អ្នកត្រូវសំឡឹងមើលរឿងទាំងនេះសិន មុននឹងសម្រេចចិត្តខ្ចីលុយគេដើម្បីរកស៊ី

មានមនុស្សមួយចំនួនរកស៊ីកាន់តែយូរកើនតែបំណុល ហើយបំណុលនោះទៀតសោតមិនមែនជាមួយអ្នកផ្គត់ផ្គង់ទេ គឺវាជាបំណុលរបស់ម្ចាស់លុយតែម្តង។ វានឹងបង្កជាបញ្ហាធំនៅពេលដែលយើងជំពាក់លុយគេហើយការរកស៊ីរបស់យើងមិនមានភាពល្អប្រសើរ។

ជាការពិត ការខ្ចីលុយធនាគារឬខ្ចីលុយអ្នកដទៃដើម្បីចាប់ផ្តើមក្នុងការធ្វើអាជីវកម្មវាមិនមែនជាកំហុស ឬជាអ្វីដែលត្រូវខ្មាសគេនោះទេ គឺយើងកំពុងតែប្រើលុយអ្នកដទៃដើម្បីយកទៅបង្កើតលុយបន្ថែម។ កុំឲ្យតែយើងយកលុយទាំងនោះទៅចាយវាយខុសគោលដៅដូចជាយកលុយទៅដើរលេងហឺហារ ដើរកម្សាន្តក្រៅប្រទេសដែលត្រូវការចំណាយច្រើន ប្តូរសេរីឡាន ទិញផ្ទះ ឬជួនកាលយើងយកវាទៅប៉ាវដៃគូររកស៊ីជាមួយគ្នាជាដើម។

នៅពេលដែលយើងចាយខុសទិសបែបនេះ វានឹងធ្វើឲ្យកម្ចីរបស់យើងមានគ្រោះថ្នាក់។ ដូច្នេះមុននឹងសម្រេចចិត្តខ្ចីលុយគេមករកស៊ីអ្នកត្រូវមើលចំណុចធំៗមួយចំនួនដែលយើងគួរគិតពិចារណាជាមុនសិន។ តើចំណុចទាំងនោះមានអ្វីខ្លះ?

ទាក់ទឹននឹងបញ្ហានេះ លោក សំ កុសល ស្ថាបនិក Business Cambodia បានបង្ហើបកត្តា៣ចំណុច ដែលអ្នកត្រូវគិតមុនសម្រេចចិត្តខ្ចីលុយគេមករកស៊ី ដែលរួមមានដូចខាងក្រោម៖

១. លទ្ធភាពក្នុងការសង

លោកបានលើកឡើងថា មនុស្សមួយចំនួនងាយមែនទែននៅក្នុងការខ្ចីលុយធនាគារឬលុយអ្នកដទៃ ដោយគាត់មានជំនឿនិងជឿជាក់ខ្លាំងថាលុយដែលគាត់បានខ្ចីគេទាំងនោះប្រាដកជាអាចកសាងឬបង្កើតលុយបន្ថែមទៀត។ ប៉ុន្តែនៅក្នុងករណីដែលយើងគិតពីលទ្ធភាពសង បើយើងក្រឡេកមកមើលកម្ចីនៅក្នុងធនាគារយើងឃើញថា ធនាគារមុននឹងផ្តល់កម្ចីមកឲ្យយើងគេនឹងសួរពី ចំណូលចំណាយ ស្ថានភាពគ្រួសារ បន្ទុក និង តើយើងធ្លាប់មានប្រវត្តិខ្ចីគេដែលឬទេ បូករួមទាំងសំណួរជាច្រើនទៀត។ ដូច្នេះអ្វីដែលគេសួរទាំងអស់នេះគឺគេចង់ដឹងពីលទ្ធភាពក្នុងការសងត្រឡប់ទៅធនាគារវិញ។ ហើយបើលទ្ធភាពក្នុងការសងរបស់យើងមានភាពលំបាក នោះលុះត្រាណាតែដាក់ទ្រព្យបញ្ចាំដែលមានតម្លៃថ្លៃហើយជាប្រភេទប្លង់រឹង។ 

មូលហេតុនៅពេលដែលយើងរកស៊ីយូរទៅបាត់បង់អស់ទ្រព្យសម្បត្តិ គឺដោយសារតែយើងគិតពីភាពវិជ្ជមានច្រើនពេក។ ដូច្នេះនៅកំឡុងពេលដែលយើងគិតពីលទ្ធភាពសង យើងត្រូវគិតអវិជ្ជមានឲ្យច្រើន។ ឧទាហរណ៍ ស្រាប់តែពេលមួយយើងបាត់ប្រភពចំណូលពីប្រភពនឹងតែយើងមានប្រភពចំណូលផ្សេងដើម្បីសងម្ចាស់កម្ចីឬទេ។

២. មានគំនិតបង្កើតលុយ

លោកបានបន្ថែមថា ជួនកាលយើងមិនទាន់ចេញរកស៊ី ប៉ុន្តែយើងចេះលក់គម្រោង ប្រសិនបើយើងចេះលក់គម្រោង​នោះយើងនឹងអាចមានលទ្ធិភាពក្នុងការសល់លុយសម្រាប់ធ្វើអាជីវកម្មដោយយើងមិនចាំបាច់ខ្ចីលុយគេនោះទេ។ ម៉្យាងវិញទៀតប្រសិនបើយើងមិនមានគម្រោងសម្រាប់លក់ទេនោះ យើងត្រូវសួរខ្លួនឯងថានៅពេលដែលយើងខ្ចីលុយគេមក តើយើងយកវាទៅចាយសម្រាប់គម្រោងអ្វី។​ ដូចនេះ យើងបានចំណាយពេលគិតរកគំនិតល្អដើម្បីដាក់ចូលទៅក្នុងគម្រោងដែលយើងបម្រុងនឹងធ្វើនោះ។

ហើយយើងត្រូវសួរខ្លួនឯងទៀតថា មុននឹងចាប់ផ្តើមខ្ចីលុយគេ តើយើងបានប្រើគំនិតទៅរកលុយអស់ចិត្តហើយឬនៅ។ មានអ្នកខ្លះយល់ថា ការខ្ចីលុយគេមានភាពងាយស្រួល មិនចាំបាច់លំបាកក្នុងការគិតអ្វីច្រើនពេកនោះទេ។ ប្រសិនបើយើងមានទស្សនៈបែបនេះគឺការគិតរបស់យើងនៅខ្សោយណាស់ ព្រោះថានៅពេលដែលយើងយកលុយគេមក គឺយើងមានបន្ទុកហើយថ្ងៃក្រោយអាចនឹងប្រឈមជាមួយបញ្ហាធ្ងន់ធ្ងទៀតក៏អាចថាបាន។

៣. គោលដៅចាយ

ក្នុងចំណុចនេះ លោកបានសង្កត់ធ្ងន់ថា វាជាកត្តាសំខាន់ជាងគេ មានអ្នកខ្លះសួរថា ខ្ញុំចង់រកស៊ីមុខរបរនេះឬមុខរបរនោះ ឥឡូវនេះខ្ញុំមានគម្រោងចង់ទិញដីដើម្បីធ្វើមុខរបរនឹង។ មុននឹងទិញអ្នកត្រូវសួរខ្លួនឯងហេតុអ្វីត្រូវទិញដីខណៈពេលដែលអ្នកកំពុងតែខ្វះលុយ ម្យ៉ាងវិញទៀតលុយទាំងនោះគឺជាលុយបំណុលថែមទៀតផង។ នៅពេលដែលអ្នករកស៊ីហើយសល់លុយច្រើន អ្នកអាចយកលុយនោះទៅទិញវាក៏មិនទាន់ហួសពេលដែរហើយវាគឺជាជម្រើសល្អទៀតផង។ កុំទាន់អាលខ្ចីលុយគេទៅទិញដី ទិញផ្ទះ ឬអ្វីផ្សេងទៀត យើងត្រូវផ្តោតទៅលើការរកស៊ីជាអទិភាព ព្រោះវាជាប្រភពចំណូលមួយដ៏រឹងមាំបំផុត។ ឬម្យ៉ាងទៀត អ្នកខ្លះខ្ចីលុយគេមកទៅចំណាយលើOffice ទំនើបមានភាពទាក់ទាញដើម្បីឲ្យភ្ញៀវទុកចិត្ត។ អ្នកខ្លះយកលុយទៅទិញវត្ថុធាតុដើមយ៉ាងច្រើនហើយស្តុកទុកចោល ព្រោះតែទីផ្សាមិនទាន់មាន។ នៅពេលដែលអ្នកទាំងអស់គ្នាចាយខុសគោលដៅបែបនេះ លុយដែលអ្នកខ្ចីគេមកគឺពិបាកនៅក្នុងការសងណាស់ ព្រោះវាមិនទាន់បង្កើតជាចំណូលមកឲ្យអ្នកទេ។​

អត្ថបទដោយ៖ កាន់ ដារ៉ា (Financial Writer)

Facebook: Kan Dara

 

 

 

 

 

 

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES