គម្រោងខ្នាតយក្ស ៣ កំពុងបណ្តែតខ្លួន ជាបន្តបន្ទាប់ក្នុងតំបន់ទួលគោក រាជធានីភ្នំពេញ

ទួលគោក កំពុងទទួលបាននូវការវិនិយោគ លើគម្រោងខ្នាតធំ និងអគារខ្ពស់ៗជាបន្តបន្ទាប់ ក្រោយទីតាំងនេះ កំពុងត្រូវបានវិនិយោគិនក្នុង និងក្រៅស្រុក ចាប់អារម្មណ៍វិនិយោគ សម្រាប់គោលដៅថ្មី បន្ទាប់ពីតំបន់បឹងកេងកង។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១៩។ 

លោក George Hsieh ជាប្រធានក្រុមហ៊ុន HoHsin Gevelopment Co.,Ltd និងជាម្ចាស់គម្រោង The View 2 កម្ពស់៣០ជាន់ ក្នុងតំបន់បឹងកេងកង បាន​បញ្ជាក់ថា បន្ទាប់ពីទទួលបានជោគជ័យលើការអភិវឌ្ឍគម្រោងខុនដូ នៅបឹងកេងកងរួចមក បច្ចុប្បន្នក្រុមហ៊ុន បាននិងកំពុងងាកមកសាងសងគម្រោងអគារខុនដូទី២ ក្នុងតំបន់ទួលគោក ក្រោយមើលឃើញពីសក្ដានុពលក្នុងទីតាំងនេះ។​

ម្ចាស់គម្រោងរូបនេះ បានលើក​ឡើងដែរថា តំបន់ទួលគោក នឹងក្លាយជាតំបន់ដ៏មានសក្តានុពលខ្លាំង ដូចទៅនឹងតំបន់បឹងកេង​កងដែរក្នុងពេលអនាគតដ៏ខ្លី ខណៈទីផ្សារខុនដូ អាផាតមិន និងឧស្សាហកម្មអចលនទ្រព្យ​កំពុងមានកំណើនយ៉ាងលឿនបំផុតនៅទីតាំងមួយនេះ។ លោកបន្តថា ការបោះទុនរាប់លានដុល្លារ វិនិយោគលើគម្រោងខុនដូ The View2 ក្នុងតំបន់ទួលគោកនេះ គឺដោយសារតែក្រុមហ៊ុន​ បានសិក្សាឃើញថា តំបន់នេះ នឹងក្លាយជាទីតាំងសក្ដានុពលថ្មីមួយទៀត ក្នុងរាជធានីភ្នំពេញ ខណៈគម្រោងវិនិយោគធំៗមួយចំនួន បាននិងកំពុងពង្រីកខ្លួនមកក្នុងតំបន់នេះ។

ដោយឡែក នៅដើមខែឧសភានេះ ក្រុមហ៊ុនខ្នាតធំក្នុងស្រុក Royal Group ក៏បានបង្ហាញពីគម្រោង​អភិវឌ្ឍន៍ចម្រុះ ដ៏សំខាន់នៅក្នុងតំបន់ទួលគោក ជាមួយនឹងដៃគូសហការអភិវឌ្ឍន៍អចលនទ្រព្យ Hong Lai Huat ដែលមានទីតាំងនៅប្រទេសសិង្ហបុរី ផងដែរ។ ខណៈគម្រោងខ្នាតធំរបស់ក្រុមហ៊ុន Royal Group នេះ មានឈ្មោះថា រ៉ូយ៉ាល់ផ្លាទីនីម (Royal Platinum) ជាមួយនឹងទំហំនៃការអភិវឌ្ឍចំនួន ១០០.០០០ ម៉ែត្រការ៉េ។ គម្រោងអភិវឌ្ឍន៍នេះ មានប្រភេទផ្ទះ អាផាតមិន ចំនួន ៨៥១ខ្នង និង​ផ្ទះ​ដែលអាចធ្វើពាណិជ្ជកម្មបានចំនួន ៥០ខ្នង។ 

លោក Mark Hanna នាយកផ្នែកហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Royal Group បាននិយាយថា ការអភិវឌ្ឍនេះមានសារៈសំខាន់ ប្រកបដោយ ភាពរីកចម្រើនក្នុងតំបន់ទួលគោក ដែលជាតំបន់ដ៏សម្បូរបែបមួយ នៅចំណុចកណ្តាល ទីក្រុង។ លោកបានបន្ថែមថា “ពួកយើងជឿជាក់ថា ការអភិវឌ្ឍនេះនឹងផ្តល់នូវភាពទំនើប ទាក់ទាញ ក្នុងការរស់នៅដល់ក្រុមគ្រួសារ និងបរិយាកាសធ្វើការងារ សម្រាប់អាជីវកម្មធុនតូច និងមធ្យម ដ៏មានសក្តានុពល ជាមួយនឹងការិយាល័យការងារដ៏ទំនើប”។

ជាមួយគ្នានេះ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ កន្លងទៅ ក្រុមហ៊ុន ជីប ម៉ុង គ្រុប ក៏បានបើកការដ្ឋានសាងសង់អគារពាណិជ្ជកម្មចម្រុះលំដាប់អន្តរជាតិ កម្ពស់៤៥ជាន់ នៅក្នុងតំបន់ទួលគោក ជាប់ទៅនឹងស្ពានអាកាសតិចណូ ផងដែរ។ ដោយគម្រោងដ៏ធំនេះ មានទុនវិនិយោគប្រមាណជាង​ ១៥០ លានដុល្លារអាមេរិក ប្រមូលផ្តុំដោយសណ្ឋាគារអន្តរជាតិលំដាប់ផ្កាយ​បី អគារការិយាល័យទំនើប រោងភាពយន្តខ្នាតធំ ស្កាយបារ និងផ្សារទំនើបកម្ពស់ ៥ជាន់ ជាដើម ៕

អត្ថបទដោយ៖ Lee

RELATED ARTICLES