ក្រសួងចាត់វិធានការទប់ស្កាត់ការដ្ឋានសំណង់ខុសច្បាប់ដើម្បីធានាអាយុជីវិត និងគុណភាពសំណង់ទូទាំងប្រទេស

សព្វថ្ងៃរដ្ឋាភិបាលកំពុងតែរិះរកគ្រប់វិធានការដើម្បីទប់ស្កាត់រាល់សំណង់ដែលខុសច្បាស់ដើម្បីបញ្ចៀសហានិភ័យដែលបណ្តាលពីការធ្លាក់ ឬបាក់ស្រុតរបស់សំណង់ដែលគ្មានគុណភាពដែលធ្វើឱ្យការបាត់បង់អាយុជីវិតមនុស្ស ទ្រព្យសម្បត្តិ ដូចជាហេតុការរលំបាក់អគារនៅខេត្តព្រះសីហនុ។

បើយោងតាមក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ជម្រាប​ទៅកាន់​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន គ្រប់​រាជធានី​-​ខេត្ត ឱ្យ​អនុវត្ត​វិធានការ​ចាំបាច់​សំដៅ​ទប់ស្កាត់​ការដ្ឋាន​សំណង់​ខុសច្បាប់ ដើម្បី​ធានា​អាយុជីវិត​មនុស្ស​ទ្រព្យសម្បត្តិ សុវត្ថិភាព និង​គុណភាព​សំណង់​ទូទាំងប្រទេស​។​

​​ជាគ្នានេះផងដែរ​ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៩​នេះ​ បាន​ចេញ​លិខិត​មួយ​ច្បាប់​ជម្រាប​ទៅកាន់​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន គ្រប់​រាជធានី​-​ខេត្ត​ទាំ​អស់ ដោយមាន​កម្មវត្ថុ​និយាយ​អំពី វិធានការ​ចាំបាច់​សំដៅ​ទប់ស្កាត់​ការដ្ឋាន​សំណង់​ខុសច្បាប់ ដើម្បី​ធានា​អាយុជីវិត​មនុស្ស ទ្រព្យសម្បត្តិ សុវត្ថិភាព និង​គុណភាព​សំណង់​ទូទាំង​ប្រទេស​។​

​​​លិខិត​របស់​ឯកឧត្ដម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ជម្រាប ប្រធាន​មន្ទីរ​ថា បច្ចុប្បន្ន​នេះ វិស័យ​សំណង់​មានការ​រីកលូតលាស់​យ៉ាង​ឆាប់រហ័ស​គួរ​ឲ្យ​កត់សំគាល់​ជាពិសេស​នៅតាម​ទី​រួម​ខេត្ត ទីរួមស្រុក ទីក្រុង និង​ទីប្រជុំជន​។ ទោះជា​យ៉ាងណាក៏ដោយ ក្រសួង​តែង​សង្កេតឃើញថា មាន​សំណង់​មួយចំនួន មិនមាន​ច្បាប់ និង​លិខិតអនុញ្ញាត​ត្រឹមត្រូវ ចេញ​ដោយ​ក្រសួង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ហើយ​បាន​ត​ភ្ជាប់​ចូល និង​ប្រើប្រាស់​បណ្ដាញ​លូ​សាធារណៈ​របស់​រាជធានី​-​ខេត្ត ដោយ​មិន​មាន​ការ​ត្រួតពិនិត្យ​លក្ខខណ្ឌ​បច្ចេកទេស និង​នីតិវិធី​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ឡើយ​។ 

​​​ឯកឧត្ដម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើង​ជាគោលការណ៍​ផងដែរ​ថា ដើម្បី​រួមចំណែក​ជំរុញ និង​ពង្រឹង​ប្រសិទ្ធភាព​ក្នុងការ​គ្រប់គ្រង​សំណង់​ប្រព័ន្ធ​លូ និង​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ និង​ដើម្បី​អនុវត្ត​នូវ​វិធានការ​ចាំបាច់​សំដៅ​ទប់ស្កាត់ ការដ្ឋាន​សំណង់​ខុសច្បាប់​ធានា​អាយុជីវិត​មនុស្ស ទ្រព្យសម្បត្តិ សុវត្ថិភាព និង​គុណភាព​សំណង់​ទូទាំងប្រទេស ឯកឧត្ដម ទេសរដ្ឋមន្ត្រី បានធ្វើ​ការណែនាំ​ដល់​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន គ្រប់​រាជធានី ខេត្ត​ទាំងអស់​ដូចជា​– មិន​អនុញ្ញាត​ឲ្យ​សំណង់​ទាំងអស់ ដែល​មិនមាន​ច្បាប់ និង​លិខិតអនុញ្ញាត​ត្រឹមត្រូវ​ត​ភ្ជាប់​ចូល និង​ប្រើប្រាស់​បណ្តាញ​លូ​សាធារណៈ​របស់​រាជធានី​-​ខេត្ត ឡើយ​។​– ពង្រឹង​ការតាមដាន និង​ពិនិត្យមើល​ឡើងវិញ នូវ​ការស្នើសុំ​ត​ភ្ជាប់ និង​ប្រើប្រាស់​បណ្តាញ​លូ​សាធារណៈ​។​– សហការ​ជាមួយ​រដ្ឋបាល រាជធានី​-​ខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​មាន​វិធានការ​ចាំបាច់​តាម​នីតិវិធី​ច្បាប់​ដល់​ជន​ដែល​បាន​ត​ភ្ជាប់​ចូល និង​ប្រើប្រាស់​បណ្តាញ​លូ​សាធារណៈ​របស់​រាជធានី​-​ខេត្ត ដោយ​មិនមាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​។​

​ ​ជា​ចុងក្រោយ ឯកឧត្ដម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ណែនាំ​ឱ្យ​ត្រូវ​អប់រំ​ផ្សព្វផ្សាយ ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ ពិសេស​ម្ចាស់​សំណង់​គ្រប់​ប្រភេទ​ទាំងអស់​ឲ្យ​យល់ដឹង​អំពី​នីតិវិធី​ច្បាប់ សម្រាប់​ការស្នើសុំ​ត​ភ្ជាប់ និង​ប្រើប្រាស់​បណ្តាញ​លូ​សាធារណៈ និង​លិខិតបទដ្ឋាន​ពាក់ព័ន្ធ​ក្នុង​វិស័យ​សំណង់​សាធារណការ និង​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ពិសេស​ការស្នើសុំ​ត​ភ្ជាប់ និង​ប្រើប្រាស់​បណ្តាញ​លូ​សាធារណៈ​៕​

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES