មហាសេដ្ឋីអាមេរិក Warren Buffet៖ បើអ្នកមិនចង់ក្រទេ កុំធ្វើរឿងទាំងអស់នេះ

មនុស្សភាគច្រើនចាយវាយលុយកាក់ដែលខិតខំសន្សំ ខិតខំរកដោយញើសឈាមយ៉ាងខ្ជះខ្ជាយ ដោយសារតែពួកគាត់ភាគច្រើនពុំបានសិក្សាស្វែងយល់ពីការប្រើប្រាស់លុយឱ្យបានត្រឹមត្រូវ ពិសេសគឺពួកគាត់មិនដឹងពីវិធីសាស្ត្រយកលុយទៅបង្កើតលុយ។

ជាមួយគ្នាលោកមហាសេដ្ឋីលំដាប់កំពូលរបស់អាមេរិក និងជាបិតាវិនិយោគឈានមុនលំដាប់ពិភពលោក លោក Warren Buffet បានចែករំលែកសារដាស់តឿនដល់សាធារណៈជនទូទៅ៤ចំណុច ធ្វើឱ្យទាំងអស់គ្នាចាយលុយបានត្រឹមត្រូវ ចាកផុតពីបំណុល និងភាពក្រីក្រ។

១. កុំចាយលុយទិញរបស់មិនចាំបាច់ ព្រោះអ្នកនឹងលក់របស់ចាំបាច់នៅថ្ងៃក្រោយ

ប្រសិនបើអ្នកចំណាយលុយទិញរបស់មិនចាំបាច់នៅថ្ងៃនេះ ដូចជារថយន្តទំនើបក្នុងតម្លៃថ្លៃ ឬក៏សម្ភារៈនិយមថ្លៃៗ នៅពេលដែលអ្នកមានលុយមិនគ្រប់គ្រាន់ ឬអ្នកចាយលុយអស់ពីខ្លួន នៅគ្រាណាមួយដែលអ្នកមានការចាំបាច់បន្ទាន់ត្រូវការលុយភ្លាមៗ របស់ទាំងនោះមិនអាចឱ្យអ្នកដោះស្រាយបញ្ហាបានភ្លាមៗ ស្របពេលជាមួយអ្នកបានខាតបង់លុយកាក់ ឬក៏មានបំណុលរួចបាត់ទៅហើយ ដែលនាំឱ្យជីវិតរបស់អ្នកធ្លាក់ចុះ លំបាកវេទនា ឬត្រូវបង្ខំចិត្តលក់ទាំងផ្ទះ ដី ដែលអ្នកខិតខំរកមកបានដោយលំបាកថែមទៀតផង។

២. កុំសន្សំមុនចំណាយ 

មនុស្សភាគច្រើនមានទម្លាប់ចាយលុយតាមទឹកលុយដែលរកបាន អ្នកខ្លះរកបានតិចចាយតិច អ្ននខ្លះទៀតរកបានច្រើនចាយច្រើន តែទម្លាប់គឺចាយតាមទឹកលុយ ដែលមានន័យថាលុយរកបាន២០០ដុល្លារក្នុងមួយខែក៏ចាយគ្រប់ លុយរកបានកើនដល់២០០០ដុល្លារហើយក៏នៅតែចាយគ្រប់ គឺចាយមិនចេះសល់ ព្រោះតែមិនចេះដកលុយសន្សំមុនចំណាយនេះឯង។​

៣.ចំណូល១ផ្លូវ

ចំណូលបានមកពីការងារ បានមកពីរកស៊ី បានមកពីប្រាក់កំរៃជើងផ្សារតែមួយផ្លូវពិបាកធ្វើឱ្យអ្នកអាចរត់ផុតពីរឿងខ្វះខាតលុយកាក់ក្នុងកាបូបណាស់ ហេតុនេះរឿងដែលអ្នកត្រូវចាប់ផ្តើមគិតគឺការចាប់ផ្តើមរៀនប្រើប្រាស់លុយដែលសន្សំបានយកទៅរកស៊ី ចុះទុនវិនិយោគ ឬក៏វិនិយោគក្នុងវិស័យណាមួយដែលអ្នកបានចំណាយពេលច្រើនសិក្សាស្វែងយល់យ៉ាងល្អិតល្អន់ហើយ។​

ឱកាសវិនិយោគអាចចំណេញទៅបាននៅពេលដែលអ្នកបានសិក្សាកាន់តែលម្អិត គ្រប់គ្រងហានិភ័យបានដោយខ្លួន​ឯង ជាមួយគ្នាអ្នកគប្បីប្រើប្រាស់លុយដែលជាចំណែកសល់មិនសូវចាំបាច់យកទៅវិនិយោគ បង្ការហានិភ័យបង់ខាតដោយហេតុអាក្រក់ណាមួយ។

៤.ចាប់ផ្តើមវិនិយោគ តែកុំវិនិយោគតែមួយផ្លូវ

ចំពោះការវិនិយោគដើម្បីចៀសវាងកុំឱ្យមានហានិភ័យខ្ពស់ ខាតបង់ធ្ងន់ធ្ងរអ្នកគួរពិចារណាសិក្សាបំបែកការវិនិយោគ តួយ៉ាងប្រសិនបើអ្នកវិនិយោគក្នុងវិស័យមូលបត្រ អ្នកគួរវិនិយោគក្នុងក្រុមហ៊ុនផ្សេងគ្នាដែលរកស៊ីក្នុងវិស័យខុសគ្នា បើអ្នកលូកចូលវិនិយោគអចលនទ្រព្យ អ្នកមិនគួរចំណាយលុយទាំងអស់វិនិយោគតែក្នុងផ្នែកណាមួយទេ។ ឧទាហរណ៍ អ្នកអាចវិនិយោគទិញដី និងបំបែកលុយទៅវិនិយោគក្នុងផ្នែកខុនដូរខ្លះអាចជាការប្រសើរ ឬប្រើទុនមួយចំណែកវិនិយោគក្នុងការបង្កើតអាជីវកម្មក៏បាន។​

 

អត្ថបទ៖ ថេង លាង

អ្នកនិពន្ធផ្នែកហិរញ្ញវត្ថុ

Sathapanabank Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES