សាលារៀន២ ក្នុងខេត្តព្រះសីហនុប្រកាសបិទបណ្ដោះអាសន្ន ក្រោយលេចលឺថា វីរុសកូរ៉ូណាលេចឡើងក្នុងខេត្តនេះ

ក្រោយមានការរកឃើញនូវ ជនជាតិចិន មានផ្ទុកមេរោគសួតថ្មី កូរ៉ូណា នៅទឹកដីព្រះសីហនុ ពេលនេះមានសាលារៀនចំនួនពីរក្នុងខេត្តព្រះសីហនុ ដែលមានឈ្មោះថា LIFE SCHOOL និង​ Life International School បានប្រកាសបិទសាលារបស់ខ្លួនជាបណ្ដោះអាសន្ន ដោយមិនអនុញ្ញាតឱ្យសិស្សសាលារបស់ខ្លួនទៅសាលារៀនទៀតឡើយចាប់ពីថ្ងៃទី២៨ ខែ មករាឆ្នាំ២០២០ នេះតទៅ។ចំពោះការចូលរៀននៅពេលណាសាលាមិនបានកំណត់ទេ​ ដោយឡែកសាលាបានលើកឡើងថា នឹងមានការផ្ដល់ជាដំណឹងនៅពេលក្រោយ។

ក្នុងគណនីហ្វេសប៊ុកផេក របស់ LIFE SCHOOL បានលើកឡើងឱ្យដឹងថា​ “សេចក្តីប្រកាសនិងជូនដំណឹងដល់អាណាព្យាបាល និងសិស្សសាលាជីវិតទាំងអស់! ដោយមានការបញ្ជាក់ពីក្រសួងសុខាភិបាលអំពី"មេរោគកូរ៉ូណា"(coronavirus)កើតឡើងនៅក្រុងព្រះសីហនុ និងដោយមានការព្រួយបារម្ភពីការឆ្លងរាលដាលរបស់ជំងឺនេះ សិស្សសាលាជីវិតទាំងអស់មិនអនុញ្ញាតឲ្យមកសាលារៀនឡើយនៅថ្ងៃស្អែក។ សូមរងចាំរហូតដល់សាលានឹងជូនដំណឹងនៅពេលក្រោយបើមានការផ្លាស់ប្តូរ”។

ចំពោះ សាលាLife International School​ ក៏បានឱដឹងថាដែរថា “ ដោយសារតែការព្រួយបារម្ភពីការរាតត្បាតនៃមេរោគសួតថ្មី ដែលបង្កឡើងពីវីរុសកូរ៉ូណា នៅក្នុងខេត្តព្រះសីហនុ សាលាLife International School យើងនឹងធ្វើការបិទចាប់ពីថ្ងៃទី ២៨/០១/២០២០ នេះតទៅ។ហើយកត្តាសំខាន់ដែលយើងធ្វើការបិទសាលានេះ​គឺដោយសារ ការព្រួយបារម្ភលើសុវត្ថិភាពនិងសុខភាពរបស់ សិស្សានុសិស្សរបស់យើងផងដែរ ហើយយើងសង្ឃឹមថានឹងមានកិច្ចសហការពីអ្នកទាំងគ្នាដើម្បីរក្សាបាននូវសុវត្ថិភាពដល់សិស្សានុសិស្សទាំងអស់គ្នាផងដែរ(**IMPORTANT ANNOUNCEMENT**

Due to the rising concerns of the coronavirus spreading in Sihanoukville, Life International School will be closing school tomorrow 28/01/2020. Please wait for further notice. Our priority is the health and safety of our students, and we appreciate your cooperation as we do our best to keep our students safe.)”។ 

គួរជម្រាបផងដែរថា គេហទំព័រចេញពីខេត្តព្រះសីហនុមួយ ដែលមានឈ្មោះថា ប្រជាជនព្រះសីហនុ ក៏បានធ្វើការអំពាវនាវ​ ដល់ម្ចាស់ភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ អាហារដ្ឋាន និងទីតាំងអាជីវកម្មនានា មេត្តារៀបចំអោយមាន កន្លែងលាងសម្អាតអនាម័យ ដៃ នៅខាងមុខច្រកចេញចូល ដោយប្រើសាប៊ូ ឬប្រភេទទឹកថ្នាំលាងសម្អាតមេរោគ ដើម្បីធានាដល់ សុវត្ថិភាពអនាម័យរបស់ភ្ញៀវ និងបងប្អូនទូទៅ ផងដែរ។

សូមចូលរួមអនុវត្ត ដើម្បីសុខសុវត្ថិភាព បងប្អូនទាំងអស់គ្នា

អត្ថបទ៖ ភោគ​ ម៉ារី

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES