





ជាការពិតណាស់ ការគ្រប់គ្រងគណនេយ្យក្នុងអាជីវកម្មមួយអាចជាចំណុចស្លាប់រស់របស់អាជីវកម្មនោះ ព្រោះបើគ្មានការគ្រប់គ្រងគណនេយ្យបានត្រឹមត្រូវទេនោះ អាជីវកម្មអ្នកនឹងជួបបញ្ហាលំហូរសាច់ប្រាក់ជាមិនខាន។ មិនតែប៉ុណ្ណោះ បើអាជីវកម្មរបស់អ្នកគ្មានបញ្ជីស្នាមគណនេយ្យត្រឹមត្រូវទេក៏ជាបញ្ហាធំផងដែរជាពិសេសគឺបញ្ហាជាមួយពន្ធដារតែម្ដង។
ទាក់ទងនឹងបញ្ជីស្នាមគណនេយ្យនេះដែរ លោក ឃុន ដារិទ្ធ managing partner នៃក្រុមហ៊ុន K Professional Accountants បានបង្ហើបពីរឿងដែលម្ចាស់អាជីវកម្មត្រូវធ្វើបើចង់ឲ្យអាជីវកម្មរបស់ខ្លួនមានបញ្ជីស្នាមគណនេយ្យត្រឹមត្រូវតាមច្បាប់៖
១. រៀបចំប្រព័ន្ធគណនេយ្យឲ្យមានប្រសិទ្ធភាព
តើអ្វីទៅជាប្រព័ន្ធគណនេយ្យមានប្រសិទ្ធភាព( effective accounting system)?
ជាធម្មតានៅពេលអ្នកចុះបញ្ជីការគណនេយ្យ អ្នកត្រូវការឯកសារ ដូចជាវិក័យប័ត្រ coding ឬ chart of account ពោលគឹមានប្រ័ពន្ធគណនេយ្យមួយត្រឹមត្រូវនិងច្បាស់លាស់។ រាល់អាជីវកម្មទាំងអស់ចាំបាច់ត្រូវមានប្រព័ន្ធគណនេយ្យមួយឲ្យមានប្រសិទ្ធភាពដើម្បីឲ្យដំណើរជាជីវកម្មមានភាពរឹងមាំលើលំហូរសាច់ប្រាក់។
២. ត្រូវមាន Accounting software
ពេលអ្នកកាន់កាប់អាជីវកម្មមួយ អ្នកត្រូវតែធ្វើការតាមដានប្រាក់ចំណូលចំណាយនៃអាជីវកម្មរបស់អ្នកឲ្យបានត្រឹមត្រូវ។ ចំពោះការធ្វើអាជីវកម្មក្នុងសម័យបច្ចេកវិទ្យាគឺយើងត្រូវប្រើប្រាស់ software ដើម្បីគ្រប់គ្រងគណនេយ្យព្រោះវាផ្ដល់ភាពងាយស្រួលដល់ម្ចាស់អាជីវកម្មក្នុងការគ្រប់គ្រងរបាយការណ៍ហិរញ្ញវត្ថុ។
លោកអ្នកអាចជ្រើសរើស Accounting software ណាមួយដែលអាចប្រើប្រាស់បានដូចជា Quickbooks, Peachtree និង Excel ជាដើម។ ត្រង់ចំណុចនេះដែរ លោក ឃុន ដារិទ្ធបង្ហើបថា ម្ចាស់អាជីវកម្មត្រូវប្រើប្រាស់ Accounting software ព្រោះបច្ចេកវិទ្យាកាន់តែដើរទៅមុខ ដូច្នេះគណនេយ្យករត្រូវចេះប្រើប្រាស់បច្ចេកវិទ្យាក្នុងការគ្រប់គ្រងលុយ មិនមែនធ្វើការដូចពីមុនដូចជាតក់ត្រារបាយការណ៍នៅក្នុងសៀវភៅនោះទេ ហើយការធ្វើបែបនេះខាតពេលវេលានិងមិនមានប្រសិទ្ធភាពឡើយ។
៣. ត្រូវមានគណនេយ្យករក្នុងក្រុមហ៊ុន
បន្ទាប់ពីអ្នកមាន ប្រព័ន្ធគណនេយ្យឲ្យមានប្រសិទ្ធភាព និង Accounting software រួចហើយ អ្នកចាំបាច់ត្រូវមានគណនេយ្យករសម្រាប់ធ្វើការងារលើកិច្ចការគណនេយ្យនេះ។ គណនេយ្យករនេះទៀតសោត អ្នកត្រូវជ្រើសរើសគណនេយ្យករដែលមានគុណភាពនិងសមត្ថភាពច្បាស់លាស់។
លោក ឃុន ដារិទ្ធ បានសង្កត់ធ្ងន់ថា បើអាជីវកម្មមួយមិនមាន ប្រព័ន្ធគណនេយ្យឲ្យមានប្រសិទ្ធភាព មិនមាន Accounting software និងមិនមានគណនេយ្យករ មានសមត្ថភាពទេនោះ ម្ចាស់អាជីវកម្មមិនអាចមានបញ្ជីស្នាមគណនេយ្យត្រឹមត្រូវបានច្បាប់ឡើយ ពោលគឺទាំង៣ចំណុចដែលលោកបានរៀបរាបខាងលើនេះគឺសុទ្ធតែរឿងចាំបាច់ដែលម្ចាស់អាជីវកម្មត្រូវមាន មិនអាចខ្វះមួយណាបានឡើយ៕
អត្ថបទដោយ៖ ហុង