Warren Buffett ប្រាប់មូលហេតុលោកនិងBill Gates ស្គាល់គ្នាជិត៣០ឆ្នាំតែមិនវិនិយោគជាមួយ

មហាសេដ្ឋីមានបំផុតលើលោកពីររូបគឺលោក Warren Buffett បិតាវិនិយោគលំដាប់កំពូល និងជាស្ថាបនិកក្រុមហ៊ុន Berkshire Hathaway និងលោក Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft បានក្លាយជាមិត្តដ៏ស្និតស្នាលនឹងគ្នាអស់ពេលជិត៣០ឆ្នាំហើយ រាប់ចាប់តាំងពីពួកគាត់ជួបគ្នាជាលើកដំបូងនៅឆ្នាំ១៩៩១។

ត្បិតទំនាក់ទំនងដ៏ជិតស្និតរបស់លោកទាំងពីរដើរអស់ពេលជាច្រើនឆ្នាំ ប៉ុន្តែ Warren Buffett មិនដែលបោះទុនវិនិយោគកាន់កាប់ភាគហ៊ុនក្រុមហ៊ុនយក្ស Microsoft មួយភាគហ៊ុនឡើយ ដោយលោកបែរជាងាកទៅវិនិយោគទិញភាគហ៊ុនដ៏ច្រើនលើសលុបរបស់ Apple និងកូកាកូឡាវិញជាដើម។​

នៅក្នុងបទសម្ភាសន៍មួយ Warren Buffett បានបង្ហើបឱ្យដឹងថា លោកចាប់ផ្តើមស្គាល់លោក Bill Gates នៅឆ្នាំ១៩៩១ ដែលនៅពេលនោះ Bill Gates ក៏ធ្លាប់អូសទាញរូបលោកឱ្យវិនិយោគក្នុងក្រុមហ៊ុនគាត់ដែរ ប៉ុន្តែមិនទទួលបានជោគជ័យ ដោយសារតែលោក មិនសូវចាប់អារម្មណ៍លើការវិនិយោគបច្ចេកវិទ្យាប៉ុន្មានទេ។

លោកបន្ថែមថា៖ លោកសួរដេញដោលលេងជាមួយ Bill Gates ខណៈពេលដែល Bill Gates និយាយថា មនុស្សម្នាក់ៗ ត្រូវតែមានកុំព្យូទ័រម្នាក់មួយ ហើយនឹងមានតម្រូវការប្រើប្រាស់កម្មវិធីដែល Microsoft ជាអ្នកបង្កើត ប៉ុន្តែពេលនោះ Warren Buffett បានលើកឡើងថា ខ្លួនលោកផ្ទាល់គ្មានប្រើកុំព្យូទ័រផងដែរ ហើយរូបលោកគិតថា មនុស្សញ៉ាំស្ករកៅស៊ូ និងផឹកកូកាកូឡាញឺកញាប់ជាង ហេតុនេះ លោកសម្រេចវិនិយោគក្នុងវិស័យទាំងនោះជំនួសវិញ។

ថ្វីត្បិតតែការចរចារអូសទាញរបស់ Bill Gates មិនបានសម្រេច ប៉ុន្តែពួកគាត់ទាំងពីរនៅតែរាប់អានគ្នាជាមិត្តយល់ចិត្តថ្លើមគ្នា គោរពឱ្យតម្លៃ ជួយប្រឹក្សាគ្នាទៅវិញទៅមកជាប្រចាំ។ ជាងនេះទៅទៀត ពួកគាត់បានសហការគ្នា ដកលុយម្នាក់មួយចំណែកជាប្រចាំ ធ្វើការងារមនុស្សធម៌រួមគ្នាជាហូរហែរ។

គួរជម្រាបផងដែរថា បច្ចុប្បន្ន មហាសេដ្ឋីវ័យ៨៨ឆ្នាំរូបនេះ មានទ្រព្យសរុបប្រមាណជាង៨២ពាន់លានដុល្លារអាមេរិក និងជាម្ចាស់ភាគហ៊ុនធំបំផុតនៅក្នុងក្រុមហ៊ុនកូកាកូឡា៕

“វិនិយោគិនឆ្នើម ជាមនុស្សដែលអាចធ្វើឲ្យខ្លួនឯងដេកលក់ស្ងប់ចិត្តនៅពេលយប់”

 

អត្ថបទដោយ៖ MENG SONGHUA

CEO CAM-IN

0 មតិ

បញ្ចេញមតិ

RELATED ARTICLES