ក្រុមហ៊ុនខាងសេវាទូរស័ព្ទវៀតណាម Viettel គ្រោងតម្លើងអង់តែន 5G សាកល្បងនៅកម្ពុជាឆាប់ៗនេះហើយ

បើតាមសារពត៌មានវៀតណាម VNexpress បានឱ្យដឹង​ថាកាលពីពេលថ្មីៗនេះមានពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយរបស់ដៃគូរ​វិនិយោគឯកជន និង​សាធារណៈរវាងទូរគមនាគមន៍កម្ពុជា ជាមួយនឹង​ក្រុមហ៊ុនទូរគមនាគមន៍វៀតណាមធំមួយមានឈ្មោះថា Viettel។

នៅក្នុង​ពិធីនោះផងដែរ ត្រូវបាន​កាសែតវៀតណាម VNexpress ដដែល​លើកឡើងដោយស្រង់សម្ដីថ្នាក់ដឹកនាំជាន់ខ្ពស់​លោក Nhong Dinthon ​ថានឹងមានការតម្លើង​សាកល្បង​នូវ​អង់តែនផ្ដល់សេវាទូរស័ព្ទ 5G មួយឆាប់ៗនេះហើយ។

ជាមួយគ្នានោះដែរ ភាគីទាំងសងខាង កម្ពុជានិង​វៀតណាមក៏នឹង​ធ្វើកិច្ចសហប្រតិបត្តិការទៅលើការអភិវឌ្ឍ​វិស័យ​ទូរគមនាគមន៍ដូចជា e-government, e-health, e-education, e-agriculture, smart cities និង​បច្ចេកវិទ្យា IoT ឬ Internet of Things នោះ។

កន្លង​មកបច្ចេកវិទ្យា 5G របស់ក្រុមហ៊ុនវៀតណាម Viettel នេះធ្លាប់បានតម្លើង​និងចេញផ្សាយសេវា 5G សាកល្បង​ដោយជោគជ័យនៅតំបន់មួយនាទីក្រុងហាណូយរួចទៅហើយ ដោយមានល្បឿន​សាកល្បង​ក្នុង​ការបញ្ជូនទិន្នន័យចន្លោះពី ៦០០ ទៅ ៧០០ មេហ្គាបៃក្នុងមួយវិនាទី។

បន្ថែមពីនេះផងដែរ សារពត៌មានវៀតណាមដដែលបានលើកឡើងថា Metfone ធ្លាប់ជាក្រុមហ៊ុន​ផ្ដល់នូវសេវា 4.5G LTE ដំបូង​បង្អស់​នៅកម្ពុជា។ ប៉ុន្តែ Metfone មិនមែនជាក្រុមហ៊ុនដំបូង​នោះទេ ដែល​បង្ហាញពីសេវា 5G នៅកម្ពុជាដោយកន្លងមកគេឃើញមានក្រុមហ៊ុន Smart និង Cellcard ដែលមានគម្រោងស្រដៀងគ្នានេះ។

សម្រាប់ក្រុមហ៊ុន Smart វិញបានបង្ហាញពីបច្ចេកវិទ្យា​ 5G របស់ខ្លួនតាមរយៈការតេស្ដសាកល្បង កាលពីថ្ងៃទី ៨ ខែកក្កដាកន្លងទៅនេះ។ Smart ពុំបានបង្ហើបពីល្បឿន​ថាប៉ុន្មាននោះទេ ប៉ុន្តែ​តាមការតេស្ដជាក់ស្ដែងហ្គេម 1GB ប្រើសេវា 5G របស់ស្មាតចំណាយពេលទាញយកត្រឹមតែ ១២វិនាទីតែប៉ុណ្ណោះ។

5G បានក្លាយទៅជា​បច្ចេកវិទ្យា​មួយដែលទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយហេតុតែល្បឿន​ដ៏លឿនរបស់វា ដែលអំណោយផលទៅដល់បច្ចេកវិទ្យាផ្សេងទៀតដែលពឹង​ពាក់លើប្រព័ន្ធ​អ៊ីនធឺណេត ជាហេតុធ្វើឱ្យ​បណ្ដារប្រទេសជាច្រើន​លើពិភពលោកកំពុងប្រកួតប្រជែងគ្នា​លើបច្ចេកវិទ្យា​មួយនេះ។

គូសបញ្ជាក់ថា សេវា 5G ដែលមានក្នុងស្រុកយើង​កន្លង​មកនេះសុទ្ធ​តែជាការតេស្ដសាកល្បងប៉ុណ្ណោះសម្រាប់ការ​បញ្ចេញឱ្យប្រើប្រាស់​ជាផ្លូវការ​ មិនទាន់មាននរណាដឹង​ថា​នៅពេលណានៅឡើយទេ ហើយបើតាមការបញ្ជាក់ពី នាយកប្រតិបត្តិក្រុមហ៊ុន Smart លោក Thomas Hundt ស្មាតបានរៀបចំខ្លួនរួចរាល់ហើយត្រឹមចុងឆ្នាំនេះ ប៉ុន្តែត្រូវ​រងចាំអាជ្ញាបណ្ណឱ្យ​ដាក់ប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្មផ្លូវការពីសំណាក់ក្រសួង​ប្រៃសណីយ៍និង ទូរគមនាគមន៍៕

អត្ថបទដោយ៖ ខុន សក្ក័ដា

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES