រដ្ឋនឹងកែខៃ ខេត្តកំពត បាត់ដំបង ក្រចេះ ឲ្យក្លាយជាខេត្តដែលទាញទេសចរលំដាប់ទី២នៅកម្ពុជា

ក្រសួងទេសចរណ៍ កាលពីថ្មីៗនេះសហការជាមួយនិងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) សម្រេចជ្រើសយក ទីក្រុងកំពត បាត់ដំបង ក្រចេះ ដើម្បីអភិវឌ្ឍឲ្យក្លាយជាគោលដៅទេសចរណ៍ទាក់ទាញទី២ ឬ secondary urban tourism destination។ នេះបើយោងតាមការប្រកាសលើទំព័រ Facebook  របស់ក្រសួងទេសចរណ៍។

ការប្ដេជ្ញាជំរុញការអភិវឌ្ឍន៍ខេត្តទាំង៣នេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំរវាងភាគីទាំង២ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងទេសចរណ៍ ក្រោមការចូលរួមជាអធិបតីភាពរបស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Philippe Sternmetz នាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំងប្រចាំកម្ពុជា។

គម្រោងនេះ ជាផ្នែកមួយនៃការអនុវត្តន៍គម្រោង «ទីក្រុងប្រកបដោយបរិយាប័ន្ន» របស់ភាគីទាំង២ ក្នុងបំណងដើម្បីធ្វើឲ្យខេត្តទាំង៣ ក្លាយជាតំបន់ទាក់ទាញទី២ បន្ទាប់ពីគោលដៅទេសចរណ៍ធំៗរបស់កម្ពុជាដូចជា សៀមរាប-អង្គរ រាជធានីភ្នំពេញ និងតំបន់ឆ្នេរសមុទ្រដូចជាខេត្តព្រះសីហនុជាដើម។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានផ្តល់ការគាំទ្រលើគម្រោងខាងលើ ដែលកន្លងមកក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អង្គការ UNESCO បានសហការគ្នារៀបចំអភិវឌ្ឍទីក្រងទាំង ៣ ខាងលើ ជាទីក្រុងទេសចរណ៍ វប្បធម៌បេតិកភណ្ឌ និងជាគោលដៅទេសចរណ៍ទី២ ផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ដើម្បីធានាបាននូវការស្នាក់នៅរយៈពេលយូរ របស់ភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាកម្ពុជា ចាំចាច់ត្រូវមានការអភិវឌ្ឍន៍មួយប្រកបដោយចីរភាព និងបរិយាប័ន្ន។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្តល់ជាទស្សនវិស័យគន្លឹះសំខាន់ៗ ដល់ក្រុមជំនាញការរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ក្នុងដំណើរកិច្ចសហប្រតិបត្តិការជំរុញរៀបចំក្រុងនៃខេត្តទាំងបីខាងលើនេះ ផងដែរ។

ទន្ទឹងនឹងនេះ ភាគីទាំង២ ក៏បានប្តេជ្ញារួមគ្នាថានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នាឲ្យរឹតតែខ្លាំងថែមទៀត ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ឲ្យកាន់តែល្អប្រសើរ និងដើម្បីបន្តដើរតួនាទីកាន់តែសំខាន់ ក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព និងបរិយាប័ន្ន ពិសេសដើម្បីជំរុញកំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិកាន់តែច្រើនឡើង និងបន្តការស្នាក់នៅយូរបន្ថែមទៀត។

គួរបញ្ជាក់ផងដែរ រាជរដ្ឋាភិបាលក៏បាននិងកំពុងរៀបចំប្លង់មេសម្រាប់អភិវឌ្ឍខេត្តកែបឲ្យទៅជា «តំបន់ទេសចរណ៍សម្រាកលំហែកម្រិតខ្ពស់» ដោយគ្រោងនឹងចេញសេចក្តីព្រាងផែនការនៅចុងឆ្នាំ២០១៩ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងទេសចរណ៍។ 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES