ទិវានៃក្ដីស្រលាញ់ឆ្នាំនេះ E&M Coffee បាននាំយកអំណោយ និងអាហារឆ្ងាញ់ៗ ទៅចែកដល់កុមារនៅភូមិមួយ

ជារៀងរាល់ឆ្នាំឱ្យតែចូលដល់ទិវានៃក្ដីស្រលាញ់ ហាង E&M Coffee ដែលជាហាងកាហ្វកំពុងពេញនិយមមួយនៅក្នុងទីក្រុង​ភ្នំពេញ តែង​តែ​ចែករំលែក​ក្ដីស្រលាញ់​ទៅកាន់​មនុស្សចាស់ជរា ឬកុមារតូចៗ​ដែលកំពុងជួប​ការលំបាកជាដើម។

ដោយឡែក ក្នុងឱកាសទិវានៃក្ដីស្រលាញ់ ១៤កុម្ភៈ ២០២០ ឆ្នាំនេះវិញ ក៏មិនឱ្យចាញ់ឆ្នាំមុនៗដែរ ហាងកាហ្វេដ៏ល្បីខាងលើនេះ​បាន​នាំយក​ក្ដីស្រលាញ់ តាមរយៈអំណោយផ្សេងៗរួមមាន ម្ហូបអាហារឆ្ងាញ់ៗ ទៅចែកជូនដល់ប្អូនៗកុមារជាច្រើននាក់ ដែលកំពុង​រស់​នៅនៅភូមិ​កុមារអរុណរះ មានទីតាំងស្ថិតនៅក្នុងខេត្តកណ្ដាល ដោយមានវត្តមាននៃការ​ចូលរួមពីក្រុមការងារជាច្រើននាក់​របស់​ហាង​​កាហ្វេ E&M ផងដែរ។

ទន្ទឹមនឹងការយកអំណោយ ដែលពោរពេញដោយក្តីស្រលាញ់ទៅចែកជូនកុមារនៅភូមិឋាននោះហើយ ក្រុមការងាររបស់ E&M កាហ្វេ ក៏បានចែករំលែកដំបូន្មាន និងបទពិសោធល្អៗទៅដល់ក្មេងៗតូចៗដ៏គួរឱ្យស្រលាញ់នៅក្នុងភូមិកុមារអរុណរះ។ បន្ថែម​ពីនេះ ក៏បានសំណេះសំណាលជាមួយពួកគេយ៉ាងមានភាពស្និទ្ធស្នាល ក្នុងគោលបំណងធ្វើយ៉ាងណា ឱ្យពួកគេ​ទទួល​បាន​អារម្មណ៍​កក់ក្ដៅ ព្រមជាមួយទឹកចិត្ត និងក្តីស្រលាញ់តាមរយៈក្រុមការងារ E&M Coffee ។ ចំណែកក្មេងៗវិញ ពួកគេក៏មាន​ទឹកមុខ​ញញឹម​ពព្រាយ និងសប្បាយ​រីករាយគ្រប់ៗគ្នា ចាប់តាំងពីពេលដែលក្រុមការងារ E&M Coffee បានចុះទៅ​ដល់ទីកន្លែងរបស់​ពួកគេ​ផ្ទាល់។

តាមការបញ្ជាក់ឱ្យដឹងពីអ៊ំស្រីម្នាក់ ដែលនៅភូមិកុមារអរុណរះផ្ទាល់តែម្ដងបានប្រាប់ថា ភាគច្រើននៃកុមារនៅទីនោះពួកគេ​រស់នៅ​ជួបការលំបាកលើផ្នែកជីវភាព ការទំនុកបម្រុងលើការសិក្សា មួយចំនួនគ្មានឪពុកម្ដាយ រស់នៅខ្វះភាពកក់ក្ដៅ និងមិន​សូវរៀន​សូត្រ​បានវែងឆ្ងាយទេ។ មិនតែប៉ុណ្ណោះ មានក្មេងមួយចំនួនប្រញាប់បោះបង់ការសិក្សា និងឈប់រៀនពីកន្លែងនោះ ដើម្បីទៅធ្វើការ​ងារ​រក​លុយ​ដើម្បីជួយ​ផ្គត់ផ្គង់ដល់ជីវភាពគ្រួសារពួកគេ តែកត្តានេះបានធ្វើឱ្យជះឥទ្ធិពលដល់អនាគតរបស់ពួកគេ ព្រោះរៀនមិន​បាន​ចប់​ចុងចប់ដើម ហើយជួនទៅធ្វើការឱ្យគេក៏ជួបការលំបាក ប្រើកម្លាំងច្រើនទៀត។

លើសពីនេះ អ៊ំស្រីក៏បានថ្លែងអំណរគុណដល់ក្រុមការងារហាងកាហ្វេ E&M ចំពោះទឹកចិត្ត និងក្តីស្រលាញ់ ដែលបាននាំយកទៅ​ចែក​រំលែក​ដល់កុមារទាំងអស់នៅទីនោះ។ ជាមួយគ្នានេះដែរ E&M Coffee ក៏បានផ្ដល់ឱកាសដល់បងប្អូនគ្រប់គ្នា និងសប្បុរសជន​នានា​​នៅ​គ្រប់​មជ្ឈដ្ឋាន ដែលមានបំណងចង់ចូលរួមបរិច្ចាគ មិនថាថវិកា សម្ភារទៅកាន់ប្អូនៗនៅភូមិកុមារអរុណរះ ក៏អាច​ចូលរួម​ចែក​រំលែក​ក្ដីស្រលាញ់​ទៅកាន់ពួកគេជាមួយ E&M Coffee បានផងដែរ ហើយអាចទាក់ទងបាន​តាមរយៈ​លេខទូរស័ព្ទ 015 383 941 ៕ កុំភ្លេច ចូលរួមចែករំលែកក្ដីស្រលាញ់ទាំងអស់គ្នាណា៎!!

 

សូមទស្សនា​វីដេអូសកម្មភាពរបស់ក្រុមការងារ E&M Coffee ជាមួយប្អូនៗកុមារនៅភូមិ​កុមារអរុណរះ ដូចខាងក្រោម៖

https://www:facebook.com/emcoffee.kh/videos/1468952699947614/?v=1468952699947614

 

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES