វិធានការក្តៅចំនួន​ ៣ ដែលកម្ពុជានឹងចេញប្រកាសដើម្បីឆ្លើយតបវីរុស COVID-19

នេះបើយោងទៅតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ៖ តាមរយៈការវិវត្តនៃជម្ងឺនេះ កម្ពុជាបានដាក់វិធានការដល់ដំណាក់កាលទី ២ហើយ​ ។ ក្នុងស្ថានភាពនាពេលបច្ចុប្បន្ននេះ សម្ដេចតេជោបានជំរុញអោយអាជ្ញាធរថ្នាក់ក្រោមជាតិទាំងអស់ត្រូវប្រមូលការខិតខំចុះមូលដ្ឋានដើម្បីផ្សព្វផ្សាយពីការការពារជម្ងឺនេះ នៅតាមស្រុកភូមិអោយប្រជាពលរដ្ឋយើងបានដឹង ជាពិសេសអ្នកដែលទើបមកពីក្រៅប្រទេស ។ សម្តេចតេជោបន្តថា ក្នុងដំណាក់កាលទី ២ នេះយើងមានកិច្ចការសំខាន់ ៣ ដែលត្រូវធ្វើគឺ ៖

កិច្ចការទី១ ៖ គឺត្រូវទប់ស្កាត់ការរីករាលដាលអ្នកមកពីក្រៅប្រទេស ។ សម្តេចតេជោបានបញ្ជាក់ថា ជនជាតិបរទេសទាំងអស់ដែលកើតជម្ងឺនេះនៅកម្ពុជាត្រូវបានទទួលការព្យាបាលដោយមិនគិតថ្លៃនោះទេ ។ ជាមួយគ្នានេះផងដែរ កម្ពុជាមិនត្រូវការជម្លៀសនិស្សិតដែលកំពុងសិក្សានៅក្រៅប្រទេសឡើយ ។ ត្រូវមានការគ្រប់គ្រង់ពលករដែលមកពីប្រទេសថៃ ត្រូវដាក់ពួកគាត់អោយនៅដាច់ដោយឡែកចំនួន ១៤ថ្ងៃសិន ។ កម្ពុជាក៏មិនឱ្យមានមន្ត្រីកម្ពុជាទៅប្រជុំនៅខាងក្រៅប្រទេសឡើយ ។ ក្នុងនោះសម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានអោយអាជ្ញាធរកម្ពុជាត្រូវសហការជាមួយអាជ្ញាធរថៃក្នុងការធ្វើមាតុភូមិនិវត្តប្រកបដោយសុវត្តិភាពនៃពលករខ្មែរ ។

កិច្ចការទី២ ៖ គឺការពារអ្នកឆ្លងកុំអោយឆ្លងទៅអ្នកដទៃ និងបន្តរកអ្នកពាក់ព័ន្ធជាមួយអ្នកជម្ងឺ ត្រូវយកគាត់មកដាក់ដោយឡែក មុនពេលដឹងលទ្ធផលនៃការធ្វើតេស្ត ។ ត្រូវខិតខំផ្សព្វផ្សាយគ្រប់មធ្យោបាយពីវិធីបង្កាការពារជម្ងឺកូវីដ១៩ ។ សម្តេចតេជោបន្តថា រហូតមកដល់ពេលនេះ កន្លែងដែលអាចប្រឈមយើងបានបិទមួយចំនួនហើយ តែយើងមិនអាចបិទបានទេនៅកន្លែងសំខាន់ៗ មួយចំនួនដូចជាផ្សារ រោងចក្រ ភោជនីយដ្ឋាន ហាងកាហ្វេ ពិធីបុណ្យចូលឆ្នាំនៅប្រារព្ធធ្វើដដែល តែហាមជួបជុំគ្នាច្រើន គឺឆ្នាំនេះកម្ពុជាមិនបានធ្វើព្រឹត្តិការណ៍សង្ក្រាន្តទេ តែសូមឲ្យបងប្អូនប្រជាពលរដ្ឋសប្បាយជាមួយក្រុមគ្រួសារនៅតាមផ្ទះ ។ សម្តេចតេជោសូមកុំឱ្យប្រជាពលរដ្ឋកុំប្រើអបីយជំនឿបណ្តេញជម្ងឺកូវីដ ដូចជាការអុចភ្លើងជាដើម ពីព្រោះវាអាចបង្កនូវហានិភ័យខ្ពស់ ។ សម្តេចតេជោ អំពាវនាវសូមអោយអាជ្ញាធរចុះចែកម៉ាស់ ឬក្រមារអោយប្រជាពលរដ្ឋតាមបណ្តាខេត្ត បើអាចធ្វើបាន ។ សម្តេចតេជោក៏បានប្រកាសថា សម្ដេចតេជោអាចនឹងបិទកន្លែងលក់ម៉ាសណាដែលលក់តម្លៃថ្លៃជ្រុលហួសហេតុ ហើយនឹងអាចនឹងបិទមិនអោយធ្វើអាជីវកម្មរហូតតែម្តង ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានអំពាវនាវមិនអោយមានការរើសអើង អ្នកជម្ងឺកូវីដនោះ ជាពិសេសក្រោយពេលដែលគាត់បានជាសះស្បើយឡើងវិញ ។

កិច្ចការទី៣ ៖ ត្រូវខិតខំព្យាបាលអ្នកជម្ងឺឱ្យជាសះស្បើយ ។ ត្រូវរៀបចំបញ្ជើឈ្មោះអ្នកជម្ងឺឱ្យបានត្រឹមត្រូវ ទាំងអ្នកជម្ងឺបរទេស និងខ្មែរ ។ ការបែងចែកទីតាំងសម្រាប់ព្យាបាលអ្នកដែលបានឆ្លង ជម្ងឺ និងទីតាំងសម្រាប់អ្នកដែលសង្ស័យ ដែលត្រូវដាក់ឱ្យនៅដាច់ដោយឡែក គឺយើងត្រូវយកចិត្តទុកដាក់សម្រាប់ពួកគាត់ ដោយមានរៀបចំជាគ្រែ កន្ទេល ម៉ុង ភួយ ខ្នើយ ត្រឹមត្រូវ និងរៀបចំអាហារ ៣ពេលឱ្យគាត់ ។ ចំពោះគ្រូពេទ្យដែលចេញប្រតិបត្តិការទាំងអស់ ត្រូវបំពាក់សម្ភារអោយបានគ្រប់គ្រាន់ មុននឹងចេញប្រយុទ្ធ ហ្វឹកហាត់អោយបានច្បាស់លាស់ មិនត្រូវធ្វេសប្រហែសនោះទេ ត្រូវគិតពីសុខភាពខ្លួនឯង ។ ត្រូវមានកិច្ចសហប្រតិបត្តិការជាមួយដៃគ្រូអន្តរជាតិដូចជាអង្គការសុខភាពពិភពលោក ក្រុមគ្រូពេទ្យជំនាញមកពីប្រទេសចិន និងក្រុមប្រទេសផ្តល់ជំនួយមកយើង ។

សម្តេចតេជោសូមអោយប្រជាពលរដ្ឋទូទាំងប្រទេសចូលរួមក្នុងប្រតិបត្តិការប្រឆាំងកូវីដនេះទាំងអស់គ្នា ។ សូមប្រែក្លាយវិបត្តិនៃជម្ងឺនេះអោយក្លាយទៅជាកាលានុវត្តភាព នៃការយកចិត្តទុកដាក់ថែទាំសុខភាពរបស់ប្រជាពលរដ្ឋយើងម្នាក់ៗ ។ ក្នុងប្រតិបត្តិនេះ សម្តេចតេជោបានផ្តល់ជូនម្នាក់១លានរៀល សសម្រាប់ថ្ងៃដំបូង និងបន្ទាប់មកទៀត សម្តេចតេជោបានទទួលរ៉ាប់រងចិញ្ជឹមក្មួយៗពេទ្យស្ម័គ្រចិត្តក្នុងប្រតិបត្តិការនេះទាំងអស់១០០ថ្ងៃ ដោយម្នាក់ៗទទួលបានការឧបត្តម្ភ ១ខែចំនួន១លាន២សែន រៀលដែលជាថវិការក្រុមគ្រួសារសម្តេចតេជោផ្ទាល់ ។ ហើយសម្រាប់ពេលហ្វឹកហាត់វិញក្រសួងនឹងផ្តល់ជូនពួកគាត់ ចំនួន៨ម៉ឺនរៀលក្នុង១ថ្ងៃ និងពេលចេញប្រតិបត្តិការគឺទទួលបាន១៤ម៉ឺនរៀល ដូចគ្រូពេទ្យធម្មតាដែរ៕

អត្ថបទដោយ ៖ មិត្ត គន្ធា 

 

Sathapanabank Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES