មូលហេតុធំ២ ដែលធ្វើឱ្យព្រះសីហនុ ក្លាយជាទឹកដី ស្ថិតក្នុងការអភិវឌ្ឍជាទីក្រុងវៃឆ្លាតនាពេលអនាគត

ទឹកដីព្រះសីហនុដែលនឹងក្លាយជា​ ទីក្រុងវៃឆ្លាតនាពេលអនាគតនេះ កំពុងតែបង្ហាញ ឥទ្ធិពលរបស់ខ្លួនយ៉ាងខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ ហើយវាមានមូលហេតុជាច្រើនដែលធ្វើឱ្យតំបន់នេះក្លាយជាគោលដៅនៃការអភិវឌ្ឍរបស់រដ្ឋក៏ដូចជា ការទាក់ទាញនូវវិនិយោគិនគ្រប់ទិសទីផងដែរ។ប៉ុន្តែមានមូលហេតុធំពីរដែលយើងមើលឃើញថា វាជាដែកស្រូបដ៏ខ្លាំងក្លាក្នុងការស្រូបទាញគម្រោងផែនការសំខាន់ៗទាំងអំបាលមាណ នោះគឺកត្តាភូមិសាស្ត្រ និងសក្តានុពលដ៏អស្ចារ្យដែលតំបន់ផ្សេងៗកម្ររកបាន ។ 

ជាក់ស្ដែងណាស់យោងតាមការប្រាកាសរបស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹង ពីសក្តានុពល និងភូមិសាស្ត្ររបស់ខេត្តព្រះសីហនុនេះ មានច្រើនសន្ធឹកសន្ធាប់ហើយវាក៏បាននឹងកំពុងលេចចេញជារូបរាងជារាងរាល់ថ្ងៃ។ដែលការរួមផ្សំនៃ ទីតាំងភូមិ សាស្រ្តនិងសក្ដានុពលទាំងនោះរួមមាន កោះ៣២ ឆ្នេរប្រវែង ១៧៥គីឡូម៉ែត្រ កំពង់ផែអន្តរជាតិទឹកជ្រៅ មានទំនិញឆ្លងកាត់ជាង ៧០ភាគរយ ទូទាំងប្រទេស បច្ចុប្បន្នមានលទ្ធភាពអាចឱ្យនាវាមានជម្រៅទឹក ១០ម៉ែត្រចូលចត និងកំពុងពង្រីកបន្ថែមដើម្បីឱ្យនាវាមានជម្រៅទឹក ១៣.៥០ម៉ែត្រចូលចតនៅ ពេលខាងមុខដើម្បី កាត់បន្ថយតម្លៃដឹកជញ្ជូន ក៍ដូចជាការប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់។ 

ជាពិសេសជាងនេះទៀតនោះ គឺកិច្ចសហប្រតិបត្តិការពង្រីកព្រលានយន្តហោះ ដោយក្រុមហ៊ុនបារាំង ដើម្បីឱ្យយន្តហោះប្រភេទធុនធំចុះចតនៅពេលខាងមុខ និងផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរតាមផ្លូវអាកាស។ គម្រោងដ៏អស្ចារ្យរបស់រាជរដ្ឋាភិបាល ក្នុងការសាងសង់ផ្លូវហាយវេ ល្បឿនលឿនពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ ដែលគ្រោងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២២ ។ ជាពិសេសគឺការបើកការដ្ឋានស្ថាបនាផ្លូវទាំង ៣៤ខ្សែ ដែលមានប្រវែងសរុប ៨៤.៥០៥គីឡូម៉ែត្រ ដោយចំណាយពេលត្រឹមតែ៨ខែប៉ុណ្ណោះ ។

បន្ថែមពីលើនេះ រាជរដ្ឋាភិបាលក៏បានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង ដែលមានតំបន់សេដ្ឋកិច្ច ៥កំពុងដំណើរការ ផ្តល់ការងារជូនយុវជនជាង ៨ម៉ឺននាក់ និងតំបន់សេដ្ឋកិច្ច ៤ទៀតកំពុងសាងសង់ គឺជាសក្តានុពល នៃការអភិវឌ្ឍក្នុងខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន ពិសេសវិស័យសំណង់មានការអភិឌ្ឍយ៉ាងគំហុកគួរឱ្យកត់សំគាល់ ដែលធ្វើឱ្យកំណើននៃគម្រោងអគារខ្ពស់ៗមានរហូតទៅដល់ជាង៨០០គម្រោងទៅហើយ។ម៉្យាងវិញទៀតទីស្ថានក្នុងតំបន់នេះក៏ជាគោលដៅទេសចរណ៍ដ៏សំខាន់មួយក្នុងក្រសែភ្នែករបស់មនុស្សជាតិទូទៅផងដែរ។

ការផ្សំនូវធាតុដ៏សំខាន់ទាំងពីនេះ ហើយដែលធ្វើឱ្យទឹកដីនាទិសនិរតីមួយនេះ ក្លាយជាគ្រាប់ពេជ្រដ៏ភ្លឺចែងចាំង ទាំងដែលមិនទាន់កែឆ្នៃ រួចរាល់នៅឡើយ។ហើយយើងក៏ជឿជាក់ថា គោលដៅនៃការអភិវឌ្ឍដ៏ធំមហិមាមួយនេះ នឹងក្លាយជាឱកាសដ៏វិសេសវិសាលរបស់វិនិយោគិនគ្រប់រូបពិសេសគឺ អ្នកវិនិយោគក្នុងស្រុក មិនមើលរំលងលើវិស័យឈានមុខទាំងឡាយមិនថា វិស័យទេសចរណ៍ ឫវិស័យសំណង់ជាដើម ដែលសុទ្ធតែជាវិស័យអាទិភាពក្នុងតំបន់មួយនេះនិងប្រទេសកម្ពុជាទាំងមូលផងដែរ។

អត្ថបទ៖ ភោគ ម៉ារី

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES