វៀតណាមប្រឹងកើបលុយខ្លាំងពីការលក់អគ្គីសនី រហូតបោះទុនបង្កើតសូឡាធំជាងគេបំផុតនៅអាស៊ី

ប្រទេសវៀតណាម គឺជាប្រទេសមួយដែលមានថាមពលអគ្គីសនីច្រើនជាគេបង្អស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មិនតែប៉ុណ្ណោះប្រទេសនេះកំពុងតែចង់វិវត្តន៍ខ្លួនអោយអស្ចារ្យបំផុតក្នុងការបង្កើតថាមពលពន្លឺអគ្គីសនី មុនគេបង្អស់ផងដែល។ ប្រទេសវៀតណាមកំពុងតែមានគម្រោងបង្កើតថាមពលពន្លឺព្រះអាទិត្យដែលមានទំហំ ៤២០ មេហ្គាវ៉ាត់ដែលជាថាមពលធំបំផុតនៅអាស៊ីអាគ្នេយ៍ហើយប្រទេសវៀតណាមបានចំណាយទឹកប្រាក់ប្រមាណជាង ៣៩១ លានដុល្លារ ត្រូវបានចំណាយលើគម្រោងមួយនេះ ស្របពេលដែល ផ្ទៃដីប្រមាណ ៥៤០ ហិចតា នៅតំបន់ដីលិចទឹកនៅឯបឹង ដាវទៀង ដែលជាបឹងធំបំផុតនៅក្នុងប្រទេស វៀតណាម ត្រូវបានជ្រើសយកមកធ្វើជាទីតាំងសម្រាប់គម្រោងមួយនេះ។ នៅពេលដែលគម្រោងមួយនេះសាងសង់រួចគេរំពឹងទុកថានឹងមានការផ្គត់ផ្គង់អគ្គីសនីប្រហែល ៦៨៨ លានគីឡូវ៉ាត់ម៉ោង ក្នុងមួយថ្ងៃដែលស្មើនឹងការប្រើប្រាស់ ៣២០ ០០០ គ្រួសារ ហើយគម្រោងមួយនេះនឹងផ្គត់ផ្គង់ថាមពលបន្ថែមទៅលើភាគខាងត្បូងនៃប្រទេសវៀតណាម ។  នាពេលបច្ចុប្បន្ននេះប្រទេសវៀតណាមពឹងផ្អែកទៅលើថាមពលវារីអគ្គិសនី និងរោងចក្រថាមពលកំដៅសម្រាប់តំរូវការថាមពលអគ្គីសនីប៉ុន្តែគម្រោងនេះតែងតែទទួលបានការរិះគន់ពីសហគមន៍ជាតិ និងអន្តរជាតិ ពីព្រោះវាបង្កអោយមានផលប៉ះពាល់ដល់បរិស្ថាន។ គួរបញ្ជាក់ផងដែរថាគម្រោងមួយនេះបានចាប់ផ្ដើមសាងសង់ចាប់តាំងពីខែ មិថុនា ឆ្នាំមុន ហើយរំពឹងថានឹងបញ្ចប់ការសាងសង់ក្នុងរយៈពេល ១០ ខែ។ ហើយគម្រោងមួយនេះជាគម្រោងដែលបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនសំណង់វៀតណាម  Xuan Cau និងក្រុមហ៊ុនថៃ Conglomerate B.Grimm។ លើសពីនេះទៅទៀតប្រទេសវៀតណាម ក៏មានបំណងផលិតថាមពលអគ្គីសនីរបស់ខ្លួនអោយបាន ១០.៧ ភាគរយតាមរយៈថាមពលកកើតឡើងវិញនៅកំឡុងឆ្នាំ ២០៣០ ជាពិសេសគឺថាមពលពន្លឺព្រះអាទិត្យ និងខ្យល់៕ 

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES