អាថ៌កំបាំងមួយរបស់ស្ថាបនិករៀនថត ពាក់ព័ន្ធជាមួយនឹងបញ្ហាប្រឡងជាប់ និងធ្លាក់បាក់ឌុប

ស្ថាបនិករៀនថត លោក ឆេង សុភ័ក្រ ឬមនុស្សជាច្រើនតែងតែហៅថាពូជ្រួញ គឺជា Vlogger ដ៏មានប្រជាប្រិយភាព គឺជាមនុស្សម្នាក់ដែលតែងតែនិយមចូលចិត្តបង្ហាញពីគន្លឹះល្អៗជាច្រើនដែលទាក់ទងទៅនឹងការថតរូប និងបទពិសោធន៍ជីវិតផ្ទាល់របស់លោក។ ថ្មីៗនេះលោកបានចែករំលែកបទពិសោធន៍ជីវិតផ្ទាល់ដែលទាក់ទងទៅនឹងភាពបរាជ័យរបស់លោកនៅក្នុងជីវិតសិក្សា ដើម្បីលើកទឹកចិត្តដល់ប្អូនៗទី១២ ដែលប្រលងធ្លាក់ សូមកុំអស់សង្ឃឹម និងបាក់ទឹកចិត្តឱ្យសោះ។ 

ជាភ័ព្វសំណាងរបស់លោកពេលដែលកំពុងតែរៀននៅវិទ្យាល័យនៅឡើយ ប៉ុន្តែលោកបានជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសន័រវេស។ ប៉ុន្តែមុននឹងទៅរៀននៅបរទេស លោកធ្លាប់បានពន្យាពេលរហូតដល់ទៅ ១ ខែដើម្បីប្រលងបញ្ចប់ថ្នាក់ទី១២ ជាលទ្ធផលលោកទទួលបាននិទ្ទេស C។ ២ឆ្នាំបន្ទាប់ នៅពេលដែលទៅរៀននៅប្រទេសន័រវេស លោកជាមនុស្សម្នាក់ដែលមានអត្តចរិតចូលចិត្តលេងសើចច្រើន តែរៀនឆាប់ចាប់បាន ប៉ុន្តែលោករៀនមិនសូវពូកែទេដោយសារតែលោកឆាប់ភ្លេចពីអ្វីដែលរៀនរួច។ ពេលរៀននៅបរទេសលោកធ្លាប់ជក់នឹងការលេងបាល់ និងការលេងហ្គេមអនឡាញតាមកុំព្យូទ័រយ៉ាងខ្លាំង ដែលវាធ្វើឱ្យការសិក្សារបស់លោកម្ដងឡើងម្ដងចុះ។ ការប្រលងបាក់ឌុបអន្តរជាតិក៏ឈានមកដល់ ប៉ុន្តែជាលទ្ធផលលោកក៏ប្រលងធ្លាក់ ចំពេលដែលលោកទទួលបានអាហារូបករណ៍មួយផ្សេងទៀតទៅសិក្សានៅ សាកលវិទ្យាល័យ MIDDLEBURY COLLEGE សហរដ្ឋអាមេរិកទៅទៀត។

 ដោយសារតែការប្រលងធ្លាក់បាក់ឌុបអន្តរជាតិនាពេលនោះ គឺបានធ្វើឱ្យប៉ះពាល់ដល់អាហារូបករណ៍ទៅសាកលវិទ្យាល័យ MIDDLEBURY COLLEGE សហរដ្ឋអាមេរិកនោះផងដែរ។ គេតម្រូវឱ្យប្រលងតេស្តភាសាអង់គ្លេស SAT ឱ្យជាប់ផងដែរ ដើម្បីអាចទៅបន្តការសិក្សានៅសាលានោះ។ ប៉ុន្តែការធ្វើតេស្ត SAT លើកទី១ លោកបានប្រលងធ្លាក់។ លើកទី២ លោកចង់ប្រលងដែរប៉ុន្តែលោកគ្មានលទ្ធភាពដើម្បីបង់លុយថ្លៃធ្វើតេស្តនេះ លោកក៏ទុកវាចោលមួយរយៈ។ ភាពបរាជ័យនាពេលនោះបានធ្វើឱ្យលោកមានការសោកស្ដាយយ៉ាងខ្លាំង ព្រោះសាលាMIDDLEBURY COLLEGE នេះជាសាលាដែលលោកចង់រៀនខ្លាំងបំផុត។ ក្រោយមកលោកក៏បានប្រលងតេស្តភាសាអង់គ្លេស SAT ម្ដងទៀត ហើយក៏ជាប់សមដូចបំណងប្រាថ្នា។ 

