ខេត្តចំនួន ៣នឹងកាន់តែមានសក្កានុពលខណៈក្រសួងនិងភ្នាក់ងារ អភិវឌ្ឍន៍បារាំងដាក់ជាគោលដៅទាក់ទាញទេសចរ

បើយោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍បានឱ្យដឹងថា​ ក្រសួងនិងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង នឹងជំរុញការអភិវឌ្ឍទីក្រុងកំពត បាត់ដំបង ក្រចេះ ជាគោលដៅទេសចរណ៍ទាក់ទាញទី២
ក្រសួងទេសចរណ៍ និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានប្ដេជ្ញាជំរុញការអនុវត្តគម្រោង «ទីក្រុងប្រកបដោយបរិយាប័ន្ន» សម្រាប់ទីក្រុងនៅក្នុងខេត្តចំនួន៣ រួមមាន៖ ខេត្តកំពត ខេត្តបាត់ដំបង និងខេត្តក្រចេះ ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញទី២ (secondary urban tourism destination) បន្ទាប់ពីគោលដៅទេសចរណ៍ធំៗរបស់កម្ពុជា ដូចជា សៀមរាប-អង្គរ រាជធានីភ្នំពេញ និងតំបន់ឆ្នេរសមុទ្រ។
ចំណុចនេះត្រូវបានលើកឡើងនាឱកាសឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឲ្យលោក Philippe Sternmetz នាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំងប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារនៅទីស្ដីការក្រសួងទេសចរណ៍ កាល​ពី​ខែ​កក្កដា​កន្លង​មក លើការសិក្សាលទ្ធភាពនៃគម្រោងខាងលើនេះ។
ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានផ្តល់ការគាំទ្រលើគម្រោងខាងលើ ដែលកន្លងមកក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អង្គការ UNESCO បានសហការគ្នារៀបចំអភិវឌ្ឍន៍ទីក្រងទាំង៣ខាងលើ ជាទីក្រុងទេសចរណ៍ វប្បធម៌បេតិកភណ្ឌ និងជាគោលដៅទេសចរណ៍ទី២ផងដែរ។ ដើម្បីធានាបាននូវការស្នាក់នៅរយៈពេលយូរ របស់ភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាកម្ពុជា ចាំចាច់ត្រូវមានការអភិវឌ្ឍមួយប្រកបដោយចីរភាព និងបរិយាប័ន្ន។
ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់ជាទស្សនវិស័យគន្លឹះសំខាន់ៗ ដល់ក្រុមជំនាញការរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ក្នុងដំណើរកិច្ចសហប្រតិបត្តិការជំរុញរៀបចំក្រុងនៃខេត្តទាំងបីខាងលើនេះ។
ឯកឧត្តមរដ្ឋមន្រ្តី ថោង ខុន និងប្រធានគណៈប្រតិភូ បានវាយតម្លៃចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង នាពេលកន្លងមក និងបានប្តេជ្ញារួមគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នាឲ្យរឹតតែខ្លាំងថែមទៀត ដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍ឲ្យកាន់តែល្អប្រសើរ និងដើម្បីបន្តដើរតួនាទីកាន់តែសំខាន់ ក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព និងបរិយាប័ន្ន ពិសេសដើម្បីជំរុញកំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិកាន់តែច្រើនឡើង និងបន្តការស្នាក់នៅយូរបន្ថែមទៀត៕
ប្រភព៖ក្រសួងទេសចរណ៍

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES