សហគ្រិនវ័យក្មេង២រូប សុខចិត្តបោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ មកបើកអាជីវកម្មដោយខ្លួនឯង

កន្លងមក Business Cambodia ធ្លាប់បានសរសេរជាអត្ថបទ និងធ្វើជាវីដេអូជាច្រើន ទាក់ទងនឹងការបង្កើតអាជីវកម្ម ការគ្រប់គ្រង់អាជីវកម្ម និងការស្វែងទុននៅក្នុងការចាប់ផ្តើមអាជីវកម្មផ្សេងៗ ជាដើម។ ហើយយើងក៏ធ្លាប់សរសរផងដែរ អំពីសហគ្រិនដែលសុខចិត្តបោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ មកបង្កើតអាជីវកម្មខ្នាតតូចដោយខ្លួនឯង រហូតទទួលបានជោគជ័យខ្លាំង ស្ទើរមិនគួរឱ្យជឿ។ ខាងក្រោមនេះ ជាសហគ្រិនវ័យក្មេង ២រូបផ្សេងទៀត ដែលសុខបោះបង់ប្រាក់ខែខ្ពស់ មកផ្តើមអាជីវកម្មដោយខ្លួនឯង៖ 

១. អ្នកស្រី ញៀវ យិនហ្គេច ស្ថាបនិក Queen Bee Café

ព្រោះតែចង់មានមុខរបរផ្ទាល់ខ្លួន ហើយដោយសារមានសម្ពាធខ្លាំងនៅកន្លែងធ្វើការ អ្នកស្រី ញៀវ យិនហ្គេច ស្ថាបនិក Queen Bee Café ដែលជាយីហោកូនខ្មែរមួយ មានលក់ភេសជ្ជៈជាច្រើនប្រភេទរួមទាំងកាហ្វេ និងតែគុជផ្សេងៗ បានសម្រេចចិត្តបោះបង់ការងារដែលអាចរកចំណូលបានខ្ទង់ពាន់ដុល្លារអាមេរិក មកចាប់ផ្តើមរបរលក់កាហ្វេតាមចិញ្ចើមផ្លូវ រហូតអាចក្លាយជាយីហោល្បីក្នុងស្រុកមួយ មានហាងដល់ទៅ ១០សាខា​ និងត្រៀមសម្ពោធសាខាថ្មីមួយបន្ថែមទៀត នាពេលឆាប់ៗខាងមុខនេះ។

ថ្លែងប្រាប់ Business Cambodia សហគ្រិនវ័យ ២៧ឆ្នាំខាងលើនេះ បានឱ្យដឹងថា “ដំបូងឡើយ ខ្ញុំគ្រាន់តែចង់មានមុខរបររកស៊ីមួយ ដែលអាចឈរជើងដោយខ្លួនឯងតែប៉ុណ្ណោះ ហេតុនេះហើយ ទើ​បខ្ញុំទៅរៀនពីរបៀបធ្វើទឹកភេសជ្ជៈពីគេ នៅក្នុងប្រទេស ដោយចំណាយលុយអស់ប្រមាណ ៨០០ដុល្លារអាមេរិក ប៉ុន្តែពេលរៀននោះ មិនសូវជាចេះអ្វីច្រើនទេ តែដោយសារចិត្តស្រលាញ់ ខ្ញុំក៏បានដកលុយមួយផ្នែកទៀត ចំនួន​ ៧០០ដុល្លារ ធ្វើរទេះលក់កាហ្វេច្រកស្បោងតម្លៃ ៣ពាន់រៀល តាមចិញ្ចើមផ្លូវតែម្តងទៅ” ។