ប៉ុន្តែអ្វីដែលជាឧបសគ្គនោះគឺគាត់បានប្រលងធ្លាក់បាក់ឌុបអន្តរជាតិដែលធ្វើឱ្យលោកមិនអាចទៅរៀននៅ សាកលវិទ្យាល័យ MIDDLEBURY COLLEGE សហរដ្ឋអាមេរិកបានដដែល។ លោកបានសុំអង្វរអ្នកគ្រប់គ្រងសាលាម្នាក់ ហើយព្យាយាមពន្យល់ពីគោលបំណងរបស់លោកដែលចង់រៀននៅសាលានោះ បង្ហាញពីគោលដៅជីវិតរបស់លោកគ្រប់បែបយ៉ាង។ ទីបំផុតគេក៏អនុញ្ញាតឱ្យលោកអាចរៀននៅសាលានៅក្នុងក្ដីស្រមៃរបស់លោក។ ម្យ៉ាងវិញទៀត នៅបរទេស គេឲ្យតម្លៃ ការងារក្នុង និង ក្រៅសាលា ដោយយកវា បូកបញ្ចូលនឹង សម្ថភាពក្នុងថ្នាក់បន្ថែមផងនោះជាហេតុផលមួយ ធ្វើឲ្យលោកមានឱកាស ជាប់ទៅសាលា Middlebury College ។ ពេលទៅដល់ទីនោះលោកក៏រៀនធ្លាក់មុខវិជ្ជាមួយចំនួនផងដែរ ប៉ុន្តែលោកនៅតែតស៊ូខិតខំរៀនសូត្ររហូតដល់អាចបញ្ចាប់បរិញ្ញាបត្រដោយជោគជ័យ។  សូមបញ្ជាក់ផងដែរថាសាលា Middlebury College ជាសកលវិទ្យាល័យ ឯកជន  មួយជាប់លំដាប់ លេខ ៤ ក្នុងប្រទេសអាមេរិក កាលពីឆ្នាំ ២០០៧ ។

តាមរយៈបទពិសោធន៍របស់លោកដែលធ្លាប់ប្រលងធ្លាក់ជាច្រើនដងនេះ គឺគាត់ចង់លើកទឹកចិត្តដល់ប្អូនៗទី ១២ ដែលធ្លាក់បាក់ឌុបថា បើទោះបីជាយើងបរាជ័យយ៉ាងណាក៏ដោយ ដាច់ខាតសូមកុំបោះបង់ការសិក្សាចោលឱ្យសោះ។ ប្អូនៗអាចរៀនបរិញ្ញាបត្ររង ហើយចាំរៀនបន្តយកបរិញ្ញាបត្រ ឬក៏រៀនមួយឆ្នាំទៀត ធ្វើយ៉ាងណាកុំបោះបង់ការសិក្សាចោលឱ្យសោះ ព្រោះនាពេលបច្ចុប្បន្ននេះលោកអាចទទួលបានអ្វីៗជាច្រើនដែលលោកធ្លាប់ស្រមៃចង់បាន គឺដោយសារតែការខិតខំសិក្សាមិនបោះបង់នេះឯង។ សូមកុំបោះបង់ខ្លួនឯងឬមនុស្សជុំវិញខ្លួនចោលឱ្យសោះ ព្រោះតែភាពបរាជ័យមួយពេលនេះ។

អត្ថបទដោយ៖ ឡុង វឌ្ឍនៈ(Leadership Writer)

TEL: 096 35 17 713/ 077 656 051

ម្ចាស់ស្នាដៃសៀវភៅ “ស្មុគស្មាញ” ដែលជាសៀវភៅធ្វើឲ្យអ្នកស្គាល់ច្បាស់ពីខ្លួនឯង កំចាត់ចោលនូវភាពស្មុគស្មាញក្នុងចិត្ត និងបង្កើនគុណភាពជីវិតរបស់អ្នកឲ្យមានភាពសប្បាយរីករាយជាងមុន។

Adtag for Mobile Grow:-
Online

RELATED ARTICLES