





ចំពោះយុវជន និងមនុស្សជាច្រើន គេច្រើនតែធ្វើការដោយរំពឹងចង់បានប្រាក់ខែ រួចពួកគេត្អូញត្អែរថាគ្មានពេលសម្រាប់ខ្លួនឯងជាដើម។ ដូច្នេះ ដើម្បីរំដោះខ្លួនឲ្យផុតពីការធ្វើការឲ្យគេ អ្នកត្រូវបង្កើតអាជីវកម្មដោយខ្លួនឯង ដើម្បីបង្កើតចំណូលសម្រាប់ខ្លួនឯង។ អ្នកត្រូវចេះចាប់យកឳកាសសម្រាប់អាជីវកម្មរបស់ខ្លួនឯង បើទោះបីជាអ្នកកំពុងតែធ្វើការក៏ដោយ។
ប៉ុន្តែការប្រកបអាជីវកម្ម ពិតជាមានហានិភ័យណាស់ ប្រសិនបើអ្នកដោះខ្លួនទាំងស្រុងចេញពីការងារ ដែលតម្រូវឲ្យមានការកសាងគ្រឹះយ៉ាងរឺងមាំជាមុនសិន ទើបអ្នកអាចដោះខ្លួនទាំងស្រុងចេញពីការងារនោះដោយមិនព្រួយបារម្មណ៍។ ហើយបើចង់ឈប់ធ្វើការឲ្យគេហើយចាប់ផ្ដើមចេញរកស៊ីឬវិនិយោគ មិនមែនចេះតែធ្វើតាមការនឹកឃើញនោះទេ ពោលគឺអ្នកត្រូវត្រៀមខ្លួននិងសំលៀងសមត្ថភាពរបស់ខ្លួនឲ្យមុតស្រួចសិន ទើបអាចដើរចេញពីច្រវ៉ាក់ប្រាក់ខែដោយគ្មានខ្លាចហានិភ័យ។
ទាក់ទិននឹងការដើរចេញពីច្រវ៉ាក់ប្រាក់ខែ ហើយចេញរកស៊ីឬវិនិយោគនេះ Business Cambodia សូមលើកយកច្រកចេញដែលយុវជនគួរធ្វើ ដើម្បីដោះខ្លួនពីច្រវ៉ាក់ប្រាក់ខែ នឹងអាចចេញរកស៊ីបានដោយខ្លូនឯងបាន៖
១. សន្សំដើមទុន
ជាការពិតណាស់ដើម្បីដើរចេញពីប្រាក់ខែទៅចាប់ផ្ដើមអាជីវកម្មឬវិនិយោគ អ្នកត្រូវចាំបាច់មានដើមទុន។ ត្រង់នេះដែរដើម្បីចេញរកស៊ីបានអ្នកត្រូវត្រៀមកញ្ចប់លុយថា តើអ្នកត្រូវមានដើមទុនប៉ុន្មានទើបអាចចេញរកស៊ីឬវិនិយោគបាន? ដូច្នេះអ្នកត្រូវចាប់ផ្ដើមសន្សំដើមទុនជាបណ្ដើរៗ នោះក្នុងរយៈពេលខាងមុខទើបអ្នកអាចចេញរកស៊ីឬវិនិយោគបានហើយ។
២. សំលៀងសមត្ថភាព
បច្ចុប្បន្នពេលវេលាហាក់ដូចជាដើរលឿនណាស់ ដូច្នេះដើម្បីសម្រេចគោលដៅឈប់ធ្វើឲ្យការគេ ហើយចេញរកស៊ីនៅពេលខាងមុខអ្នកត្រូវ ដុសខាត់សមត្ថភាពរបស់ខ្លួនឲ្យបានខ្លាំងក្លាបំផុតតាមដែលអាចធ្វើបាន។ ត្រង់ចំណុចនេះដែរ អ្វីដែលអ្នកត្រូវធ្វើគឺសិក្សារៀនសូត្រពីការរកស៊ី និងវិនិយោគឲ្យបានច្បាស់លាសជាមុនសិនទើបអាចដើរចេញពីការងារបាន។ ជាឧទាហរណ៍ អ្នកខ្លះគាត់ធ្វើការក្នុងវិស័យអចលនទ្រព្យ ហើយនៅពេលដែលកំពុងធ្វើការឲ្យគេ គាត់បានសន្សំជំនាញក៏ដូចជាសិក្សាស្វែងយល់ពីការរកស៊ីឬវិនិយោគ រហូតគាត់អាចចេញរកស៊ីនិងវិនិយោគបាន។
ជារួម ដើម្បីអាចសម្រេចគោលដៅ ពីការឈប់ធ្វើការឲ្យគេ ហើយអាចរកស៊ីឬវិនិយោគបានអ្នកត្រូវផ្ដោតទៅលើចំណុចសំខាន់ទាំង២ខាងលើគឺ សន្សំដើមទុន និងសំលៀងសមត្ថភាពខ្លួនឯងនេះឯង៕
អត្ថបទដោយ៖ សេងហ៊ាង