នាយិកា Jobs Phnomlist៖ ប្រាប់ពីតិចនិចសំខាន់៣ ក្នុងការជ្រើសរើសបុគ្គលិកឆ្នើម

គ្រប់ម្ចាស់អាជីវកម្ម ស្ថាប័ន ឫក្រុមហ៊ុនតូចធំតែងតែប្រឈមនឹងបញ្ហាជ្រើសរើសបុគ្គលិកខុស ធ្វើការងារមិនកើត មិនត្រឹមតែមិនបានជួយដល់ក្រុមហ៊ុន ឫស្ថាប័នឲ្យរីកចម្រើននោះទេ តែបែរជាធ្វើឲ្យក្រុមហ៊ុនត្រូវខាតបង់ប្រាក់កាក់ និងពេលវេលាទៅវិញ។

អ្នកនាង ប៉េងទី សៅបូរីំណា នាយិកាJobs.Phnomlist ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មផ្នែកធនធានមនុស្សកំពុងមានសក្តានុពលខ្លាំងនៅក្នុងប្រទេសកម្ពុជា បានបង្ហើបប្រាប់ Business Cambodia ពីតិចនិចសំខាន់៣ ដែលធ្វើឲ្យម្ចាស់អាជីវកម្ម ​ឫក្រុមហ៊ុនអាចជ្រើសរើសបានបុគ្គលិកឆ្នើម មកបម្រើការងារ។

១. បញ្ជាក់លម្អិតពីការងារ

អ្នកនាង ប៉េងទី សៅបូរីណា បានបញ្ជាក់នៅត្រង់ចំណុចនេះថា៖ ដើម្បីអាចឲ្យម្ចាស់អាជីវកម្ម ឫ ក្រុមហ៊ុនអាចជ្រើសរើសបុគ្គលិកបានត្រឹមត្រូវ និងចំគោលដៅ ការបញ្ជាក់លម្អិតពីការងារនៅពេលផ្សព្វផ្សាយរើសបុគ្គលិក គឺជារឿងសំខាន់ដែលយើងមិនគួរមើលរំលង។​

ការបញ្ជាក់លម្អិតពីការងារ នឹងផ្តល់ឱកាសដល់អ្នកដែលរកការងារធ្វើដែលមានចិត្តចង់ធ្វើការងារឲ្យត្រូវនឹងក្តីស្រមៃ ត្រូវនឹងជំនាញ និងជាការងារដែលពួកគាត់ស្រឡាញ់ពេញចិត្ត ទោះជាពេលខ្លះទទួលបានប្រាក់ខែដំបូងមិនច្រើនដូចជាការចង់បានក៏ដោយ។ ជាងនេះទៅទៀត នៅពេលដែលទទួលបានការងារក្នុងក្តីស្រមៃហើយ ពួកគេនឹងដាក់ចិត្ត ដាក់កាយធ្វើការងារដោយមិនខ្លាចនឿយហត់ឡើយ។​

ស្ថាបនិក Apple លោក Steve Jobs ក៏ធ្លាប់មានប្រសាសន៍ដែរថា៖ “អ្នកដែលអាចធ្វើការងារខ្លួនឯងបានល្អបំផុត អស្ចារ្យបំផុត គឺជាអ្នកដែលស្រឡាញ់ការងារ ឫ អ្វីដែលពួកគេកំពុងធ្វើខ្លាំងបំផុត។”

២. បញ្ជាក់លម្អិតពីតម្រូវការ

តម្រូវការដែលកំណត់ចេញនូវពេលផ្សព្វផ្សាយរើសបុគ្គលិក ទាមទារឲ្យម្ចាស់អាជីវកម្ម ឫ​ក្រុមហ៊ុនបញ្ជាក់ឲ្យបានល្អិតល្អន់ ដើម្បីជ្រើសរើសបុគ្គលិកស្របតាមការចង់បានរបស់ខ្លួន ដោយមិនចាំបាច់ត្រូវចំណាយពេលវឹកហាត់ច្រើន។

នាយិកាវ័យក្មេងរូបនេះ បានមានប្រសាសន៍ថា៖ អ្នកស្វែងរកការងារធ្វើមួយចំនួន នៅពេលដែលឃើញពីតម្រូវក្រុមហ៊ុន ដូចជា បទពិសោធន៍ការងារច្រើនឆ្នាំ និងកម្រិតសិក្សាខ្ពស់ជាដើម តែងតែមានអារម្មណ៍ហាក់ខ្លាចរអាក្នុងការដាក់ពាក្យសុំធ្វើការងារពីក្រុមហ៊ុន ឫ ស្ថាប័នដែលខ្លួនពេញចិត្ត ប៉ុន្តែតាមការពិត តម្រូវការងារខ្ពស់មិនមែនជារឿងសំខាន់ឡើយ ដែលសំខាន់គឺសមត្ថភាពធ្វើការងារឲ្យចេញជាលទ្ធផល និងចរិតលក្ខណៈរបស់យើងទៅវិញទេ។​

អ្នកនាងបានបញ្ជាក់ផងដែរថា៖ គ្រប់អ្នកមកសុំការងារធ្វើដែលអ្នកនាងបានសម្ភាសន៍ អ្នកនាងមិនដែលផ្តល់ភាពសំខាន់ទៅកម្រិតសិក្សា និងបទពិសោធន៍ការងារខ្ពស់ពេកទេ តែអ្នកនាងបែរជាឲ្យតម្លៃយ៉ាងខ្លាំងទៅលើចរិតលក្ខណៈបុគ្គល ដែលរាប់ចាប់តាំងពីការធ្វើដំណើរ ការនិយាយស្តី ការទំនាក់ទំនង និងភាពក្លាហានទៅវិញ ពិសេសតើពួកគាត់មានចិត្តតស៊ូ និងមានចិត្តរៀនសូត្រពីការងារដើម្បីពង្រីកចំណេះដឹង និងសមត្ថភាពបន្ថែមដែរ ឫ ទេ។ ប្រសិនបើពួកគេគ្មានចំណុចល្អប៉ុន្មានចំណុចនេះទេ យើងមិនបាច់រំពឹងទេថា ពួកគាត់អាចនឹងក្លាយជាបុគ្គលិកឆ្នើម ឫក្លាយជាអ្នកដឹកនាំក្នុងក្រុមហ៊ុននោះទេ។

៣. បញ្ជាក់ពីបរិយាកាស

បរិយាការការងារនៅក្នុងស្ថាន័ក ឫក្រុមហ៊ុន ក៏ជាផ្នែកមួយដ៏សំខាន់ ហើយក៏ជាកត្តាជះឥទ្ធិពលមួយដ៏ធំដល់បុគ្គលិកបម្រើការងារផងដែរ ដូចនេះបុគ្គលិក និងអ្នករកការងារធ្វើមួយចំនួនធំ ច្រើនផ្តោតសំខាន់នៅត្រង់ចំណុចមួយនេះ ពិសេសបុគ្គលិកដែលមានសមត្ថភាព។​

អ្នកនាង ប៉េងទី សៅបូរីណា បានមានប្រសាសន៍ថា៖ បរិយាកាសការងារល្អ បុគ្គលិកក៏ធ្វើការងារទាំងសប្បាយចិត្ត និងមានប្រសិទ្ធិភាពខ្ពស់ដែរ តែបើបរិយាកាសការងារមិនល្អ បុគ្គលិកដែលទោះជាជាប់ការងារហើយ ក៏ប្រហែលជាធ្វើការងារមិនបានយូរដែរ។ 

គួរជម្រាបផងដែរថា សម្រាប់អ្នកដែលចង់ស្វែងរកការងារធ្វើ និងក្រុមហ៊ុនដែលចង់បានបុគ្គលិកបម្រើចំគោលដៅ អាចចូលទៅកាន់គេហទំព័រការងារ Jobs.phnomlist.com នេះបាន៕

 

អត្ថបទដោយ៖ MENG SONGHUA

[email protected]

USNews Logo

RELATED ARTICLES