អតីតបុគ្គលិកប្រាក់ខែជាង ២ពាន់ដុល្លាររូបនេះ បានបញ្ជាក់ថា គាត់បានផ្តើមអាជីវកម្មដំបូង នៅក្នុងឆ្នាំ២០១៥ ដោយចំណាយដើមទុន ១៥០០ដុល្លារ ហើយការចាប់ផ្តើមរយៈពេល ៣ខែដំបូង គឺមានការខាតជារៀលរាល់ខែ ប៉ុន្តែខាតមិនច្រើនទេត្រឹមតែ ១០០ដុល្លារប៉ុណ្ណោះ ព្រោះអាជីវកម្មគាត់តូច ណាមួយគាត់មានភ្ញៀវជួយទិញច្រើន គ្រាន់តែពេលនោះ ទឹកភេសជ្ជៈគាត់ធ្វើមិនសូវឆ្ងាញ់ ដូច្នេះមិនអាចទាក់ចិត្តភ្ញៀវឱ្យមកទិញជាប់បានឡើយ រហូតចូលដល់ខែទី៤ ទើបគាត់អាចរកប្រាក់ចំណេញវិញបាន។ 

អត្ថបទទាក់ទងស្ថាបនិក Queen Bee Café  (យិនហ្គេច៖ រត់ចោលការងារចំណូល ២ពាន់$ មកលក់កាហ្វេតាមចិញ្ចើមផ្លូវ រហូតអាចបើកហាងចំនួន១០)

២. លោក ឡយ ភាល័យ ស្ថាបនិក Camcar Collection

ជួបស​ម្ភាសន៍ជាមួយ Business Cambodia ស្ថាបនិករូបសង្ហា និងពូកែខាងវោហាស័ព្ទ លោក ឡយ ភាល័យ បានបង្ហើបពីដំណើរដើមទងនៅក្នុងការបង្កើត Camcar Colletion យ៉ាងដូច្នេះថា កាលពីមុនឡើយ លោកគឺជាបុគ្គលិកធ្វើការនៅក្នុងក្រុមហ៊ុនឯកជនមួយកន្លែង ដោយការងារនោះ លោកអាចទទួលបានប្រាក់ខែច្រើនគួរសម ចាប់ពី១ពាន់ដុល្លារ ទៅ២ពាន់ដុល្លារ ហើយខែខ្លះលើសពីនេះក៏មាន ។ 

លោកបន្ថែមថា ទោះបីជាទទួលបានប្រាក់ខែច្រើនក៏ដោយ ប៉ុន្តែនៅពេលនោះលោកបែរជាមានអារម្មណ៍ថាខ្លួនឯង មិនមែនជាខ្លួនឯងទៅវិញ ដោយសារតែលោកធ្វើការដើម្បីតែលុយមិនមែនធ្វើការដើម្បីក្តីស្រមៃឡើយ។ ពេលនោះ លោកក៏ឈប់ពីការងារដើម្បីស្វែងរកខ្លួនឯងថាជាអ្នកណាអោយប្រាកដ។ ចៃដន្យថ្ងៃមួយលោក ភាល័យ ក៏បានជួបជាមួយនិងបុរសម្នាក់ ហើយគាត់ក៏បានពន្យល់ ណែនាំលោកឱ្យស្គាល់ថាអ្វីទៅជាដែលជាខ្លួនឯង។

ក្រោយពីបានជួបនឹងបុរសម្នាក់នោះ លោក ភាល័យ បានដឹងច្បាស់ថា ខ្លួនលោកផ្ទាល់គឺស្រឡាញ់ និងចូលចិត្តឡានយ៉ាងខ្លាំង។ នៅពេលនោះហើយដែលលោកបានសម្រេចចិត្តថាត្រូវតែសុំលាឈប់ពីការងារ ទោះបីជាក្រុមហ៊ុនមិនឱ្យលោកឈប់ក៏លោកឈប់ដែរ ដើម្បីងាកមកប្រឡូកក្នុងវិស័យរថយន្តវិញម្តង រហូតទទួលបានការគាំទ្រខ្លាំង ទាំងនៅលើបណ្តាញសង្គមហ្វេសប៊ុក និងយូធ្យូប ជាដើម ៕

អត្ថបទទាក់ទង លោក ឡយ ភាល័យ៖ ស្ថាបនិក Camcar អ្នកផលិតវីដេអូឡានល្បីឈ្មោះនៅកម្ពុជា ក្លាយជាម្ចាស់ក្រុមហ៊ុនស្តង់ដារអន្តរជាតិ

អត្ថបទដោយ៖ Meng Songly (LeEmon) 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES