
នៅក្នុងដំណើរការអាជីវកម្មមួយ កត្តាធនធានមនុស្ស គឺបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឱ្យអាជីវកម្មមួយទទួលបាននូវភាពជោគជ័យ។ ដោយសារតែបែបនេះហើយ ទើបបានជារាល់ម្ចាស់អាជីវកម្មជាច្រើនចាំបាច់គួរតែព្យាយាមទាក់ទាញឲ្យបាននៅមនុស្សដែលមានចំណេះ ជំនាញ ឬទេពកោសល្យឲ្យមកចូលរួមក្នុងក្រុមហ៊ុនរបស់ខ្លួនឱ្យកាន់តែច្រើនឡើងៗ។ យ៉ាងណាមិញដើម្បីអាចជ្រើសរើសនូវបុគ្គលិកដែលមានសក្ដានុពលមួយបាន គឺត្រូវពឹងផ្អែកលើមនុស្សដែលមានវិជ្ជាជីវៈច្បាស់លាស់ ទើបអាចជ្រើសរើសបុគ្គលិកដែលមានសក្ដានុពលផ្សេងៗទៀតមកចូលរួមជាមួយខ្លួន និងក្រុមហ៊ុនរបស់ខ្លួនបានផងដែរ។ ដោយមើលឃើញពីសារៈសំខាន់នៃជំនាញជ្រើសរើសបុគ្គលិកមួយនេះហើយ ទើបបានជាសារព័ត៌មាន Business Cambodia បានធ្វើការសុំជួបសម្ភាសន៍ដោយផ្ទាល់ជាមួយបងស្រី មុត ច័ន្ទមូលីកា ដែលបច្ចុប្បន្នជាអ្នកជំនាញផ្នែកធនធានមនុស្ស (ជ្រើសរើសបុគ្គលិក) ឱ្យក្រុមហ៊ុនឯកជនមួយកន្លែងមកជួយចែករំលែកអំពីលក្ខណៈសម្បត្តិចម្បងអ្វីខ្លះដើម្បីអាចក្លាយខ្លួនជាអ្នកជំនាញមួយរូបក្នុងការជ្រើសរើសបុគ្គលិក។ បងស្រីបានមានប្រសាន៍ថាមានលក្ខណៈសម្បត្តិសំខាន់ៗ ៣ ដើម្បីក្លាយខ្លួនជាអ្នកជំនាញក្នុងការជ្រើសរើសបុគ្គលិកដ៏ឆ្នើមម្នាក់៖
១. ស្រលាញ់ពេញចិត្តការងារនេះ៖ ជាការពិតណាស់កិច្ចការងារនៅក្នុងផ្នែកធនធានមនុស្សនេះមិនមែនជារឿងដែលងាយស្រួលនោះទេ។ ដូច្នេះហើយវាទាមទារឱ្យមនុស្សត្រូវមានចិត្តស្រលាញ់លើការងារផ្នែកមួយនេះ ទើបពួកគេអាចមានកម្លាំងចិត្ត និងថាមពលក្នុងការបំពេញការងារផ្នែកនេះឱ្យបានល្អ។ ប្រសិនបើគេមិនចូលចិត្តផ្នែកធនធានមនុស្សមួយនេះទេ គឺងាយនឹងធ្វើឱ្យគេមានអារម្មណ៍ធុញទ្រាន់ជាមួយនឹងការងារមួយនេះណាស់។ ផ្ទុយទៅវិញប្រសិនបើគេមានទេពកោសល្យ និងស្រលាញ់ពេញចិត្តជាមួយនឹងការងារនេះ គេនឹងធ្វើវាបានយ៉ាងល្អបំផុត។
២. ចេះបទបែន និងធ្វើការជាមួយមនុស្សប្លែកមុខ៖ ចំណុចទី២ គឺត្រូវសួរខ្លួនឯងថា ខ្លួនឯងចូលចិត្តធ្វើការជាមួយនឹងមនុស្សប្លែកមុខដែរទេ? តួនាទីជាអ្នកជ្រើសរើសបុគ្គលិកនេះ នឹងត្រូវធ្វើការជាមួយនឹងមនុស្សថ្មីៗជារៀងរាល់ថ្ងៃ មិនមែនធ្វើការជាមួយនឹងមនុស្សយើងស្គាល់ដដែលៗនោះទេ។ ការងារមួយនេះនឹងធ្វើឱ្យយើងជួបជាមួយនឹងមនុស្សដែលមានអត្តចរិតខុសៗគ្នា ដែលពេលខ្លះយើងក៏ជួបជាមួយនឹងមនុស្សដែលងាយស្រួលធ្វើការជាមួយ និងខ្លះទៀតក៏ជួបមនុស្សដែលពិបាកចុះសម្រុងក៏មាន។ កិច្ចការងារមួយនេះងាយនឹងជួបបញ្ហាថ្មីៗ ដូចនេះយើងត្រូវដោះស្រាយវាជារៀងរាល់ថ្ងៃ។
៣. ពូកែកសាងបណ្ដាញទំនាក់ទំនង៖ កិច្ចការងារជ្រើសរើសបុគ្គលិកមួយនេះ ទាមទារឱ្យយើងជាមនុស្សមា្នក់ដែលពូកែក្នុងការទំនាក់ទំនង និងកសាងបណ្ដាញផងដែរ។ ប្រសិនបើយើងជាមនុស្សដែលមិនពូកែទំនាក់ទំនង ឬកសាងបណ្ដាញទេ ពេលខ្លះវាអាចនឹងជួបបញ្ហាប្រឈមមួយចំនួន ព្រោះថាយើងមិនសូវដឹងច្រើនទេអំពីប្រភពនៃការស្វែងរកបុគ្គលិកឲ្យសាកសមសម្រាប់មុខដំណែងដែលយើងកំពុងជ្រើសរើស។ ដើម្បីបំពេញតួនាទីមួយនេះឱ្យបានល្អគឺទាមទារឱ្យបុគ្គលម្នាក់នោះពូកែទំនាក់ទំនង ឬកសាងបណ្ដាញឱ្យបានច្រើន ទើបយើងងាយនឹងទទួលបានជោគជ័យនៅក្នុងអាជីពមួយនេះ។
សរុបមកវិញ ការក្លាយខ្លួនជាអ្នកជំនាញខាងផ្នែកធនធានមនុស្ស ឬអ្នកជំនាញជ្រើសរើសបុគ្គលិកដ៏ឆ្នើមម្នាក់ គឺទាមទារឱ្យបុគ្គលម្នាក់នោះមានលក្ខណៈសំខាន់ៗ៣យ៉ាងធំៗដូចជា៖ ជាមនុស្សដែលមានឆន្ទៈស្រលាញ់ចូលចិត្តការងារមួយនេះ មានភាពចុះសម្រុងក្នុងការធ្វើការងារជាមួយនឹងមនុស្សថ្មីៗដែលខ្លួនមិនធ្លាប់ស្គាល់ និងចុងក្រោយគឺពូកែក្នុងការកសាងបណ្ដាញទំនាក់ទំនងឱ្យបានច្រើន។
ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖
សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app
សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958
ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?សូមចូលរួមផ្តល់មតិកែតម្រូវ!