ស្ថាបនិក Nerdwallet៖ ពីមនុស្សដាច់លុយ អាចរកលុយបានជាង ៥០០លាន$ ដោយសារគំនិត១នេះ

បច្ចុប្បន្ន Tim Chen គឺជានាយកប្រតិបត្តិនិងជាសហស្ថាបនិកគេហទំព័រហិរញ្ញវត្ថុ “NerdWallet” ដែលមានអ្នកទស្សនាប្រមាណជា ១០ លាននាក់ជារៀងរាល់ខែ រីឯប្រាក់ចំណូលវិញមានប្រមាណជា ៥០០លានដុល្លារអាមេរិចឯណោះ។នៅពីក្រោយនៃរឿងរ៉ាវជោគជ័យនាពេលនេះគឺកើតឡើងដោយសារតែវាជារឿងរ៉ាវផ្ទាល់ខ្លួនរបស់លោកផ្ទាល់តែម្តង ដែលបានឆ្លងកាត់ជីវិតរស់នៅក្នុងភាពគ្មានការងារធ្វើ ដើរតែតោលគ្មានគោលដៅ គ្មានលុយសម្រាប់ចាយវាយ និងឈឺចាប់ជាច្រើនទំរាំតែលោកអាចក្លាយជាបុគ្គលជោគជ័យដូចពេលនេះ។

យោងតាមការចុះផ្សាយរបស់ CNBC បានឲ្យដឹងថាលោក Tim Chen ជាមនុស្សដែលរស់នៅក្នុងជីវិតតោកយ៉ាកអស់ជាច្រើនឆ្នាំ ដោយតែលោកត្រូវបានគេបណ្តេញចេញពីក្រុមហ៊ុន JAT Capital Management ដែលជាក្តីសង្ឃឹមដ៏ធំបំផុតសម្រាប់ជីវិតលោក។ បន្ទាប់ពីត្រូវគេដេញចេញពីក្រុមហ៊ុន លោកក៏ចាប់មានបញ្ហាបន្តបន្ទាប់ ទាំងបញ្ហាគ្រួសារទាំងបញ្ហាផ្ទាល់ខ្លួន ជាពិសេសបញ្ហាហិរញ្ញវត្ថុតែម្តង។ ព្រោះគ្មានការងារធ្វើ គ្មានចំណូលចូលដូចមុន បានធ្វើឲ្យជិវិត Chen គ្មានកន្លែងស្នាក់នៅត្រឹមត្រូវ ដោយសារតែការរស់នៅក្នុងជីវិតដែលគ្មានលុយចាយគ្រប់គ្រាន់ហើយអត់ការងារធ្វើទៀតនោះ បានធ្វើឲ្យលោកចាប់ផ្តើមគិតគូរពីជីវិតទៅថ្ងៃអនាគតរបស់ខ្លួនឯង ហើយអ្វីដែលសំខាន់គឺបញ្ហាហិរញ្ញវត្ថុរបស់លោក ។

ប៉ុន្តែដូចអ្វីដែលគេបាននិយាយថា “នៅពេលយើងដើរដល់ផ្លូវទាល់ ទើបយើងដឹងថាយើងអាចធ្វើរឿងមួយដែលយើងនឹកស្មានមិនដល់ជាមិនខាន” ។វាមិនខុសពីស្ថានភាពជីវិតរបស់ Chen ពេលនេះទេ ដោយសារទាល់ផ្លូវបែរជាអាចរកវីធីជួយខ្លួនឯងបានហើយជួយអ្នកដទៃបានរាប់លាននាក់ថែមទៀត ដោយសារតែលោកបានគិតថា មនុស្សគ្រប់គ្នាដែលមានបញ្ហារឿងប្រាក់គឺមកពីមិនមានការបែងចែកទុកដាក់វាទៅតាមផ្នែករបស់វា។ ហេតុនេះហើយ ទើបលោកបង្កើតនូវគេហទំព័រថ្មីមួយដែលមានឈ្មោះថា NerdWallet នេះឡើងមក ក្នុងគោលបំណងជួយដោះស្រាយនិងផ្តល់ជាគំនិតយោបល់ទៅដល់មនុស្សគ្រប់ៗគ្នា ដើម្បីរៀបចំផែនការហិរញ្ញវត្ថុរបស់ពួកគេ តាមរយៈកម្មវិធីមួយនេះ។

កម្មវិធី NerdWallet ជាកម្មវិធីជួយអ្នករៀបចំ ចំណូល ចំណាយ និងការសន្សំប្រាក់ផ្សេងៗឲ្យបានត្រឹមត្រូវ ដើម្បីជៀសវាងកើតមានវិបត្តិហិរញ្ញវត្ថុនៅថ្ងៃណាមួយ។ការចាប់ផ្តើមនេះ Chen បានប្រើទុនអស់៨០០ដុល្លារដែលបានពីមិត្តស្រីខ្លះនិងប្រាក់បន្តិចបន្តួចរបស់ខ្លួនឯងខ្លះ ដើម្បីយកទៅជួលផ្ទះល្វែង និងការចំណាយទៅលើការបង្កើតវេបផ្សាយផ្សេងៗ។

បន្ទាប់ពីរស់នៅទីនោះបាន៩ខែ លោក Chen បានផ្លាស់ប្តូរមកស្នាក់នៅផ្ទះមិត្តស្រីរបស់ខ្លួនវិញក្នុងន័យកាត់បន្ថយការចំណាយទៅលើថ្លៃជួលផ្ទះ។ក្នុងរយៈពេលមួយឆ្នាំដំបូងនៃការបង្កើតលោកអាចរកចំណូលបានត្រឹមតែ ៧៥ដុល្លារប៉ុណ្ណោះ។ តែទោះជាយ៉ាងណាលោកនៅតែប្រឹងធ្វើការងារនេះមិនបោះបង់ជាដាច់ខាត ព្រោះតែមិនចង់វិលទៅរកស្ថានភាពជីវិតលំបាកដូចពីមុនម្តងទៀត។ រហូតដល់ឆ្នាំទី២ NerdWallet អាចរកចំណូលបាន៦ម៉ឺនដុល្លារ លោកក៏ចាប់ផ្តើមមានក្តីសង្ឃឹមឡើងវិញថា ដំណើរការនេះប្រាកដជារីកលូតលាស់ទៅមុខជាមិនខាន។

រហូតដល់ឆ្នាំ២០១០ ចំនួនអ្នកទស្សនាចាប់ផ្តើមកើនជាបន្តបន្ទាប់ធ្វើឲ្យលោកអាចរកចំណូលបានជាច្រើន ដោយកើនឡើងបីដងក្នុងមួយខែៗ ភាពរីកចម្រើនចេះតែបន្តលូតលាស់ទៅមុខឥតឈប់ឈរ លុះដល់ឆ្នាំ២០១៥ NerdWallet បានបើកក្រុមហ៊ុនធំមួយដែលមានបុគ្គលិកធ្វើការរាប់សិបនាក់ ហើយក្រុមហ៊ុនអាចរកចំណូលបានដល់ទៅ ១០៥ ដុល្លារក្នុងមួយឆ្នាំៗ និងបានក្លាយទៅជាគេហទំព័រដែលមានអ្នកទស្សនាជាង១០លាននាក់ជារៀងរាល់ខែមកដល់សព្វថ្ងៃនេះ៕

អត្ថបទដោយ៖ សម្បត្តិ សុខឡាង

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES