កូរ៉ូណារាតត្បាតមួយភ្លែត អាមេរិកបាត់បង់សេដ្ឋីប្រាក់លានជិតកន្លះលាននាក់

នៅចុងឆ្នាំ ២០១៩ គេសង្កេតឃើញថាអាមេរិកមានសេដ្ឋីប្រាក់លានដុល្លារ (Millionaires) ប្រមាណជា ១១លាននាក់ នេះបើតាមការចុះផ្សាយពីសំណាក់សារព័ត៌មាន Bloomberg។

ចំនួនសេដ្ឋីប្រាក់លានដុល្លារកើនឡើងដ៏សន្ធាប់នេះ ដោយសារតែអត្រាការប្រាក់ទាប និង គោលនយោបាយពន្ធដាររបស់អាមេរិក ដែលអនុញ្ញាតឱ្យមានភាពងាយស្រួលក្នុងការរកស៊ី។

ហើយគេក៏រំពឹងផងដែរថាចំនួននេះនឹងបន្តឡើងរហូតនៅក្នុងឆ្នាំ​២០២០នេះ ប៉ុន្តែអ្វីៗខុសពីការស្មានទុកក្រោយរោគរាតត្បាត Covid-19 លេចឡើងនៅសហរដ្ឋអាមេរិក។

ការផ្ទុះរោគរាតត្បាត​ Covid-19 ឆ្លងយ៉ាងកំរោលនៅអ៉ឺរ៉ុបនិងអាមេរិកនេះធ្វើឱ្យ ចំនួនសេដ្ឋីប្រាក់លានដុល្លារនៅអាមេរិកបានធ្លាក់ចុះជិតកន្លះលាននាក់ (៥០០ ០០០នាក់) នេះបើយោងតាមទិន្នន័យរបស់ក្រុមហ៊ុនស្រាវជ្រាវមួយមានឈ្មោះថា Spectrem Group។

Covid-19 បានបង្ខំឱ្យរដ្ឋាភិបាលអាមេរិកចាត់វិធានការតឹងតែងក្នុងការបិទក្រុងមួយចំនួន និងអំពាវនាវឱ្យប្រជាជនស្នាក់នៅផ្ទះជាជាងចេញក្រៅ។

ការឆ្លងរាលដាលនេះ ធ្វើឱ្យមនុស្សម្នាមិនសូវចាយលុយដូចមុន មិនទិញរបស់របរមិនចាំបាច់ដូចមុន ពោលប្រជាជនអាមេរិកភាគច្រើនក្នុងរយៈកាលមួយខែចុងក្រោយនេះ ចំណាយលុយទៅលើតែរបស់ដែលចាំបាច់បំផុតសម្រាប់ការរស់នៅតែប៉ុណ្ណោះ។

ផលប៉ះពាល់ពី Covid-19 នេះមិនមែនប៉ះពាល់តែសេដ្ឋីប្រាក់លានដុល្លារនោះទេ សូម្បីតែក្រុមសេដ្ឋីពាន់លានដុល្លារ (Billionaires) និងកំពូលអ្នកមានជាងគេលើលោកប្រមាណជា ៥០០នាក់ បាត់បង់ទ្រព្យក្នុងទំហំ ១.៣ទ្រីលានដុល្លារ ដោយយោងតាមសារព័ត៌មាន Bloomberg។

យ៉ាងណាក៏ដោយថ្មីៗនេះ មានការប្រកាសពីលោកប្រធានាធិបតីអាមេរិក Donald Trump ថាគាត់កំពុងពិចារណាលើលទ្ធភាពក្នុងការបើកប្រទេសឱ្យមកកាន់សភាពធម្មតាវិញ មុនពិធីបុណ្យ Easter ឬកំឡុងខែមេសានេះ ប៉ុន្តែត្រូវបានក្រុមអ្នកកាសែត អ្នកវិភាគ ក៏ដូចជាមន្ត្រីសុខាភិបាលមួយចំនួនលើកឡើងថាមិនទាន់អាចធ្វើបាននោះទេ។

គូសបញ្ជាក់ថា ទាំងចិន អាមេរិក អ៉ឺរ៉ុប ក៏ដូចជាពិភពលោកទាំងមូល កំពុងតែមានដំណើរទៅរកបញ្ហាសេដ្ឋកិច្ចដែលគេពិបាកនឹងស្មាន ក្រោយពីមានការផ្ទុះរាលដាលរោគរាតត្បាត Covid-19៕

Sathapanabank Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES