ខេត្តព្រះសីហនុទាក់ទាញភ្ញៀវទេសចរ ១លាន៩សែននាក់ កើន ១០.៦២%នៅក្នុងឆ្នាំ២០១៩

ខេត្តព្រះសីហនុកំពុងតែមានប្រជាប្រិយខ្លាំង លើវិស័យជាច្រើនដូចជា វិស័យអចលនទ្រព្យ សំណង់ និង មានវិស័យផ្សេងៗទៀត នៅក្នុងនោះក៏មានវិស័យទេសចរណ៍ផងដែរ ។ នៅក្នុងឆ្នាំ២០១៩ នេះ មានភ្ញៀវទេសចរកើនឡើងដល់ទៅ ១០.៦២% ដែលមានភ្ញៀវទេសចរសរុបចំនួន ១,៩៤០,១៩៩នាក់ ក្នុងនោះមានភ្ញៀវជាតិ ១,២០៨,៥២៤នាក់  និងភ្ញៀវអន្តរជាតិ ៧៣១,៦៧៥នាក់ ។ ហើយលើសពីនេះទៅទៀតនោះ ខេត្តព្រះសីហនុ គឺកំពុងមានការអភិវឌ្ឍន៍ខ្លាំងលើវិស័យទេសចរណ៍ ដែលជាហេតុនាំឲ្យមានភ្ញៀវទេសចរច្រើនមកទស្សនា ។

បើយោងទៅតាមគេហទំព័ររដ្ឋបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានលើកឡើងថា ខេត្តព្រះសីហនុជាតំបន់ប៉ូលអភិវឌ្ឍជាតិមួយដ៏សំខាន់នៅតំបន់ឆ្នេរសមុទ្រកម្ពុជា និងជាខេត្តដែលមានសក្តានុពល សេដ្ឋកិច្ចខ្ពស់ក្នុងការទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរណ៍ ជាមួយនឹងការកំសាន្តតាមឆ្នេរសមុទ្រ និងកោះដ៏ស្រស់ស្អាត កំពង់ផែអន្តជាតិ អាកាសយានដ្ឋានអន្តជាតិ និងធនធានធម្មជាតិដ៏សំបូរបែប និងត្រូវបានប្រសិទ្ធនាមជា"តារារៈនាទិសនិរតី" ។ ជាមួយនឹងសន្ទុះនៃការអភិវឌ្ឍន៍ដ៏ខ្លាំងក្លា និងប្រកបដោយចីរភាព ជាពិសេសការវិនិយោគលើវិស័យអចលនទ្រព្យ រួមមានមជ្ឈមណ្ឌលពាណិជ្ជកម្ម អគារស្នាក់នៅរួម សណ្ឋាគារ មណ្ឌលកំសាន្ត ។ល។ ដែលបង្ហាញអំពីវប្បធម៌ និងបំរើដល់វិស័យទេសចរណ៍ និងធុរកិច្ច ។ 

ក្នុងរយៈពេល១០ខែ ឆ្នាំ២០១៩ ខេត្តទទួលបានភ្ញៀវទេសចរសរុបចំនួន ១,៩៤០,១៩៩នាក់ កើនឡើង ១០.៦២%  ក្នុងនោះ ភ្ញៀវជាតិ ១,២០៨,៥២៤នាក់  និងភ្ញៀវអន្តរជាតិ ៧៣១,៦៧៥នាក់ ។ មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ គិតត្រឹមខែតុលា ឆ្នាំ២០១៩ មានចំនួនសរុប ៨៨០កន្លែង ក្នុងនោះសណ្ឋាគារ ១០៨កន្លែង ស្មើនឹង ៧,១៦២បន្ទប់ ផ្ទះសំណាក់ ២៣៧កន្លែង ស្មើនឹង ២,៩៣៦បន្ទប់ បឹងហ្គាឡូចំនួន ៣១កន្លែង ស្មើនឹង ៤៣១បន្ទប់ ភោជនីយដ្ឋាន ៣១៣កន្លែង ស្មើនឹង ១៣,៨៣៣តុ និងសេវាកម្មផ្សេងៗជាច្រើនទៀត។  ចំណែកវិស័យសំណង់ក៏មានការអភិវឌ្ឍរីកចម្រើនយ៉ាងគំហុកគួរឱ្យកត់សំគាល់ ក្នុងនោះទិន្នន័យសំណង់ គិតចាប់ពីឆ្នាំ២០១៧ ដល់ខែវិចិ្ឆកា ឆ្នាំ២០១៩ មានចំនួន ១,០៧៦គម្រោង អគារកម្ពស់ចាប់ពី៥ជាន់ ដល់៤៥ជាន់ មានចំនួន ៨០១គម្រោង ។

ជាមួយគ្នានេះដែលដើម្បីពង្រឹង និងរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈនៅខេត្តព្រះសីហនុឲ្យបានល្អប្រសើរ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានពង្រឹងការអនុវត្តគោលនយោ បាយ ភូមិ ឃុំមានសុវត្ថិភាព ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ពាណិជ្ជករ អាជីវករ អ្នកវិនិយោគ ភ្ញៀវទេសចរជាតិ អន្តរជាតិ រស់នៅ ធ្វើពាណិជ្ជកម្ម និងប្រកបរបរអាជីវកម្ម បានយ៉ាងសុខដុមរមនា និង បានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ ឲ្យមានការរីកចំរើនជានិច្ចនិរន្ត។ 

ទន្ទឹមនឹងការរីកចម្រើននៃសេវាកម្មទេសចរណ៍គ្រប់ប្រភេទ នាពេលបច្ចុប្បន្ន យើងក៏ទាមទារឱ្យមានស្តង់ដារក្នុងការផ្តល់សេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ច ជាចាំបាច់ ដើម្បីពង្រឹងនូវការផ្តល់សេវាកម្មនេះ ឱ្យមានគុណភាពខ្ពស់ និងឈានដល់ការប្រកួតប្រជែងជាមួយបណ្តា តំបន់ទេសចរណ៍នានា នៅប្រទេសជិតខាង និងអាស៊ាន។

អត្ថបទដោយ ៖ មិត្ត​ គន្ធា 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES