ល្បិចបិទការលក់អចលនទ្រព្យវៃឆ្លាតបំផុត

ភ្នាក់ងារលក់អចលនទ្រព្យត្រូវយល់ដឹងពីក្បួនចរចាជាមួយអតិថិជនអោយមានប្រសិទ្ធភាព ក្នុងការបិទការលក់ប្រកបដោយភាពជោគជ័យក្នុងវិស័យអចលនទ្រព្យ ។ ការចរចាគឺជារឿងសំខាន់បំផុត ដែលឈានដល់បញ្ចប់ការលក់ និងផ្តល់នូវទំនុកចិត្តដល់អតិថិជន ។  តាមរយៈការចរចាអោយមានប្រសិទ្ធភាពខ្ពស់នោះអ្នកត្រូវតែគោរពតាមលក្ខខណ្ឌមួយចំនួនដែលទាញអារម្មណ៍អតិថិជនអោយមានការជឿជាក់ប្រកបដោយទំនុកចិត្ត ។

 ជាការពិតណាស់ទំនុកចិត្តគឺជារឿងសំខាន់ក្នុងការលក់អចលនទ្រព្យ  ព្រោះអចលនទ្រព្យមានអ្នកអភិវឌ្ឍន៍គម្រោងលក់ច្រើន អតិថិជនក៏មានជម្រើសច្រើនដែរ ។  ចំណុចខាងក្រោមនេះគឺជាយុទ្ធសាស្រ្តនៃការចរចាអោយមានប្រសិទ្ធភាពក្នុងការលក់អចលនទ្រព្យ៖  

១. ស្លៀកពាក់ឯកសណ្ឋានត្រឹមត្រូវ៖  រឿងដែលត្រូវធ្វើមុខគេគឺ ត្រៀមឯកសណ្ឋានក្រុមហ៊ុន ឬភ្នាកងារលក់អចលនទ្រព្យអោយបានត្រឹមត្រូវសមជាអ្នកមានវិជ្ជាជីវៈ ។ អតិថិជនដំបូងគាត់មើលលើឯកសណ្ឋានរបស់បុគ្គលក្នុងក្រុមហ៊ុន ឬភ្នាក់ងារអចលនទ្រព្យ ដែលបង្ហាញអោយអតិថិជនឃើញពីភាពច្បាស់លាស់ ត្រឹមត្រូវនៃក្រុមហ៊ុន ។ 

កន្លងមកមានភ្នាក់ងារលក់គម្រោងមួយចំនួន ឬអ្នកលក់អចលនទ្រព្យមួយចំនួន គឺពួកគាត់មិនបានគិតអំពីការស្លៀកពាក់ឯកសណ្ឋានអោយសមជាភ្នាក់ងារអចលនទ្រព្យនោះទេ  ជាពិសេសអ្នកដែលប្រឡូកថ្មីថ្មោងក្នុងវិស័យអចលនទ្រព្យ ។ ដែលប្រការនេះធ្វើអោយអតិថិជនមើលឃើញពីភាពកំសោយនៃបុគ្គលនោះ  តើអតិថិជនមានការជឿជាក់យ៉ាងដូម្តេចទៅ? អតិថិជនអាចវាយតម្លៃ ថាយើងអ្នកលក់គម្រោងអចលនទ្រព្យគ្មានវិជ្ជាជីវៈ ហើយគេនិងមិនទុកចិត្តយើងទេ ។ ដូច្នោះក្នុនាមជាភ្នាក់ងារអចលនទ្រព្យក្រុមហ៊ុន ឬភ្នាក់ងារលក់អចលនទ្រព្យឯករាជ្យត្រូវតែស្លៀកពាក់ឯកសណ្ឋានអោយបានត្រឹមត្រូវ អោយសមជាអ្នកលក់អចលនទ្រព្យមានវិជ្ជាជីវៈ  ។   

២. រៀបចំអាកប្បកិរិយាៈ   អាកប្បកិរិយាគឺមានសារៈសំខាន់ណាស់ ហើយក៏ជាទម្លាប់របស់មនុស្សដែរ ។ យើងធ្លាប់មានអាកប្បកិរិយាមិនសមរម្យ ដូចជានិយាយឡូឡា  និយាយច្រើនហូរហែរ  ជក់បារី  និងអកប្បកិរិយាណាមួយមិនសមរម្យ  ត្រូវតែផ្លាស់ប្តូរចេញ ឬកុំយកមកប្រើក្នុងការចរចារជាមួយអតិថិជន ។ បើសិនយើងនៅតែមានទម្លាប់អាកប្បកិរិយាបែបនេះ ហើយយកមកប្រើក្នុងពេលកំពុងចរចារជាមួយអតិថិជន នោះប្រកដជាខាតពេលវេលាហើយ  ព្រោះអតិថិជននិងមិនទិញគម្រោងរបស់អ្នកទេ ភាគរយនៃចរចារប្រាកដជាបរាជ័យ ។  

ផ្ទុយមកវិញយើងត្រូវរៀបចំអាកប្បកិរិយាអោយបានល្អក្នុងកំឡុងពេលចរចាជាមួយអតិថិជន ដោយនិយាយសុភាព ពាក្យគួរសម  ឥរិយាបទគួរអោយគោរព  ជាពិសេនោះគឺអ្នកលក់ត្រូវចេះខ្វល់ខ្វាយពីអារម្មណ៍អតិថិជន និងជួយដោះស្រាយបញ្ហាដែលអតិថិជនកំពុងជួបប្រទះ ក្នុងពេលចរចាដោយការគោរពខ្ពស់ ។ អាកប្បកិរិយាវិជ្ជមាននេះហើយ និងធ្វើអោយអតិថិជនរបស់អ្នក មានការជឿជាក់លើគម្រោង និងឈានដល់បញ្ចប់ការលក់ភ្លាមៗ ។  

៣. ឯកសារយោងៈ   ការចរចារត្រូវតែមានឯសារយោង ឬឯកសារណាដែលពាក់ព័ន្ធនិងគម្រោងរបស់អ្នក ដោយមានជាគម្រូ បង្ហាញអោយអតិថិជនបានដឹង រាល់ពត៌មានទាំងអស់ដោយមិនលាក់បាំង ។ បើសិនអ្នកលក់អចលនទ្រព្យមិនមានឯកសារយោង ឬមួយមិនមានភស្តុតាងអ្វីអោយអតិថិជនឃើញ នោះអតិថិជននិងមិនមានភាពជឿជាក់លើគម្រោងរបស់អ្នកនោះទេ ។ ដូច្នោះត្រូវត្រៀមឯកសារសំខាន់ក្នុងពេលចរចា ហើយឯកសារនោះគឺជាឯកសារត្រឹមត្រូវ មិនមែនឯកសារបោកប្រាស់ដែលបន្លំអតិថិជននោះទេ ។  

៤. ធ្វើការណាត់ជួបអតិថិជនៈ  បន្ទាប់ពីអ្នកបានត្រៀមខ្លួនរួចរាល់ហើយ ត្រូវធ្វើការណាត់ជួបអតិថិជនរបស់អ្នកក្នុងកន្លែងណាមួយមានសុវត្តិភាព និងមានភាពកក់ក្តៅដល់អតិថិជន ដើម្បីនិយាយឬជជែកគ្នាពីគម្រោងដែលអតិថិជនត្រូវទិញ ឬវិនិយោគ ។ មានអតិថិជនខ្លះ គាត់មកដល់កន្លែងភ្លាមៗមិនបានធ្វើការណាត់ទុកជាមុន   ចំពោះបញ្ហានេះអ្នកលក់ពិបាកដោះស្រាយបន្ទិចហើយព្រោះអតិថិជនប្រភេទនេះ អាចជាអ្នកដើរជ្រេតម្លៃនៅតាមតំបន់ ឬសើបសួរ ព័ត៌មានពីអ្នកជុំវិញនោះ ។ ដូច្នោះបើអាចត្រូវតែព្យាយាមធ្វើការណាត់ជួបអតិថិជនទុកជាមុន កុំអោយមានភាពរញ៉េរញ៉ៃ និងមិនច្បាស់លាស់ ។  

៥. ប្រើយុទ្ធសាស្រ្តបិទការលក់ៈ  យុទ្ធសាស្រ្តបិទការលក់ត្រូវបានក្រុមហ៊ុន ឬភ្នាក់ងារគម្រោងបានបង្រៀនដល់អ្នកលក់អចលនទ្រព្យទាំងអស់បានច្រើនហើយ  ដើម្បីអោយអតិថិជនមានការជឿជាក់ក្នុងការបញ្ជាទិញគម្រោងរបស់ខ្លួន  ។  ក្នុងដំណាក់កាលនេះគឺជាដំណាក់កាលចរចាគម្រោងទៅអោយអតិថិជនរបស់អ្នក  ហើយក៏ជាដំណាក់កាលដែលយើងត្រូវដឹងពីស្នៀតក្នុងការចរចារអោយមានប្រសិទ្ធភាព ក្នុងការបិទការលក់ ។ 

ក្នុងដំនាក់កាលនេះយើងត្រូវពន្យល់អោយលំអិតពីគម្រោងរបស់យើង  បន្ទាប់មកចូរស្តាប់ពីបញ្ហារបស់អតិថិជន  ហើយស្វែងរកដំណោះស្រាយដល់អតិថិជន ។ ធ្វើដូច្នោះអតិថិជនប្រាកដជាមានទំនុកចិត្តលើគម្រោងរបស់អ្នក ។ ក្នុងដំណាក់កាលនេះកុំព្យាយាមបង្ខំធ្វើអោយអតិថិជនទាល់ច្រកក្នុងការចរចារ  ឬអ្នកកុំប្រើយុទ្ធសាស្ត្របន្លាចអតិថិជនអោយសោះ  ព្រោះវាមិនធ្វើអោយជោគជ័យនោះទេ ថែមទាំងធ្វើអោយគម្រោងរបស់អ្នកស្អុយឈ្មោះទាំងមូល ។  

៦. រៀបចំកិច្ចសន្យាៈ   បន្ទាប់ពីចរចាបានប្រសិទ្ធភាព អតិថិជនមានការយល់ព្រមហើយ ជំហ៊ានបន្ទាប់ត្រូវធ្វើការកក់ប្រាក់  ឬធ្វើកិច្ចសន្យាណាមួយដើម្បីប្រាកដប្រជារវាងអ្នកទិញ និងអ្នកលក់ ។ បើសិនអតិថិជនចាំពន្យាពេលធ្វើកិច្ចសន្យា នោះការចរចារបស់អ្នកមិនទាន់បានលទ្ធផលទេ  ប៉ុន្តែបើអតិថិជនរបស់អ្នកធ្វើកិច្ចសន្យានៅចំពោះមុខអ្នកហើយ បង្ហាញអោយឃើញថា អតិថិជនមានការជឿចាក់ និងទំនុកចិត្តលើគម្រោងរបស់អ្នកហើយ ទើបអតិថិជនធ្វើកិច្ចសន្យាភ្លាម ។  អត្ថបទដោយ៖  សុទ ផានិត

Adtag for Mobile Grow:-
Online

RELATED ARTICLES