មកមើលក្រុមហ៊ុនអាកាសចរណ៍ដែសុវត្ថិភាពខ្ពស់បំផុតលំដាប់ពិភពលោកប្រចាំឆ្នាំ ២០១៩

ជារៀងរាល់ឆ្នាំ SKYTRAX ស្ថាប័នស្រាវជ្រាវទាក់ទងនឹងអាកាសចរណ៍នាំមុខគេរបស់ប្រទេសអង់គ្លេស បានចាត់លំដាប់ក្រុមហ៊ុនអាកាសចរណ៍ដែលល្អបំផុត (World’s Best Airlines) ដោយផ្អែកលើភាពល្អឥតខ្ចោះទាំងរឿងគុណភាព សេវាកម្ម មាត្រដ្ឋានសុវត្ថិភាព និង ការពេញចិត្តពីសំណាក់អតិថិជន ។ ថ្ងៃនេះ Business Cambodia សូមបង្ហាញពីក្រុមហ៊ុនអាកាសចរណ៍ដែលនៅក្នុងបញ្ជីនេះ ដោយរាប់ពីលេខ១០ចុងក្រោយទៅមុន៖

១០.​ក្រុមហ៊ុនអាកាសចរណ៍ Thai Airways

គ្រាន់តែលឺឈ្មោះក៏ដឹងថាដែរថា ជាក្រុមហ៊ុនរបស់ប្រទេសមួយណា? គឺប្រទេសថៃនេះឯង ឈរក្នុងតារាងលំដាប់លេខ១០ ជាប់ៗគ្នាតាំងពីឆ្នាំ២០១៨មកម្ល៉េះ ។ ​ចំណូលជារួមប្រចាំឆ្នាំ 6,511 លានដុល្លាសហរដ្ឋអាមេរិច ។

៩.​ក្រុមហ៊ុនអាកាសចរណ៍ Lufthansa

អ្នកដែលធ្លាប់ទៅខាងប្រទេសអឺរ៉ុបញឹកញាប់ ប្រហែលធ្លាប់លឺឈ្មោះក្រុមហ៊ុនអាកាសចរណ៍នេះហើយ Lufthansa ជាក្រុមហ៊ុនអាកាសចរណ៍ធំបំផុតនៅក្នុងប្រទេសអាល្លឺម៉ង់ មានជើងហោះហើរស្ទើរគ្រប់ទ្វីបទូទាំងពិភពលោក ។ ចំណូលជារួមប្រចាំឆ្នាំ 40,352 លានដុល្លាសហរដ្ឋអាមេរិច ។

៨.​ក្រុមហ៊ុនអាកាសចរណ៍ Qantas Airways

ជាក្រុមហ៊ុនអាកាសចរណ៍ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នកជំនួញប្រទេសអូស្រ្តាលី ហើយជារៀងរាល់ឆ្នាំក៏តែងចាត់បញ្ជីឈរជើងតំណែងទាំង១០ ស្ទើរមិនរំលងដែរ ។  ចំណូលជារួមប្រចាំឆ្នាំ 12,006 លានដុល្លាសហរដ្ឋអាមេរិច ។

៧.​ក្រុមហ៊ុនអាកាសចរណ៍ Hainan Airlines

ជាក្រុមហ៊ុនរបស់ប្រទេសចិន ដែលមានសេវាបំរើបែបផ្កាយប្រាំតែម្ដង ក្រៅពីមានជើងហោះហើរច្រើនគ្រប់ខេត្តនៅក្នុងប្រទេសចិនហើយ ក៏មានជើងហោះហើរច្រើនសមគួរទៅក្រៅប្រទេសផងដែរ ។ ​ចំណូលជារួមប្រចាំឆ្នាំ 9,876 លានដុល្លាសហរដ្ឋអាមេរិច ។

៦.​ក្រុមហ៊ុនអាកាសចរណ៍ EVA Air

ក្រោមការដឹកនាំរបស់ក្រុមហ៊ុនដ៏ធំ Evergreen របស់ប្រទេសតៃវ៉ាន់ ដែលបានចាត់អោយមានជើងហោះហើរទៅជាង៦៤គោលដៅក្នុងមួយថ្ងៃ រួមទាំងប្រទេសអាមេរិចផងដែរ ។ ​ចំណូលជារួមប្រចាំឆ្នាំ 5,781 លានដុល្លាសហរដ្ឋអាមេរិច ។

៥.​ក្រុមហ៊ុនអាកាសចរណ៍ Emirates

ជាក្រុមហ៊ុនរបស់ប្រទេសអារ៉ាប់រួម ដែលគ្រប់លើកមេដៃអោយផ្នែកការតុបតែងខាងក្នុងដែលប្រណីតឥតខ្ចោះ ចូលទៅដូចសណ្ឋាគារលំដាប់ផ្កាយ៥អញ្ជឹង។ ​ចំណូលជារួមប្រចាំឆ្នាំ 29,791 លានដុល្លាសហរដ្ឋអាមេរិច ។

៤.​ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific

ថ្វីត្បិតតែប្រទេសហុងកុងគ្រាន់តែជាទីក្រុងដ៏តូចមួយមែន ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួនមិនតូចនោះទេ មានជើងហោះហើរទៅប្រទេសធំជាច្រើន ថែមទាំងជាប់លំដាប់ល្អបំផុតទៀតផង ។ ​ចំណូលជារួមប្រចាំឆ្នាំ 14,240 លានដុល្លាសហរដ្ឋអាមេរិច ។

៣.​ក្រុមហ៊ុនអាកាសចរណ៍ ANA All Nippon Airways

មិនបាច់ឆ្ងល់ទេ មូលហេតុដែលជាប់លំដាប់លេខ៣ បើសិនដឹងថាជាក្រុមហ៊ុនមកពីប្រទេសមួយណា គឺប្រទេសជប៉ុននេះឯង ដោយមានភាពល្បីល្បាញខ្លាំងខាងការហោះហើរត្រង់ពេល បំពាក់ដោយ Full Service តែម្តង ។ ​ចំណូលជារួមប្រចាំឆ្នាំ 19,380 លានដុល្លាសហរដ្ឋអាមេរិច ។

២.​ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines

ដោយមានភាពលេចធ្លោ និង ស្តង់ដារខ្ពស់បំផុតស្ទើរគ្រប់ផ្នែកទាំងអស់ មិនថាផ្នែកសុវត្ថិភាព សេវាកម្ម អាហារ គ្រឿងបរិភោគជាដើម ធ្វើអោយក្រុមហ៊ុនសាំងហ្គាពួរមួយនេះហក់លោតតារាងមកក្នុងលំដាប់លេខ២ ។ ​ចំណូលជារួមប្រចាំឆ្នាំ 12,030 លានដុល្លាសហរដ្ឋអាមេរិច ។

១.​ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways

ទីបំផុតក៏មកដល់ក្រុមហ៊ុនអាកាសចរណ៍ដែលគ្រងតំណែងឯក លេខ១ ដែលល្អជាងគេបំផុតក្នុងពិភពលោក ទាំងផ្នែកគុណភាព ភាពប្រណិតនៃយន្តហោះ ការបំរើសេវាកម្ម Full Service បែបផ្កាយ៥ និង កំរិតស្តង់ដារសុវត្ថិភាពខ្ពស់ ដែលធ្វើអោយមានភាពពេញចិត្តយ៉ាងខ្លាំងពីសំណាក់អតិថិជន ។ ក្រុមហ៊ុននេះមានជើងហោះហើរសរុប ១៤៦ ទូទាំងពិភពលោក ដោយស្ថិតក្រោមការគ្រប់គ្រងពីប្រទេសកាតាល់នេះឯង ។ ​ចំណូលជារួមប្រចាំឆ្នាំ 11,558 លានដុល្លាសហរដ្ឋអាមេរិច ។

អត្ថបទដោយ៖ គាន ចន្រ្ទាវត្តី (Sale Writer of Business Cambodia in Thailand)

USNews Logo
Online

RELATED ARTICLES