Warren Buffett៖ ដើម្បីជោគជ័យលើកការវិនិយោគ អ្នកត្រូវរើសក្រុមហ៊ុនឲ្យត្រូវត្រឹមតែ៤ ឫ៥ប៉ុណ្ណោះ

កំពូលមហាសេដ្ឋី និងជាបិតាវិនិយោគរបស់អាមេរិក លោក Warren Buffett គឺជាមនុស្សដែលចូលចិត្តខ្លាំងក្នុងការវិនិយោគ ពិសេសវិនិយោគនៅក្នុងវិស័យមូលបត្រក្រុមហ៊ុនធំៗផ្ទាល់តែម្តង ទោះជារូបលោកផ្ទាល់ជាម្ចាស់ក្រុមហ៊ុនលំដាប់កំពូល Berkshire Hathaway ក៏ដោយ។

លោកតាមហាសេដ្ឋីរូបនេះធ្លាប់បញ្ជាក់ថា មិនថាតែអ្នកមាន ឫអ្នកក្រទេ ដើម្បីចៀសផុតពីបញ្ហាលុយរឿងលុយកាក់ត្រូវតែចេះសន្សំសំចៃ និងចេះវិនិយោគ ប្រើប្រាស់លុយទៅបង្កើតលុយផ្សេងទៀត បង្កើតប្រភពចំណូលឲ្យបានកាន់តែច្រើន កាន់តែល្អ។​

ជាក់ស្តែង អ្នកដែលធ្វើការងារឲ្យគេពេញមួយជីវិត ច្រើនតែជាមនុស្សរំពឹងតែប្រភពចំណូលមួយផ្លូវ គឺប្រាក់ខែ ក្រៅពីនេះប្រាក់ខែចាយអស់ ពួកគាត់គ្មានអ្វីផ្សេងទៀតទេ ហើយពេលណាគាត់បាត់បង់ការងារ ឫមានបញ្ហាណាមួយមិនអាចរកការងារបាន ជីវិតដ៏កំសត់កម្រក៏កើតមានឡើងនៅពេលនោះដែរ។​

បិតាវិនិយោគ Warren Buffett ចាប់ផ្តើមរៀនវិនិយោគតាំងពីរូបលោកមានអាយុជាង១០ឆ្នាំម្ល៉េះ ប៉ុន្តែអ្វីដែលគួរឲ្យកោតសសើរ គាត់អាចរកឃើញក្បួនវិនិយោគដែលមានភាពលម្អៀងតិច វិនិយោគជោគជ័យ និងចំគោលដៅច្រើនជាងខុស ធ្វើឲ្យរូបលោកក្លាយជាសេដ្ឋីតាំងពីវ័យក្មេង។​

មហាសេដ្ឋីរូបនេះបានសង្កត់ធ្ងន់ថា ដើម្បីជោគជ័យក្នុងការវិនិយោគ អ្នកត្រូវការជ្រើសរើសក្រុមហ៊ុនឱ្យត្រូវត្រឹមតែ៤ ឫ៥ក្រុមហ៊ុនប៉ុណ្ណោះក្នុងមួយជីវិត នោះអ្នកអាចរួចផុតពីភាពក្រទ្រព្យអស់មួយជីវិត។ ប៉ុន្តែជាបទពិសោធន៍របស់លោក អ្វីដែលលោកចង់បញ្ជាក់បន្ថែមគឺរើសក្រុមហ៊ុន៤ ឫ៥ឱ្យត្រូវចេញពីក្រុមហ៊ុនរាប់ពាន់ក្រុមហ៊ុនផ្សេងទៀត។ ហេតុនេះទាមទារឱ្យអ្នកមានចិត្តតស៊ូ ជម្នៈ និងមានភាពអំណត់ខ្ពស់ ជួនពេលខ្លះអ្នករកបានក្រុមហ៊ុនដែលខ្លួនស្រឡាញ់ពេញចិត្ត ប៉ុន្តែអ្នកដឹកក្រុមហ៊ុនបែរជាមិនទាន់ល្អគ្រប់គ្រាន់ ឫថ្លៃភាគហ៊ុនដែលគេលក់នោះ វាថ្លៃហួសហេតុពេកជាដើម។ 

ការបន្តស្វែងរកឱកាសក្នុងការវិនិយោគជាមួយក្រុមហ៊ុនដ៏ត្រឹមត្រូវមិនមែនជារឿងងាយស្រួលឡើយ ហើយក៏មិនអាចផ្តល់ផលចំណេញឱ្យអ្នកភ្លាមៗនោះដែរ ចឹងទេ ត្រូវរៀនហ្វឹកហាត់ចិត្តខ្លួនឯងពីតិចៗទៅ រៀនទទួលយកលទ្ធផលចេញពីគិតត្រូវ និងការគិតខុសរបស់ខ្លួន ហើយរៀនសូត្របន្ថែមទុកជាបទពិសោធន៍។

គោលការណ៍សម្រាប់អ្នកមាន និងមហាសេដ្ឋី តែងតែលើកឡើងពីកត្តាធំបួន គឺចេះបង្កើតលុយ ចេះសន្សំលុយ ចេះប្រើប្រាស់លុយ និងចេះរក្សាទុកលុយឲ្យកើតជាលុយ៕

 

អត្ថបទដោយ៖ MENG SONGHUA

អ្នកនិពន្ធសៀវភៅ “ត្រៀមចេញរកស៊ីឱ្យចំគោលដៅ”

 

 

0 មតិ

បញ្ចេញមតិ

RELATED ARTICLES