អ្វីដែលធ្វើឱ្យមនុស្សឆ្នើមភាគច្រើនលេចធ្លោជាងមនុស្សទូទៅគឺដោយសារតែកត្តា ៤ធំៗនេះ

ពេលដែលលឺពាក្យថាមហាសេដ្ឋី ប្រាកដណាស់ថានឹងមានមនុស្សភាគច្រើននឹងគិតថាពួកមហាសេដ្ឋីជាមនុស្សដែលអស្ចារ្យខុសពីមនុស្សធម្មតាស្ទើរគ្រប់បែបយ៉ាង។ ប៉ុន្តែតាមការពិតពួកគេក៏មិនខុសអ្វីពីមនុស្សសាមញ្ញធម្មតានោះដែរគឺពួកគេមាន ដៃពីរ ជើងពីរ ខួរក្បាលមួយដូចជាមនុស្សទូទៅដែរ។ អ្វីដែលធ្វើឲ្យពួកគេទទួលបានលទ្ធផលខុសពីមនុស្សទូទៅនោះគឺ ការគិត និង សកម្មភាពរបស់ពួកគេ។  ​​​​ខាងក្រោមនេះគឺជាចំណុច ៤ ដែលមហាសេដ្ឋីរាប់រយនាក់សុទ្ធតែមានចំណុចទាំងនេះ ដែលធ្វើឲ្យពួកគេលេចធ្លោខុសពីមនុស្សធម្មតា៖ 

ការគិតវិជ្ជមាន៖ នៅក្នុងកាលៈទេសៈបែបណាក៏ដោយក៏ពួកគេ តែងតែមានគំនិតវិជ្ជមានជានិច្ច។ ឧទាហរណ៍ នៅពេលដែលមានវិបត្តិសេដ្ឋកិច្ច មនុស្សទូទៅមើលឃើញថាវាគឺជាបញ្ហា ប៉ុន្តែសម្រាប់ពួកមហាសេដ្ឋីពួកគេមើលឃើញថាវាគឺជាឱកាសទៅវិញ។ ចុងក្រោយពួកគេបង្កើតដំណោះស្រាយផ្សេងៗដើម្បីដោះស្រាយវិបត្តិនោះ ហើយគេក៏ទទួលបានផលតបស្នងវិញដោយក្លាយជាសេដ្ឋី។   ម៉្យាងទៀតគេក៏មានការគិតវិជ្ជមានចំពោះខ្លួនឯងថា គេពិតជាអាចធ្វើកិច្ចការស្ទើរគ្រប់បែបយ៉ាងបាន។ 

មហិច្ឆតាធំ៖ នៅពេលណាដែលអ្នកមានមហិច្ឆតាធំ វានឹងធ្វើឲ្យអ្នកមានការតាំងចិត្តខ្ពស់។ នៅពេលដែលមនុស្សមានមហិច្ឆតាធំគេនឹងក្រាញននៀលនឹងការលំបាកគ្រប់បែបយ៉ាងដើម្បីសម្រេចវា។ ជាចុងក្រោយគេនឹងទទួលបាននូវលទ្ធផលដ៏អស្ចារ្យ។ ផ្ទុយទៅវិញសម្រាប់មនុស្សសាមញ្ញធម្មតា ពេលខ្លះពួកគេមិនហ៊ានសូម្បីបង្កើតមហិច្ឆតាសម្រាប់ខ្លួនឯងផង។ ប៉ុន្តែបើសិនជាអ្នកមានមហិច្ឆតាធំ សូមកុំធ្វើឲ្យអ្នកជុំវិញខ្លួនគេទទួលរងនូវការឈឺចាប់ដោយសារតែមហិច្ឆតារបស់អ្នកឲ្យសោះ។

ការជួយអ្នកដទៃ៖ ការជួយអ្នកដទៃវាប្រៀបបីដូចជាការជួយខ្លួនឯងអ៊ីចឹងដែរ។ មហាសេដ្ឋីតែងតែជួយដល់មនុស្សជុំវិញខ្លួនដែលជួបប្រទះនូវបញ្ហា ហើយមហាសេដ្ឋីទាំងនោះក៏ព្យាយាមស្វែងរកដំណោះស្រាយ។ មហាសេដ្ឋីភាគច្រើនមិនមែនចង់មានបានប្រាក់ច្រើនដើម្បីបង្អូតនរណាម្នាក់នោះទេ ប៉ុន្តែពួកគេចង់បានប្រាក់ច្រើន ដើម្បីអាចជួយដល់មនុស្សជាតិកាន់តែច្រើនតាមរយៈការបរិច្ចាគផ្សេងៗ។ 

មិនខ្ជះខ្ជាយពេលវេលា៖ ពេលវេលារយៈពេលត្រឹមតែ ១នាទីពិតជាមានតម្លៃខ្លាំងណាស់សម្រាប់មហាសេដ្ឋី។ ពួកគេមិនចង់ខ្ជះខ្ជាយពេលវេលារបស់គេឥតប្រយោជន៍នោះទេ។ សូម្បីមហាសេដ្ឋី Mark Zuckerberg ដែលជាអ្នកបង្កើតហ្វេសប៊ុក គាត់ពាក់តែអាវយឺតសាមញ្ញដូចៗគ្នាជារៀងរាល់ថ្ងៃ ព្រោះគាត់មិនចង់ខ្ជះខ្ជាយពេលវេលាក្នុងការតុបតែងខ្លួន ឬជ្រើសរើសអាវណាមួយគួរពាក់ថ្ងៃនេះនោះទេ។ បើយើងមើលមកមនុស្សសាមញ្ញវិញ ពួកគេបានខ្ជះខ្ជាយពេលវេលាយ៉ាងច្រើនទៅលើការកំសាន្តដូចជា ស្រី ស្រា ល្បែង ហ្គេមជាដើម ហើយចុងក្រោយជីវិតរបស់ពួកគេគឺមានតែភាពអាប់អួរ និងគ្មានសមិទ្ធផលអ្វីមួយជាដុំកំភួននោះទេ។ 

អត្ថបទដោយ៖ ឡុង វឌ្ឍនៈ(Leadership Writer)

TEL: 096 35 17 713/ 077 656 051

ម្ចាស់ស្នាដៃសៀវភៅ “ស្មុគស្មាញ” ដែលជាសៀវភៅធ្វើឲ្យអ្នកស្គាល់ច្បាស់ពីខ្លួនឯង កំចាត់ចោលនូវភាពស្មុគស្មាញក្នុងចិត្ត និងបង្កើនគុណភាពជីវិតរបស់អ្នកឲ្យមានភាពសប្បាយរីករាយជាងមុន។

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES