ធ្វើយូធូបក្នុងមួយវីឌីអូនឹងរកបាន ៥០០ដុល្លារផុយៗ បើមានអ្នកមើលត្រឹមចំនួនប៉ុននេះ

មកដល់ឆ្នាំ ២០២០ នេះ លែងមានអ្នកសង្ស័យទៀតហើយថា YouTube រកលុយមិនបាននោះ ប៉ុន្តែអ្វីដែលមនុស្សភាគច្រើននៅរារែកចិត្តនោះ​គេមិនដឹង​ YouTube គិតលុយឱ្យអ្នកធ្វើវីឌីអូតាមរបៀបណា។

ពិតណាស់ថាអ្វីដែលយើងឮពីមនុស្សជាច្រើនជុំវិញខ្លួនថា ឱ្យតែមានអ្នកមើលច្រើនដឹងតែរកលុយបានច្រើនហើយ ប៉ុន្តែ​មែនទែនទៅការរកលុយនេះអាស្រ័យទៅលើកត្តាច្រើនដូចជាប្រភេទនៃឆានែល ប្រភេទនៃវីឌីអូ ប្រភេទនៃពាណិជ្ជកម្ម​ ប្រភេទនៃអ្នកមើល បូកផ្សំទាំង​ចំនួននៃការទស្សនាផងនោះ។

ជាមួយគ្នានេះដែរ YouTube ក៏មានមុខងារ​បើកឱ្យអ្នកធ្វើវីឌីអូ​ដាក់ផ្ទាំងពាណិជ្ជកម្មនៅកន្លែង​ដែលខ្លួនគិតថា​ចាប់អារម្មណ៍ និងទាក់ទាញអ្នកមើលឱ្យ​មើលពាណិជ្ជកម្ម ជាជាងដែល YouTube រៀបចំដោយស្វ័យប្រវត្តិឱ្យអ្នកធ្វើវីឌីអូនោះ។

បើតាម Business Insider សម្រាប់អ្នកធ្វើវីឌីអូ​នៅអាមេរិក​មួយរូប គឺកញ្ញា Natalie Barbu ដែលគាត់លើកឡើងថា​ បើតាមគាត់សង្កេត​លើវីឌីអូ​គាត់ប្រមាណជា ២០វីឌីអូ វីឌីអូដែលទទួលបានការមើល​១សែនដង អាចរកលុយតិចបំផុត​ក៏ ៥០០ដុល្លារទៅ ១ពាន់ដុល្លារ​ដែរក្នុង​មួយវីឌីអូ។

កញ្ញាក៏បានលើកឡើង​ផងដែរថា ចំណូល ៥០០ ដុល្លារ​នេះកើតចេញពីការទស្សនាផ្ទាំងពាណិជ្ជកម្ម ដែលកញ្ញា​បានដាក់តែមួយផ្ទាំងប៉ុណ្ណោះនៅក្នុងសាច់វីឌីអូ ដែលត្រូវកន្លែងហើយទាក់ទាញ។ ហើយបើអ្នក​ធ្វើវីឌីអូពូកែ ក៏អាច​ស្វែង​រកចន្លោះដាក់ពាណិជ្ជកម្មបានច្រើន រីឯចំណូលក៏កើនទៅតាមនោះដែរ។

សម្រាប់ការរកលុយពី YouTube បើសិន​ជាធ្វើវីឌីអូ​ដើម្បីឱ្យមនុស្សនៅប្រទេស​ប៉ែកអាមេរិក និងអឺរ៉ុបមើល ភាគច្រើននឹងអាចរកចំណូលបានច្រើនជាង​ដែលការ​ធ្វើវីឌីអូសម្រាប់​អ្នកនៅក្នុងស្រុក​ ហើយកន្លងមកអ្នករកលុយ​ពី យូធូបស្រុកយើងភាគច្រើនក៏​ធ្វើវីឌីអូ​តម្រូវ​អ្នកទស្សនាបរទេស​ផងដែរ។

ជាទូរទៅតម្លៃពាណិជ្ជកម្មនៅបរទេស​ ពេលមានអ្នកទស្សនា១ពាន់ដង (CPM) អាច​រកចំណូល​ពី ១ដុល្លារ ទៅ ៣ដុល្លារ ហើយពេលខ្លះអាចនឹង​លោតទៅដល់ ៧ដុល្លារ​ទៀតក៏ថាបាន៕

អត្ថបទដោយ៖ Sakada Techie

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES