ចង់ផ្លាស់ប្តូរវាសនាក្លាយជាអ្នកមាន គន្លឹះវិនិយោគអចលនទ្រព្យវៃឆ្លាតនេះអាចជួយអ្នកបាន

ដោយសារតែមានអ្នកចង់ក្លាយជាអ្នកមានច្រើន ចង់មានជីវភាពធូរធា មិនចង់ស្ថិតនៅក្នុងស្ថានភាពក្រីក្រដូចមុន មានវិធីច្រើនអាចប្រឹងប្រែងធ្វើការជាងមុន ចេញរកស៊ី ឬផ្លាស់ប្តូរខ្លួនទៅជាអ្នកវិនិយោគជាដើម។ វិធីសាស្ត្រមួយអាចជួយឱ្យយើងមានទ្រព្យសម្បត្តិច្រើន គឺការវិនិយោគលើដីធ្លី ដោយសារតែវិស័យនេះកំពុងមានតម្រូវការខ្ពស់នៅកម្ពុជា ហើយអត្រាឡើងថ្លៃក៏ទៅតាមនោះដែរ។

នៅថ្ងៃនេះ Business Cambodia លើកយកនូវរូបមន្តជាគន្លឹះខ្លះៗនៃការវិនិយោគលើដីធ្លីពីអ្នកជំនាញលើវិស័យនេះយូរឆ្នាំ គឺលោកឈុំ ឈន់ មកបង្ហាញដូចខាងក្រោម៖

១-ការទិញលក់លឿនៗ : ទិញថោក លក់ថ្លៃ ផលិតបានប្រាក់ចំណេញ។ គោលការណ៍នេះ ត្រូវស្វែងរកប្រភេទអចលនទ្រព្យលក់បន្ទាន់ៗក្រោមទីផ្សារ ទិញតាមរូបមន្ត BMV ( Bellow Market Value) ក្រោមទីផ្សារចន្លោះ 20% ( បញ្ជាក់មិនមែនក្រោមទីផ្សារតាមមាត់អ្នកលក់និយាយទេ មានក្បួនមើល ) ហើយយើងលក់ចេញវិញភ្លាមៗ ឬចន្លោះមុន 6 ខែ ក្រោយការទិញ តាមតម្លៃទីផ្សារ ឬលើសបន្តិចបន្តួច ដែលអាចផលិតប្រាក់ចំណេញបានចន្លោះ 30% ឡើង។

យើងត្រូវស្គាល់ច្បាស់ពីប្រភេទអលនទ្រព្យ ចេះមើល ចេះវិភាគទិន្នន័យ ទើបអាចរកបានអចលនទ្រព្យល្អ ទិញតាមក្បួន BMV លក់បានចំណេញលុយលឿន។ គ្រាន់តែមានជំនាញច្បាស់ពីការទិញលក់ស្គាល់ពេលត្រូវទិញ ស្គាល់អចលនទ្រព្យត្រូវទិញ ស្គាល់ពេលត្រូវលក់ ទិញថោក លក់ថ្លៃ គឺអាចផលិតប្រាក់ចំណេញបាន បន្តធ្វើបែបនេះផលិតលុយចំណេញរហូត។

២-ទិញហើយរក្សាទុកយូរ : ទិញថោក ជួលបានថ្លៃ ផលិតបានប្រាក់ចំណេញ។ គោលការន៍នេះ ត្រូវស្វែងរកទិញអចលនទ្រព្យល្អ BMV ទិញបានតម្លៃក្រោមទីផ្សារ ហើយដាក់ជួលបានតម្លៃខ្ពស់ 8% ឡើង ក្នុងមួយឆ្នាំ នោះយើងអាចទុកអចលនទ្រព្យនេះបានយូរ។ អចលនទ្រព្យប្រភេទនេះផលិតប្រាក់ចំណេញឱ្យយើងរាល់ខែ ស្មើនឹងយើងដំកល់លុយនៅធនាគារយកការប្រាក់ដែរ ប៉ុន្តែ កុំភ្លេចថា លុយយើងសន្សំនៅធនាគារបានការប្រាក់មែន តែលុយដើមនៅចំនួនដដែល យូរឆ្នាំយ៉ាងណា ក៏ប្រាក់ដើមមិនកើនដែរ។ 

ផ្ទុយទៅវិញ ទិញអចលនទ្រព្យតាមគោលការណ៍នេះ បានប្រាក់ថ្លៃជួលប្រចាំឆ្នាំ ចន្លោះ 8% ឡើង ដូចបានការប្រាក់ធនាគារមែន ប៉ុន្តែ តម្លៃអចលនទ្រព្យវិញកើនឥតល្ហែរ ចាយលុយថ្លៃជួលបានកាន់តែយូរឆ្នាំ តម្លៃដើមអចលនទ្រព្យកាន់តែលក់បានចំណេញច្រើន។ ដើម្បីទិញអចលនទ្រព្យបានតាម BMV និងជួលបាន 8% ឡើង ត្រូវចេះមើលប្រភេទអចលនទ្រព្យ ចេះស្រាវជ្រាវច្បាស់ រៀនជំនាញវិភាគទិន្នន័យ។
៣-ទិញដោយប្រើលុយតិច ឬប្រើលុយធនាគារ : ត្រូវមានចំណុចទាំង 2 ខាងលើ ស្វែងរកប្រភេទអចលនទ្រព្យល្អ BMV ជួលបានលើស 8% ហើយយើងត្រូវប្រើលុយធនាគារចន្លោះ 60%-70% ដើម្បីបង្កើនតម្លៃទ្រព្យដែលយើងមាន។ ឧទាហរណ៍ : យើងមានលុយ $15,000 យើងត្រូវរកអចលនទ្រព្យស្ថិតក្នុងចំណោម 2 ចំណុលខាងលើ ហើយប្រើលុយធនាគារ 70% មកបង្គ្រប់ តម្លៃអចលនទ្រព្យនោះ $35,00០ ទៀត តម្លៃសរុប $50,000។ យើងលែងមានលុយ $15,000 ដូចមុនទៀតហើយ ពេលនេះ យើងមានលុយ $50,000 តែជំពាក់បំណុលធនាគារ $35,000។ ប្រាក់ជួលអចលនទ្រព្យលើស 8% សម្រាប់បង់រំលស់សងធនាគារ។

យើងអាចទុកអចលនទ្រព្យបែបនេះតាមគោលកាណ៍ទី 2 ក៏បាន ឬយើងអាចលក់ចេញវិញលឿន តាមគោលការណ៍ទី 1 ក៏បាន យកប្រាក់ចំណេញ 30% នៃតម្លៃអចលនទ្រព្យសរុប ( 30% = $15,000 ) បូកចូលគ្នា ស្មើ $75,000 សងលុយធនាគារវិញហើយយើងនៅសល់លុយចំណេញ 100% នៃលុយដើម $15,000 ដំបូង។

សូមបញ្ជាក់ថាមិនមែនអ្នកទិញអចលនទ្រព្យ ទិញដី ទិញផ្ទះហើយ អាចក្លាយជាអ្នកមានគ្រប់គ្នានោះទេ អ្នកខ្លះទិញហើយខាត អ្នកខ្លះបំណុលវ័ណ្ឌក អ្នកខ្លះនឹកឃើញចង់ទិញក៏ទិញ ចង់លក់ក៏លក់ គ្មានគោលដៅច្បាស់លាស់ ពួកគាត់ភាគច្រើនបានត្រឹមតែជាអ្នកទិញធម្មតា។ បើចង់ចំណេញលុយ ឬក្លាយជាអ្នកមាន ត្រូវធ្វើជាអ្នកវិនិយោគអចលនទ្រព្យ ចេះមើលប្រភេទអចលទ្រព្យល្អ ឬមិនល្អ ចេះវិភាគទិន្នន័យ ទិញតាមក្បួន មានគោលការណ៍ច្បាស់លាស់ ទើបផលិតបានប្រាក់ចំណេញរហូត។

 

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES