ប្រធានអង្គការទេសចរណ៍ពិភពលោក ផ្ញើលិខិត១ជូនកម្ពុជាចំពោះការអនុញ្ញាតឲ្យនាវាWesterdamចូលចត

កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ប្រធានអង្គការទេសចរណ៍ពិភពលោក លោក Zurab Pololikashvili បានផ្ញើលិខិតមួយច្បាប់មកកម្ពុជា ចំពោះការអនុញ្ញាតឲ្យនាវាដឹកភ្ញៀវទេសចរខ្នាតយក្ស Westerdam ចូលចតនៅកំពង់ផែក្រុងព្រះសីហនុកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។

នៅក្នុងលិខិតមួយច្បាប់នេះបានសរសេរថា “ខ្ញុំសូមសំដែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅបំផុត ក្នុងនាមអង្គការទេសចរណ៍ពិភពលោក ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានឆ្លើយតបប្រកបដោយមនុស្សធម៌គួរឲ្យកត់សំគាល់ចំពោះស្ថានភាពដ៏លំបាក់នៃនាវាទេសចរណ៍ Westerdam ដោយបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងអនុញ្ញាតឲ្យចុះចតនៃកំពង់ផែខេត្តព្រះសីហនុ បើទោះបីស្ថិតក្នុងស្ថានភាពនៃការភ័យខ្លាចនៃជំងឺវីរុសកូរ៉ូណាក៏ដោយ។

ដូចយើងទាំងអស់គ្នាបានដឹងហើយ ការរីករាលដាលនៃជំងឺវីរ៉ុសកូរ៉ូណានាពេលបច្ចុប្បន្ននេះ គឺជាប្រភពនៃការព្រួយបារម្ភចំពោះសហគមន៍អន្តរជាតិ ហើយការខិតខំប្រឹងប្រែងដើម្បីទប់ទល់ការឆ្លងនៃជំងឺ និងការបង្កើតនូវការព្យាបាលមួយ គឺជាការងារបន្ទាន់ចាំបាច់ដែលត្រូវដឹកនាំអនុវត្តដោយអង្គការសុខភាពពិភពលោក (WHO)។ រដ្ឋាភិបាលចិនបាននិងកំពុងចាត់វិធានការដោយប្រុងប្រយ័ត្នស្មើដៃគ្នា ព្រមជាមួយនឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយអង្គការសុខភាពពិភពលោក និងដៃគូពាក់ព័ន្ធនានាដើម្បីទប់ទល់ទៅនឹងការរាតត្បាតនៃជំងឺនេះ។

អង្គការទេសចរណ៍ពិភពលោកក៏កំពុងពិនិត្យយ៉ាងយកចិត្តទុកដាក់ចំពោះការវិវត្តន៍នៃជំងឺវីរ៉ុសកូរ៉ណានេះ តាមរយៈកិច្ចប្រជុំជាប់ជាប្រចាំជាមួយអង្គការសុខភាពពិភពលោក ហើយយើងមានសេចក្តីរីករាយដែលបានដឹងថា អត្រានៃការឆ្លងជំងឺនេះមានការថយចុះ។ យើងពិតជាមានមោទនភាពណាស់ចំពោះការបង្ហាញចេញរបស់កម្ពុជានូវសាមគ្គីអន្តរជាតិ ដែលនឹងលើកទឹកចិត្តដល់ប្រទេសផ្សេងៗទៀតអោយធ្វើតាម និងផ្តល់នូវការជួយគាំទ្រដ៏ចាំបាច់ជាច្រើននៅពេលណាដែលមានតម្រូវការ។

ខ្ញុំសូមគូសបញ្ជាក់ថា អង្គការទេសចរណ៍ពិភពលោកសូមកោតសរសើរដ៏ស្មោះចំពោះសេចក្តីក្លាហានរបស់កម្ពុជា និងការបង្ហាញយ៉ាងកក់ក្តៅនូវក្តីស្រលាញ់ជាលក្ខណៈបងប្អូន ជូនចំពោះអ្នកដំណើរជាងពីរពាន់នាក់ ដែលនៅតែលតោលលើសមុទ្រ។

សូមជម្រាបថា នាវាទេសចរណ៍ Westerdam នេះមានផ្ទុកអ្នកដំណើរសរុបជាង ២,២០០នាក់ ក្នុងនោះភ្ញៀវទេសចរ ១,៤៥៥នាក់ និងបុគ្គលិកនាវាចំនួន ៨០២នាក់ បានចាកចេញពីទីក្រុងហុងកុង កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង និងកោះហ្គាំ (អាមេរិក) បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី៕

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES