មូលហេតុធំ២យ៉ាង ដែលធ្វើឱ្យលោក ណម សារ៉ាត់ អាចយកឈ្នះភាពខ្មាស់អៀន ចេញរកស៊ីបាន

មនុស្សជាច្រើននៅលើសកលលោកយើងនេះ តែងតែមានជំងឺខ្មាស់អៀនជាប់នឹងខ្លួន ហើយអ្នកដែលមានជំងឺនេះជាប់នឹងខ្លួន គឺពិបាករកផ្លូវជោគជ័យខ្លាំងណាស់។ ពោលគឺពួកគេមិនហ៊ានចាប់ផ្តើមនូវអ្វីដែលគេចង់ធ្វើឡើយ ព្រោះខ្លាចបរាជ័យខ្មាស់គេ ឬក៏មុខរបរដែលគេចង់ធ្វើនោះ វាតូចពេកជាដើម។ ដោយឡែក អ្នកដែលអាចយកឈ្នះភាពខ្មាស់អៀន និងការភ័យខ្លាចបាន ពួកគេគ្មានថ្ងៃក្រឡើយ។

ជាក់ស្តែងដូចលោក ណម សារ៉ាត់ ដែលបច្ចប្បន្នគឺជាម្ចាស់អាជីវកម្ម បោះដុំ និងរាយទាតៃវ៉ាន់ ប្រចាំខេត្តតាកែវ បានប្រាប់សារព័ត៌មាន Business Cambodia ថា មុននឹងលោកអាចមានថ្ងៃនេះ លោកក៏ធ្លាប់ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដទៃផ្សេងទៀតដែលមានជំងឺខ្មាស់អៀនជាប់នឹងខ្លួនម្នាក់ដែរ ក៏ប៉ុន្តែដោយសារមូលហេតុធំ ២យ៉ាង ទើបធ្វើឱ្យលោកប្រឹងជំនះរាល់ភាពភ័យខ្មាច និងរឿងខ្មាស់អៀនបាន។ មូលហេតុធំទាំងពីរនោះគឺ ការមើលងាយពីអ្នកដទៃ និងកត្តាជីវភាពគ្រួសារ។

លោក សារ៉ាត់ បានរៀបរាប់ថា ការខ្មាស់អៀនរបស់គាត់នោះកើតឡើង នៅពេលដែលលោកចេញរកស៊ី ដើរទិញមាន់ និងទារបស់អ្នកភូមិយកទៅលក់បន្តឱ្យភ្ញៀវ ដែលពេលនោះលោកមានតែម៉ូតូកញ្ចាស់មួយគ្រឿងអូសតែគាត់ម្នាក់​ឯងមិនចង់ទៅមុខ និងលុយជាង៥ម៉ឺនរៀលតែប៉ុណ្ណោះ។ ក៏ប៉ុន្តែអ្វីដែលធ្វើឱ្យលោកខ្មាស់គេខ្លាំងបំផុតនោះ គឺការដើរស្វែងរកម៉ូយ និងដើរទិញមាន់ ព្រមទាំងទាពីអ្នកភូមិ។

ការរកស៊ីពីលុយ ៥ម៉ឺនរៀលទៅបាន លោក សារ៉ាត់ បានឱ្យដឹងថា​ ពីដំបូងដៃឡើយលោកទិញតែមាន់ និងទាពីអ្នកស្រុកភូមិខ្លួនឯងដែលគេស្គាល់គាត់ច្បាស់តែប៉ុណ្ណោះ ព្រោះគាត់គ្មានលុយទិញភ្លាម ​ឱ្យលុយគេភ្លាមនោះទេ ពោលគឺទាល់តែយកមាន់ និងទាពីអ្នកភូមិទៅលក់ឱ្យម៉ូយអស់ហើយ ទើបយកលុយមកឱ្យតាមក្រោយ។ ធ្វើការរកស៊ីបែបនេះ យូៗទៅទើបលោកអាចសន្សំលុយបានរហូតដើរស្វែងរកទិញមាន់ និងទាពីអ្នកស្រុកភូមិគេឯង និងតាមខេត្តផ្សេងៗដោយឱ្យលុយភ្លាមៗបាន។

សហគ្រិនវ័យ៣០ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ការរកស៊ីមុខរបរដូចលោកគឺមានគេរកស៊ីច្រើនណាស់ ដូចនេះអ្វីដែលលោកអាចយកឈ្នះគេបាន គឺលោកតែងតែប្រើកម្លាំងបាយ។ ការប្រើកម្លាំងទៀតសោតលោកបានបញ្ជាក់ថា គឺជាសេវាកម្មល្អដល់អតិថិជន ប្រសិនបើគេត្រូវការមាន់ ឬទាមុនម៉ោង៥ គឺលោកត្រូវតែយកទៅឱ្យគេឱ្យទាល់តែបាន។

លោក សារ៉ាត់ បានបង្ហើបផងដែរថា បច្ចុប្បន្ននេះ លោកបានដំណើរការអាជីវកម្មរបស់ខ្លួនអស់រយៈពេលជាង៤ឆ្នាំមកហើយ។ ហើយអាជីវកម្មរបស់លោកក្នុងមួយខែអាចរកចំណូលបានប្រមាណជាង ១៥០០០ដុល្លារអាមេរិក ៕

សម្រាប់អ្នកដែលមានបំណងចង់ទិញទា និងមាន់ល្អៗពីលោក ណម សារ៉ាត់ អាចចូលមើលនៅទីនេះបាន ៖ លក់ទាតៃវ៉ាន់បោះដុំ និងលក់រាយ

អត្ថបទដោយ៖ ម៉េង សុងលី
 

0 មតិ

បញ្ចេញមតិ

RELATED ARTICLES