អ៊ុយ រិទ្ធី៖ ពីជាងផ្សារដែកប្រាក់ខែ ៣ម៉ឺនរៀល មកចាប់អាជីពត្រូល ឆាវឆាវ រកចំណូលខ្ទង់ពាន់$

ជីវិតអាចនិយាយបានថាផ្លាស់ប្តូរ១៨០ដឺក្រេ ព្រោះពីក្មេងអាយុ ១៤ឆ្នាំ ធ្វើការជាជាងផ្សារដែកឱ្យគេប្រាក់ខែត្រឹម ៣ម៉ឺនរៀល បន្ទាប់មកធ្វើការជាអ្នកដាំកៅស៊ូ ស៊ូរហូតបានការងារធ្វើជាអ្នកយាមផ្ទះសំណាក់ និងចុងក្រោយធ្វើការជាអ្នកច្រកឌីស ដែលជាកន្លែងផ្សំគ្រឿងជីវិត ចេញរកស៊ីដោយខ្លួនឯងរបស់ លោក អ៊ុយ រិទ្ធី រហស្សនាមកំពូលអ្នក Troll ឆាវឆាវ ឬសាមកុក។ 

រៀនមិនចប់ថ្នាក់ទី៨ ស្រួលបួលផងក៏បង្ខំចិត្តឈប់រៀន ព្រោះតែជីវភាពគ្រួសារមិនធូរធារដូចគេ លោក អ៊ុយ រិទ្ធី ក៏ធ្លាក់ខ្លួនធ្វើការស៊ីឈ្នួលឱ្យគេជាអ្នកច្រូតស្រូវ រួចមកក៏បានបន្តដំណើរជីវិតមកកាន់រាជធានីភ្នំពេញ ធ្វើការងារលំបាកៗស្ទើរតែគ្រប់សព្វ មានពេលខ្លះត្រូវដាច់លុយរកបាយញ៉ាំមិនបាន ថែមទាំងធ្លាក់ខ្លួនសំរាកនៅតាមតូបគេក្នុងផ្សារទៀតផង។

ថ្លែងប្រាប់សារព័ត៌មាន Business Cambodia ទាំងទឹកមុខសប្បាយរីករាយបង្កប់នូវរឿងឈឺចាប់ក្នុងជីវិត អ្នកជំនាញនិយាយបែបកប្លែងក្នុងរឿងនគរទាំង៣ ខាងលើនេះ បានឱ្យដឹងថា “ដំបូងឡើយគាត់មិនបានដឹងទេថាការTroll នោះគឺជាអ្វី ហើយក៏មិនធ្លាប់គិតដែរ ថាខ្លួនឯងអាចរកលុយបានពីការTroll បែបកប្លែងមួយនេះ ព្រោះពេលចាប់ផ្តើមដំបូងៗ គឺធ្វើដើម្បីតែសប្បាយរីករាយប៉ុណ្ណោះ ណាមួយនៅកន្លែងការងារច្រកឌីសដែលខ្លួនធ្វើនោះ បានរៀនកាត់តវីដេអូផ្សេងៗផង ក៏សាកធ្វើលេងៗទៅ”។

លោក អ៊ុយ រិទ្ធី បានបញ្ជាក់ទៀតថា មូលហេតុដែលធ្វើឱ្យគាត់អាចនឹកដល់ការរកលុយពីការTroll បែបកប្លែងមួយនេះបាន ក៏ព្រោះតែមានគេចូលខមមិននៅក្នុងវីដេអូជាច្រើនរបស់គាត់យ៉ាងដូច្នេះថា “អ្វីដែលអ្នកធ្វើរាល់ថ្ងៃនេះ បើអ្នកចេះច្នៃវាតែបន្តិច នោះអ្នកនឹងអាចរកលុយពីវាបាន”។ ដោយសារតែមានមតិជាច្រើនពីអ្នកទស្សនានេះហើយ បានធ្វើឱ្យលោក អ៊ុយ រិទ្ធី មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងស្វែងរករបៀបរកលុយពីការTrollលេងរបស់ខ្លួន។

បន្ទាប់ពីនឹកគិតដល់វិធីរកលុយអស់មួយរយៈពេលខ្លី រហស្សនាម Troll ឆាវឆាវរូបនេះ ក៏បានទទួលធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មឱ្យក្រុមហ៊ុនមួយចំនួន ដោយដំបូងៗគាត់យកប្រាក់ផ្សាយពាណិជ្ជកម្មពីគេក្នុងមួយវីដេអូត្រឹមតែ ២០ដុល្លារអាមេរិកតែប៉ុណ្ណោះ។ ដោយហេតុ ការផ្សាយមានគេចាប់អារម្មណ៍ច្រើន ទាំងភ្ញៀវចាស់ នឹងភ្ញៀវថ្មីចេះតែបន្តផ្សាយជាមួយគាត់ជាប់រហូតមកដល់បច្ចុប្បន្ន។

បើតាមការបង្ហើបឱ្យដឹងពីសហគ្រិនវ័យ ២៩ឆ្នាំខាងលើនេះ សព្វថ្ងៃគាត់អាចរកចំណូលបានពីការ Troll បែបកប្លែងក្នុងរឿងនគរទាំង៣ ឬហៅសាមកុក ប្រមាណជា ១ពាន់ដុល្លារអាមេរិក ក្នុងមួយខែៗ។ ហើយនៅថ្ងៃអនាគត គាត់ចង់ពង្រីកខ្លួនទៅជាផលិតកម្ម និងការធ្វើវីដេអូបទចម្រៀងផ្សេងៗបន្ថែមទៀត ផងដែរ ៕ 

អត្ថបទដោយ៖ Lee

Adtag for Mobile Grow:-
Online

RELATED ARTICLES