បើចង់ទាក់ទាញមនុស្សពូកែៗឱ្យចូលមកក្នុងក្រុមហ៊ុនមេដឹកនាំគួរគិតគូរលើចំណុច២ធំៗនេះ

អាជីវកម្មមួយដែលអាចទាក់ទាញមនុស្សពូកែៗឱ្យចូលមកចូលរួមក្នុងក្រុមហ៊ុនរបស់ខ្លួនកាន់តែច្រើន នោះអាជីវកម្មរបស់គេក៏ទទួលបាននូវភាពរីកចម្រើនបានឆាប់រហ័សជាងក្រុមហ៊ុនដែលមិនសូវមានមនុស្សពូកែៗ។ មនុស្សដែលពូកែនៅទីនេះគឺសម្ដៅទៅលើបុគ្គលិក អ្នកវិនិយោគ ឬបុគ្គលដែលមានសក្ដានុពលផ្សេងៗឱ្យចូលមកធ្វើជាអ្នកគ្រប់គ្រងក្នុងក្រុមហ៊ុនជាដើម។ ប៉ុន្តែមនុស្សដែលពូកែ ក៏មានតម្រូវការច្រើនលើសពីតម្រូវការរបស់មនុស្សដែលធម្មតាៗផងដែរ។ អ្វីដែលសំខាន់តើធ្វើយ៉ាងណាទើបអាចទាក់ទាញមនុស្សដែលពូកែៗឱ្យពួកគេចូលមកក្នុងក្រុមហ៊ុន ដើម្បីឱ្យពួកគេក្លាយជាផ្នែកដ៏សំខាន់ក្នុងការចូលរួមជួយឱ្យអាជីវកម្មរបស់យើងអាចទទួលបាននូវភាពរីកចម្រើនបានយ៉ាងឆាប់រហ័សទៅ? ខាងក្រោមនេះគឺជាចំណុចសំខាន់ៗ ២យ៉ាងដែលអ្នកដឹកនាំគួរតែគិតគូរក្នុងការផ្ដល់ឱ្យមនុស្សដែលពូកែៗ ដើម្បីអាចទាក់ទាញនូវមនុស្សដែលពូកែៗឱ្យចូលរួមក្នុងអាជីវកម្មយើងបាន៖

១. ផ្ដល់អត្ថប្រយោជន៍ខ្ពស់៖ វាមិនមែនជារឿងចម្លែកនោះទេដែលមនុស្សដែលពូកែៗ ប្រាថ្នាចង់បាននូវអត្ថប្រយោជន៍ច្រើនស័ក្តិសមជាមួយនឹងចំណេះ ជំនាញ សមត្ថភាព និងភាពឆ្លាតវៃរបស់ពួកគេ។ ដូច្នេះអត្ថប្រយោជន៍ដែលអ្នកគួរតែព្យាយាមស្វែងយល់ពីតម្រូវការផ្សេងៗដែលបុគ្គលម្នាក់នោះចង់បាន បន្ទាប់មកព្យាយាមផ្ដល់នូវអត្ថប្រយោជន៍ផ្សេងៗ បត់បែនទៅតាមតម្រូវការរបស់ពួកគេតាមអ្វីដែលអ្នកអាចផ្ដល់ឱ្យ។ អត្ថប្រយោជន៍ដែលអ្នកអាចផ្ដល់ឱ្យគេអាចជា ប្រាក់កម្រៃច្រើន ការធានារ៉ាប់រង សេវាសុខភាព ការគោរព តំណែងតួនាទី សេរីភាព ការផ្ដល់សិទ្ធក្នុងការសម្រេចចិត្តជាដើម។ បុគ្គល​មួយចំនួន ត្រឹមតែលុយមួយមុខ មិនអាចទាក់ទាញបេះដូងរបស់ពួកគេបាននោះទេ ប៉ុន្តែការគោរពឱ្យតម្លៃធ្វើឱ្យពួកគេមានអារម្មណ៍រំភើបជាង។ 

២. ឱកាសរីកចម្រើន៖ មនុស្សដែលមានសមត្ថភាពរមែងតែងតែមានមហិច្ឆតាធំដូច្នេះអ្នកត្រូវបង្ហាញពីឱកាសរីកចម្រើនមួយដ៏ធំផងដែរប្រសិនបើគេមកចូលរួមជាមួយអ្នក។ អ្នកត្រូវបង្ហាញពីរូបភាពដែលគេនឹងក្លាយទៅជាអ្វីមួយនាពេលអនាគត។ បង្ហាញពីឥទ្ធិពលនៃការផ្លាស់ប្ដូរជាវិជ្ជមានទៅដល់មនុស្សជុំវិញខ្លួន ដែលសមិទ្ធផលការងារទាំងអស់នោះកើតឡើងមកពីកិច្ចការងាររបស់គេ នៅពេលដែលគេសម្រេចចិត្តមកចូលរួមជាមួយយើង។ 

ជាសង្ខេបមកវិញ ចំណុចទាំង ២ខាងលើនេះគឺជាអ្វីដែលមនុស្សដែលពូកែៗចង់បានបំផុត។ ប៉ុន្តែនៅមានវិធីសាស្ត្រផ្សេងៗជាច្រើនទៀតដែលពួកគេចង់បាន។ ដូច្នេះអ្នកត្រូវព្យាយាមស្វែងយល់ពីតម្រូវការរបស់បុគ្គលម្នាក់នោះឱ្យបានច្បាស់ថាតើពួកគេប្រាថ្នាចង់បានអ្វី ហើយព្យាយាមផ្ដល់ឱ្យពួកគេនូវអ្វីដែលពួកគេចង់បាន ទើបអាចទាក់ទាញបេះដូងរបស់ពួកគេឱ្យចូលមកចូលរួមក្នុងភាពរីកចម្រើនរបស់អាជីវកម្មរបស់យើងបាន។

អត្ថបទដោយ៖ឡុង វឌ្ឍនៈ(Leadership Writer)

TEL: 096 35 17 713/ 077 656 051

ម្ចាស់ស្នាដៃសៀវភៅ “ស្មុគស្មាញ” ដែលជាសៀវភៅធ្វើឲ្យអ្នកស្គាល់ច្បាស់ពីខ្លួនឯង កំចាត់ចោលនូវភាពស្មុគស្មាញក្នុងចិត្ត និងបង្កើនគុណភាពជីវិតរបស់អ្នកឲ្យមានភាពសប្បាយរីករាយជាងមុន។

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES