ព្រោះរដ្ឋាភិបាលបន្ធូរពន្ធ ឡាននៅវៀតណាមធ្លាក់ថ្លៃជាគំហុក ខណៈតម្លៃទាបជាងកម្ពុជាពាក់កណ្តាល

បន្ទាប់ពីរដ្ឋាភិបាលវៀតណាមសម្រេចចុះកិច្ចព្រមព្រៀងយកពន្ធ ០% ចំពោះការនាំចូលឡានពីប្រទេសផ្សេងៗនៅអាស៊ាន និងកិច្ចព្រមព្រៀងធ្វើពាណិជ្ជកម្មសេរីជាមួយអឺរ៉ុប នៅក្នុងឆ្នាំ ២០២០ នេះ គឃើញតម្លៃឡានរបស់វៀតបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ បើប្រៀបធៀបជាមួយប្រទេសក្បែរខាងដូចជាកម្ពុជា វាមានតម្លៃខុសគ្នាប្រហែលពាក់កណ្តាល ។

បើតាមសារព័ត៌មានវៀតណាម VN Express ឲ្យដឹងថា ឡានលំដាប់ថវិកាដូចជា Toyota Vios និង Kia Morning បានធ្លាក់ថ្លៃ ១៣% និង ១២% ខណៈដែលឡានប្រណិតដូចជា BMW បានទម្លាក់តម្លៃច្រើនរហូតដល់ ១៨.៥% ឯណោះ ។ ក្នុងនោះ តម្លៃជាក់ស្តែងសម្រាប់ឡានទើបចេញសេរ៊ី ២០២០ ដូចជា ToyotaInnova 2020 មានតម្លៃនៅវៀតណាមត្រឹមតែ ៣៣ ៣៦០ ដុល្លារតែប៉ុណ្ណោះ ចំណែកតម្លៃជាក់ស្តែងនៅកម្ពុជាយើងដែលចេញដោយ Toyota Cambodia រហូតដល់ ៥៤ ៨០០ ដុល្លារឯណោះ ។

ក្នុងនោះដែរ កាលពីឆ្នាំមុនឡាននៅវៀតណាមត្រូវបាននាំចូលទ្វេរដងធៀបជាមួយឆ្នាំចាស់ៗ ដោយឡានភាគច្រើននាំចូលពីថៃនិងឥណ្ឌូនេស៊ី ដែលជាអ្នកផលិតឡានធំនៅអាស៊ីអាគ្នេយ៍ ហើយឡានដែលលក់ដាច់នៅវៀតណាមភាគច្រើនមានឡានដឹកភ្ញៀវ ៧ កៅអី Mitsubishi Xpander និងឡាន SUV ៥ កៅអី Toyota Fortuner ។

ក្នុងនោះ Vinfast ដែលជាក្រុមហ៊ុនវៀតណាមក្នុងស្រុក ក៏ជាផ្នែកមួយធ្វើឲ្យទីផ្សារឡាននៅវៀតណាមធ្លាក់ថ្លៃផងដែរ ដោយសារ Vinfast ដាក់គោលដៅផលិតឡានតម្លៃធូរថ្លៃ ដើម្បីប្រកួតប្រជែងជាមួយយីហោមកពីក្រៅស្រុកដូចជា Toyota, Honda និង Ford ជាដើម ។

ផ្ទុយពីវៀតណាម ពេលនេះមិនទាន់មានដំណឹងណាមួយបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបានចុះកិច្ចព្រមព្រៀងយកពន្ធនាំចូលឡាន ០%​ ដូចវៀតណាមនៅឡើយទេ ដោយសារអត្រាពន្ធសម្រាប់ឡានថ្មីៗកំណត់យកប្រមាណ ១៤០% នេះបើតាមការលើកឡើងរបស់នាយកប្រតិបត្តិក្រុមហ៊ុន BMW Cambodia ។

ក្នុងនោះឈ្មួញនាំចូលឡាន ២ រូបបានបង្ហើបប្រាប់ Business Cambodia ថា សម្រាប់ឡានមួយទឹកសេរីខ្ពស់ដែលនាំចូលមកពីអារ៉ាបត្រូវបង់ពន្ធចូលរដ្ឋខ្ទង់ ១៧០ ទៅ ១៩០% ចំណែកឡានសេរ៊ីចាស់ៗមកពីអាមេរិកត្រូវបង់ពន្ធថ្លៃកប់ក្តោង ដែលធ្វើឲ្យឡានមួយថ្លៃលើសតម្លៃដើម ១០ ដងក៏មាន ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES