ដី /ផ្ទះ /វីឡា)

ការទិញលើដីធ្លីទុកលក់សម្រាប់យកចំណេញវាល្អជាង យើងយកលុយទៅទិញឡាន ឬស្មាតហ្វូន ពីព្រោះតម្លៃរបស់ឡាន និងស្មាតហ្វូននៅអ្នកទិញវារួច ហើយលក់ចេញវិញនោះតម្លៃវាបានធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំកាន់តែចុះរហូត ប៉ុន្តែការទិញដីទុកតម្លៃរបស់ដីពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើងរហូតដោយសារតែកំណើនប្រជាជនបានកើនឡើង ទើបធ្វើឲ្យតម្លៃដីមានការកើនឡើងខ្លាំង។ 

ដូច្នេះ បើលោកអ្នកមានលុយសល់មិនដឹងគួររកស៊ីអ្វី ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម ខ្ញុំសូមណែនាំឲ្យអ្នកទាំងអស់វិនិយោគទៅរឿងទាំងបីខាងនេះ ក្នុងរឿងមួយណាក៏បានទៅតាមចំណង់ចំណូលចិត្តរបស់អ្នក ប៉ុន្តែត្រូវស្វែងយល់ឲ្យបានច្បាស់លាស់មុននឹងវិនិយោគលើអ្វីមួយដែលអ្នកសម្រេចចិត្តវិនិយោគ៕

អត្តបទដោយ៖ នុត សុណេត (Nut Sonet)

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES