





នៅក្នុងប្រទេសកម្ពុជាយើង បើនិយាយពីយីហោលក់អាហារពេលល្ងាចគឺមានច្រើនមែនទែន ហើយយីហោដែលលក់ស៊ុបនិងសាច់អាំងក៏មានមិនតិចនោះដែរ។ ប៉ុន្តែបើយើងសួរថា តើយីហោមួយណាដែលមានភ្ញៀវចូលញ៉ាំ និងមានសាខាច្រើនជាងគេនៅក្នុងប្រទេសនោះ ប្រាកដណាស់ថា មនុស្សគ្រប់គ្នានឹងនឹកទៅដល់យីហោកូនខ្មែរបែបហ្វ្រេនឆាយមួយគឺ ស៊ុបចង្កាក់ Volcano ដោយក្នុងពេលបច្ចុប្បន្ននេះ មានរហូតដល់ ២៣សាខា និងអាចបង្កើតការងារជូនប្រជាពលរដ្ឋប្រមាណ ៥០០នាក់ឯណ្ណោះ។
នៅពីក្រោយភាពជោគជ័យយ៉ាងធំសម្បើមរបស់យីហោ ស៊ុបចង្កាក់ Volcano អ្នកស្រី ធី សុគន្ធា គឺជាស្ថាបនិក និងជាអ្នកកែច្នៃអាជីវកម្មលក្ខណៈគ្រួសារមួយនេះ ឱ្យទៅជាយីហោបែបហ្រ្វេនឆាយ ដែលមានអ្នកសុំទិញសិទ្ធិអាជីវកម្មយកទៅលក់បន្តយ៉ាងច្រើនស្ទើរមិនគួរឱ្យជឿ។ សហគ្រិនរូបនេះ បានប្រាប់ Business Cambodia ឱ្យដឹងថា ដំបូងឡើយស៊ុបចង្កាក់ គ្រាន់តែជាអាជីវកម្មសេងពីគេតែប៉ុណ្ណោះ។
សហគ្រិនស្រ្តីវ័យ ២៩ឆ្នាំខាងលើនេះ បានរៀបរាប់ថា ស៊ុបចង្កាក់ គឺជាអាជីវកម្មដែលគាត់បានសេងពីមិត្តភក្តិរបស់គាត់ម្នាក់ នៅក្នុងឆ្នាំ២០១៥ ដោយកាលណ្ណោះ គាត់បានយកអាជីវកម្មទាំងមូលមកកែច្នៃ និងបានរៀបចំប្រព័ន្ធគ្រប់គ្រងផ្សេងៗជាថ្មី ដើម្បីទាក់ទាញភ្ញៀវចូល។ អាជីវកម្មផ្នែកអាហារពេលល្ងាចមួយនេះ ចាប់ផ្តើមផ្ទុះខ្លាំងនៅចុងឆ្នាំ២០១៦ ដោយអាចពង្រីកខ្លួនបានរហូតដល់ ៣សាខាឯណ្ណោះ។ ហើយនៅក្នុងឆ្នាំ២០១៨ ស៊ុបចង្កាក់Volcano បានពង្រីកខ្លួនទូទាំងរាជធានីភ្នំពេញចំនួន ១៧សាខា និងបានពង្រីកខ្លួនទៅតាមបណ្តាខេត្តជាបន្តបន្ទាប់ទៀត រហូតដល់ឆ្នាំ២០១៩នេះ មាននៅតាមបណ្តាខេត្តចំនួន៦ ដោយនីមួយៗមាន ១សាខា និងត្រៀមបើកសាខាថ្មីមួយបន្ថែមទៀត នាពេលឆាប់ៗខាងមុខ។
អ្នកស្រី ធី សុគន្ធា បានសង្កតធ្ងន់ថា មូលហេតុដែលធ្វើឱ្យ ស៊ុបចង្កាក់ Volcano អាចជោគជ័យបានមកដូចសព្វថ្ងៃនេះ គឺមានកត្តារួមផ្សំច្រើន ប៉ុន្តែកត្តាធំៗមាន២។ កត្តាទីមួយ គឺដោយសារអ្នកស្រីស្រលាញ់របរមួយនេះខ្លាំង ដូច្នេះវាបានធ្វើឱ្យអ្នកស្រីដាក់ទាំងចិត្ត ដាក់ទាំងកាយទៅលើអាជីវកម្មមួយនេះ។ រីឯកត្តាទី២ គឺដោយសារ Volcano តែងតែមានរបស់ថ្មីៗជានិច្ចសម្រាប់អតិថិជន ហើយអ្វីដែលពិសេសនោះគឺ Volcano ព្យាយាមយកផលិតផលក្នុងស្រុកមកប្រើប្រាស់រហូតដល់ ៨០ភាគរយឯណ្ណោះ ៕
សូមចាំតាមដានអត្ថបទជាច្រើនទៀត ទាក់ទងនឹងអ្នកស្រី ធី សុគន្ធា និង ស៊ុបចង្កាក់ Volcano...
អត្ថបទដោយ៖ Meng SonglY (LeEmon Biz)