គុណភាពខ្យល់នៅវៀតណាមកំពុងមានការធ្លាក់ចុះ ខណៈវាបានប្រឈមខ្លាំងចំពោះសុខភាពប្រជាជន

គុណភាពខ្យល់នៅវៀតណាមបានធ្លាក់ចុះ ជាពិសេសកាលពីថ្ងៃអាទិត្យកន្លងទៅ នៅពេលដែលស្រុកមួយចំនួនបានកត់សំគាល់កម្រិតនៃការបំពុលមានភាពធ្ងន់ធ្ងរ។ បញ្ហានេះត្រូវបានគេព្រមានថានឹងធ្វើឲ្យប្រជាជនចាប់ផ្តើមជួបប្រទះនូវបញ្ហាសុខភាពខ្លាំងផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានក្នុងស្រុក Viet Nam News កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩។

យោងតាមអង្គការសុខភាពពិភពលោកផលប៉ះពាល់សុខភាពនៃការបំពុលបរិយាកាសរួមមានការស្លាប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាលមហារីកសួតនិងជំងឺបេះដូង។

មន្ទីរធនធានធម្មជាតិ និងបរិស្ថានក្រុងបានឱ្យដឹងថា គុណភាពខ្យល់នៅក្នុងទីក្រុងកាលពីសប្តាហ៍មុនបានធ្លាក់ចុះបើប្រៀបធៀបទៅនឹងសប្តាហ៍មុនៗ ខណៈដែលគុណភាពខ្យល់បរិសុទ្ធបានថមថយចុះ។

នៅក្នុងនោះនាយកដ្ឋាននឹងធ្វើការពិនិត្យវាស់វែងគុណភាពខ្យល់នៅចំណុចដប់ក្នុងទីក្រុង ព្រមទាំងរាយការណ៍លទ្ធផលនៅម៉ោង ២ រសៀលជារៀងរាល់ថ្ងៃដល់ប្រជាជនឲ្យបានដឹងផងដែរ។

នៅចន្លោះថ្ងៃទី ៨ ដល់ថ្ងៃទី ១៤ ខែកញ្ញា កន្លងទៅ នៅតំបន់ខៃផាំវឿង និងហុងអុងមានគុណភាពខ្យល់អាកាសអាក្រក់បំផុត។

គិតត្រឹមព្រឹកថ្ងៃច័ន្ទកន្លងទៅ គុណភាពខ្យល់ដែលពិនិត្យដោយ ឧបករណ៍ចាប់សញ្ញាគុណភាពខ្យល់បង្ហាញថា វានៅតែបន្តធ្លាក់ចុះនៅតំបន់ជុំវិញទីក្រុង តំបន់ប្រៃសណីយ៍និង វិទ្យាស្ថានបច្ចេកវិទ្យាទូរគមនាគមន៍។

ល្បាយនៃភាគល្អិតរឹងនិងដំណក់រាវ ដែលត្រូវបានរកឃើញនៅក្នុងបរិយាកាស ដែលវាមានទំហំតូចជាង៣០ដងនៃសក់របស់មនុស្ស។ វាអាចឆ្លងកាត់សួតបានយ៉ាងងាយហើយស្រូបចូលទៅក្នុងចរន្តឈាមដែលបណ្តាលឱ្យមានផលប៉ះពាល់ដល់សុខភាព។

យោងតាមក្រសួងធនធានធម្មជាតិនិងបរិស្ថានបានឱ្យដឹងថា ការសិក្សាជាច្រើននៅទីក្រុងហាណូយបានបង្ហាញថាការផ្លាស់ប្តូរកំដៅគឺជាបុព្វហេតុចម្បងមួយដែលបណ្តាលឱ្យមានការកើនឡើងយ៉ាងខ្លាំងនៃការបំពុលនេះ៕

អត្ថបទដោយ៖ កឹម ប៊ុនធឿន

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES