ក្រសួងទេសចរណ៍បានរៀបចំ ៥ ចំណុចដើម្បីទាក់ភ្ញៀវទេសចរ ទន្ទឹមការបដិសេធថាភ្ញៀវទេសចរណ៍ធ្លាក់ចុះ​

កម្ពុជាគឺជាប្រទេសមួយដែលសម្បូទៅដោយគោលដៅទេសចរណ៍ ហើយចំនួនភ្ញៀវទេសចរពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើងគួរអោយកត់សម្គាល់ ទន្ទឹមគ្នានេះផងដែរ​ ដើម្បីអោយភ្ញៀវទេសចរណ៍កាន់តែមានកំណើន អ្វីដែលសំខាន់នោះគឺការផ្សព្វផ្សាយ ក្នុងនោះផងដែរប្រព័ន្ធផ្សព្វផ្សាយឌីជីថល ពិតជាបានដើរតួនាទីសំខាន់ ក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា ។ ក្នុងនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងទេចរណ៍ ថោង ខុន ក៏បានដាក់ចេញនូវអនុសាសន៍គន្លឹះចំនួន ៥ចំណុច រួមមាន៖

ទី១

ពាក់ព័ន្ធនឹងគេហទំព័រ និងកម្មវិធីទូរស័ព្ទវៃឆ្លាត «Visit Cambodia» លោកបានស្នើឲ្យផ្នែកឯកជនដែលជាប្រតិបត្តិករទេសចរណ៍ចូលរួមផ្តល់ព័ត៌មាន ក៏ដូចជាកម្មវិធីបញ្ចុះតម្លៃពិសេសណាមួយ ក្នុងគោលបំណងពង្រឹង និងពង្រីកសក្តានុពលទេសចរណ៍នៅខេត្តសៀមរាបឱ្យបានល្អប្រសើរ និងបង្កើនកំណើនភ្ញៀវទេសចរទៅកម្សាន្តឱ្យបានកាន់តែច្រើន ក្នុងន័យធ្វើយ៉ាងណាជំរុញការស្វែងរកគោលដៅ និងសេវាកម្មទេសចរណ៍នានាដែលក្នុងខេត្តសៀមរាប សំដៅបំផុសចលនាទេសចរណ៍ទៅកាន់ខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រដ៏ល្អរបស់កម្ពុជា។

ទី២

ពាក់ព័ន្ធនឹងកញ្ចប់ទស្សនកិច្ចក្នុងស្រុក ពិសេសខេត្តសៀមរាប ដើម្បីចូលរួមក្នុងការអភិវឌ្ឍកញ្ចប់ទស្សនកិច្ចទេសចរណ៍ និងជំរុញកំណើនភ្ញៀវទេសចរទៅកាន់គោលដៅខេត្តសៀមរាប លោកបានស្នើឲ្យមានការចូលរួមពីសំណាក់ប្រតិបត្តិករទេសចរ ពិសេសម្ចាស់គ្រប់គ្រងអាជីវកម្មទេសចរណ៍ និងមូលដ្ឋានអាជីវកម្មថ្មីៗ ក្នុងកម្មវិធីបង្កើតកញ្ចប់ទស្សនកិច្ចពិសេសនេះ តាមរយៈកម្មវិធីនានា ឬការបញ្ចុះតម្លៃពិសេសទៅលើសេវាកម្មរបស់ខ្លួន ដើម្បីងាយស្រួលដល់ការជ្រើសរើសគោលដៅ ក៏ដូចជាកញ្ចប់ទស្សនកិច្ចរបស់ភ្ញៀវទេសចរ។

ទី៣

ពាក់ព័ន្ធនឹងប្រព័ន្ធចុះបញ្ជីស្នាក់នៅទេសចរណ៍អនឡាញ លោកបានស្នើដល់គ្រប់ភាគីពាក់ព័ន្ធ រដ្ឋបាលរាជធានី-ខេត្ត មន្ទីរទេសចរណ៍ ពិសេសប្រតិបត្តិករទេសចរណ៍ នៅក្នុងផ្នែកសេវាកម្មស្នាក់នៅទេសចរណ៍ចូលរួមអនុវត្តរាល់ភារកិច្ច ដែលពាក់ព័ន្ធនឹងដំណើរប្រតិបត្តិការរបស់ប្រព័ន្ធចុះបញ្ជីស្នាក់នៅទេសចរណ៍ សម្រាប់មូលដ្ឋានអាជីវកម្មទេសចរណ៍ (www.accommodationregistrar.net)។

ទី៤

លោកបានអំពាវនាវដល់អាជ្ញាធរ និងរដ្ឋបាលខេត្តសៀមរាប សូមយកចិត្តទុកដាក់បន្ថែមលើការងារសម្អាត និងថែរក្សាអនាម័យទីក្រុង (សៀមរាបផ្ទះខ្ញុំ) ក៏ដូចជាទីប្រជុំជន និងគោលដៅទេសចរណ៍សំខាន់។ កន្លងមក រដ្ឋបាលខេត្ត និងអាជ្ញាធរជាតិអប្សរា បានខិតខំស្តារនិងអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធផ្លូវថ្នល់ជុំវិញខេត្ត និងគោលដៅទេសចរណ៍សំខាន់ៗ លោកក៏បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ និងផ្នែកឯកជនពាក់ព័ន្ធនានាមេត្តាចូលរួម និងបន្តផ្តល់សេវាកម្មប្រកប ដោយការទទួលខុសត្រូវ និងចូលរួមដល់គ្រប់យុទ្ធនាការថែរក្សាអនាម័យស្អាតរបស់ខេត្តសៀមរាប ដើម្បីជាទុនបន្ថែមក្នុងការទាក់ទាញកំណើនភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាប និងតំបន់អង្គរ។

ទី៥

អំពាវនាវដល់រដ្ឋបាលខេត្ត អាជ្ញាធរពាក់ព័ន្ធ ផ្នែកឯកជន និងប្រជាពលរដ្ឋចូលរួមក្នុងយុទ្ធនាការពិសេសក្នុងការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ទាំងអស់ រាប់ទាំងសេវាដឹកជញ្ជូន ស្នាក់នៅ ហូបចុក មគ្គទ្ទេសក៍ទេសចរណ៍ ហាងលក់វត្ថុអនុស្សាវរីយ៍។ យុទ្ធនាការពិសេសនេះ អាចជាការប្រឡងប្រណាំងពិសេសដោយឡែក សម្រាប់ខេត្តសៀមរាប ក្នុងគោលដៅជំរុញការអភិវឌ្ឍ និងកំណើនភ្ញៀវទេសចរមកទស្សនាតំបន់បេតិកភណ្ឌ ដ៏វិសេសវិសាលមួយនេះ៕

អត្ថបទដោយ : នៅ ហៀង ( Heang Polite ) 

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES