វៀតណាមបញ្ជាឱ្យម្ចាស់អគារខ្ពស់ៗជាប់ឆ្នេរសមុទ្រប្តូរទីតាំងនិងកម្ទេចចោលអគារចាស់កុំឱ្យបាំងសម្រស់ឆ្នេរ

មិនថាតែនៅវៀតណាមនោះទេសូម្បីតែនៅកម្ពុជាក៏មានការលេចឡើងនូវវត្តមានអគារខ្ពស់ៗ ដូចជា៖ខុនដូ​រ សណ្ឋាគារ កាស៊ីណូ ជាច្រើន ជាពិសេសនោះគឺលើទឹកដីក្រុងព្រះសីហនុ និងរាជធានីភ្នំពេញ ដែលជាការបង្ហាញពី​សក្កានុពលនៃ​ការ​វិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យ។

ប៉ុន្តែចំពោះការអភិវឌ្ឍនេះក៏មានផលប៉ះពាល់មួយផងដែរ ជាក់ស្ដែងដូចជា​នៅប្រទេសវៀតណា​មគឺមានការ​បញ្ជាឱ្យ​មាន​​​ការប្តូរទីតាំង និងក​ម្ទេចចោលអគារចាស់ៗ​ដើម្បីកុំឱ្យមាន​ការបាំងនូវសម្រស់នៃឆ្នេ​រសមុទ្រដែលជាភាព​ទាក់ទាញ​ដល់អ្នកទេសចរ រួមជាមួយវិនិយោគិនផងដែរនោះ។

បើតាមរយៈរដ្ឋបាលខេត្ត Binh Dinh ដែលស្ថិតនៅភាគខាងត្បូងប្រទេសវៀតណាមបានបញ្ជាឱ្យម្ចាស់សណ្ឋាគារចំនួន៣ ធ្វើការផ្លាស់ប្តូរទីតាំងទៅកន្លែងថ្មីនិងកម្ទេចចោលអគារចាស់របស់ខ្លួន ដែលសាងសង់នៅជាប់​ឆ្នេរសមុទ្រដើម្បី​លើក​កម្ពស់សោភណភាពឆ្នេរឡើងវិញ។

សណ្ឋាគារទាំង៣ រួមមាន Hai Au, Hoang Yen និងBinh Duong ដែលស្ថិតនៅក្រុងQuy Nhon ។

លោក Ho Quoc Dung អភិបាលខេត្ត Binh Dinh បានអះអាងថា ការធ្វើដូច្នេះគឺដើម្បីលើកសោភណ្ឌភាព ហើយតំបន់ឆ្នេរ គឺជារបស់សហគមន៍ ដោយមិនគួរឱ្យមានអគារខ្ពស់ៗដែលធ្វើឱ្យបាំងទេសភាពឆ្នេរឡើយ។

មកទល់ពេលនេះ សណ្ឋាគារ Binh Duong​​ បានយល់ព្រមផ្លាស់ទៅទីតាំងថ្មី ហើយទីតាំងចាស់ នឹងត្រូវកម្ទេចចោល។

យ៉ាងហោចណាស់ផ្ទះជាង ៣០០០ខ្នង នៅក្រុង Quy Nhon នៃខេត្ត Binh Dinh ត្រូវបានផ្លាស់ទីតាំងថ្មី ក្នុងគម្រោង​កែប្រែ​មុខមាត់ថ្មី សម្រាប់វិថីចាស់មួយខ្សែ ដែលនៅជាប់ឆ្នេរគិតមកទល់ចុងឆ្នាំ២០១៨។

រដ្ឋបាលខេត្តខាងលើ ក៏បានត្រៀមទឹកប្រាក់១២លានដុល្លារ អាមេរិកដើម្បីកែច្នៃវិថីនេះ ឱ្យជាវិថីដ៏​ទាក់ទាញ​មួយ​សម្រាប់​វិស័យទេសចរណ៍របស់វៀតណាម។

អត្ថបទ៖ទួន កែវពិសី

RELATED ARTICLES